website_news:2019310103

អ្នកផលិតវីដេអូ«ម្តាយខ្ញុំលក់ខ្ញុំ»ស្អែកនេះសាលាឧទ្ធរណ៍ចាត់ការហើយ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៩ម៉ោង ១៥:៤៨ស.សុខុម (អ៊ាង ម៉េងឡេង)

រាជធានីភ្នំពេញ ក្រុមប្រឹក្សាជំនុំជម្រះនៃសភាស៊ើបសួរសាលាឧទ្ធរណ៍ដែលដឹកនាំដោយលោកចៅក្រម សួស សំអាត នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះបានបើកសវនាការជាអសាធារណៈលើបណ្តឹងសុំនៅក្រៅឃុំរបស់ប្រធានសហជីពកម្មករសំណង់ពាក់ព័ន្ធការផលិតវីដេអូរឿងម្ដាយខ្ញុំលក់ខ្ញុំ ។

សវនាការនេះបានបញ្ចប់នៅវេលាម៉ោង១០និង៤៥នាទី និងប្រកាសសាលដីកានៅព្រឹកស្អែកថ្ងៃទី៣១ ខែមករានេះ ។ ខណៈពេលដែលតុលាការកំពុងបើកសវនាការមានក្រុមគ្រួសារសាច់ញាតិរបស់ជនសង្ស័យបានមកតវ៉ា ដោយបានលើកបដាដែលសរសេរថា«ដោះលែងមុន្នី» និងមានកាន់រូបថតរបស់ជនសង្ស័យចំនួន២សន្លឹកផង ។ កាលពីថ្មីៗក្រុមគ្រួសារជនសង្ស័យបាននាំគ្នាទៅតវាសុំអន្តរាគមន៍នៅមុខស្ថានទូតរុស្ស៊ី និងនៅមុខសាលាដំបូងរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណជាង១០នាក់ ។

គួររំលឹកផងដែលថា កាលពីវេលាម៉ោងប្រមាណជិត៧យប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនជនជាប់ចោទម្នាក់ដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទញុះញង់អោយមានការរើសអើងតាមបញ្ញត្តិមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌពាក់ពន្ធករណីផលិតខ្សែវីដេអូរឿង (ម្តាយខ្ញុំលក់ខ្ញុំ) ។

សមត្ថកិច្ចបញ្ជាក់ថា ជនជាប់ចោទមានឈ្មោះ រ៉ាត់ រ័ត្នមុនី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាប្រធានសហជីពកម្មករសំណង់ដែលមានមូលដ្ឋាននៅប្រទេសថៃមានទីលំផ្ទះជួលម្តុំវត្តអង្គតាម៉ិញ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅភូមិឆាយរំពាត់ ឃុំកន្ទី ស្រុកបាណន់ ខេត្តបាត់ដំបង ។ ក្នុងសំណុំរឿងនេះដើមបណ្តឹងជានាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ ៕

website_news/2019310103.txt · Last modified: 2019/01/31 14:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki