website_news:2019310107

ថ្ងៃតែមួយ ថៃបញ្ជូនសពពលករ២នាក់មកស្រុកកំណើតវិញ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៩ម៉ោង ១៧:០៥ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ សពពលករខ្មែរ២នាក់ត្រូវភាគីថៃធ្វើការបញ្ជូនត្រឡប់មកវិញកាលពីវេលារសៀលក្នុងថ្ងៃតែមួយ (ថ្ងៃទី៣០ មករា ២០១៩) តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោយជនរងគ្រោះទាំង២នាក់ស្លាប់ដោយសារជម្ងឺគាំងបេះដូងដូចគ្នា ប៉ុន្តែក្នុងខេត្តផ្សេងគ្នា គឺខេត្តសាមុទ្រប្រាកាន និងខេត្តណាខនណាយុគ។

ករណីនៅខេត្តសាមុទ្រប្រាកាន បានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៩ មករា ២០១៩ ដោយជនរងគ្រោះឈ្មោះឈន នឿត ហៅយី ភេទប្រុស អាយុ៤២ឆ្នាំ ជាកម្មកររោងចក្រដែកនៅក្នុងខេត្តសាមុទ្រប្រាកាន និងមានទីលំនៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ដោយឡែកករណីមួយទៀតនៅខេត្តណាខនណាយុគ បានកើតឡើងកាលពីវេលាទៀបភ្លឺឈានចូលព្រឹកថ្ងៃទី៣០ មករា ២០១៩ ជនរងគ្រោះឈ្មោះរ៉ាន់ រ៉ាត់ ភេទប្រុស អាយុ៣៧ឆ្នាំ ជាកម្មករសំណង់នៅខេត្តណាខនណាយុគប្រទេសថៃ និងមានទីលំនៅភូមិព្រៃស្វាយ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះទាំង២នាក់បានប្រាប់ថា ជនរងគ្រោះស្លាប់ដោយសារជំងឺគាំងបេះដូង។ សពជនរងគ្រោះម្នាក់ត្រូវបានសាច់ញាតិជួលរថយន្តដឹកបន្តទៅលំនៅដ្ឋាន រីឯសពជនរងគ្រោះម្នាក់ទៀតត្រូវបានសាច់ញាត់ដឹកតាមរ៉ឺម៉កម៉ូតូកង់បីទៅធ្វើបុណ្យនៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ផ្ទះសាច់ញាតិ)៕

website_news/2019310107.txt · Last modified: 2019/01/31 14:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki