website_news:2019310108

ថៃថាកំណើនសេដ្ឋកិច្ចខ្លួន បានមកពីកម្លាំងពលកម្មរបស់ពលករបរទេសនៃប្រទេសជិតខាង

http://www.wmc.org.kh/ ថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩ នួន បូរិន

ក្នុងឆ្នាំ២០១៩នេះ របាយការណ៍អន្ដោប្រវេសន៍ថៃ ប៉ាន់ប្រមាណថាមានពលករមកពីប្រទេសជិតខាងជិត៥លាននាក់ ដែលមានអ្នកកាន់កាប់ឯកសារស្របច្បាប់រួមទាំងខុសច្បាប់ពីបួនប្រទេស កម្ពុជា ឡាវ វៀតណាម និង មីយ៉ាន់ម៉ា ជិត៤លាននាក់។ ពី កាសែត The Nation ឬ ប្រជាជាតិថៃ បានរៀបរាប់សរសើរពីកំណើនសេដ្ឋកិច្ចប្រទេសខ្លួនតាមរយៈវិភាគទាននៃពលករចំណាកស្រុក បំពេញកង្វះពលកម្មក្នុងប្រទេសដែលពួកគេមក ពីប្រទេសបួននៅក្នុងព្រំដែនអាស៊ីអាគ្នេយ៍ជាមួយគ្នា រួមមានកម្ពុជា វៀតណាម ឡាវនិង មីយ៉ាន់ម៉ា។

ថៃថា ភាគរយនៃកម្លាំងពលកម្មសរុបបង្កើតបានជាង១០ភាគរយ ហើយប្រមាណជា ៤,3 ទៅ ៦,៦ភាគរយបានមកពីកម្លាំងពលករមកពីបរទេសមកធ្វើការនៅទីនេះ គឺជួយដល់ផលិតផលជាតិក្នុងស្រុកថៃ។ តែយ៉ាងណា កាសែតនោះអះអាងថា ក៏មានពលករមិនតិចដែរ ដែលជួបការលំបាក និងរងគ្រោះរំលោភបំពាន ទោះការគ្រប់គ្រងស្ថានភាពជនអន្ដោប្រវេសន៍នៅប្រទេសនេះមានភាពរីកចម្រើនច្រើនបើធៀបនឹងឆ្នាំ២០១៤។ ជាមួយគ្នានេះដែរមន្ត្រីជាន់ខ្ពស់អង្គការសម្ព័នសិទ្ធិពលករ និងការងារកម្ពុជា ហៅកាត់ថា សង់ត្រាល់ បានប្រាប់ The Nation ថា ប្រមាណ២០ភាគរយនៃពលករកម្ពុជាចំណាកប្រទេស ជិត ១លាន៧សែននាក់ ទៅ២លាននាក់ ហើយពួកគាត់មួយចំនួនពុំមានលិខិតកាន់កាប់ស្របច្បាប់នោះទេ ហើយជាបញ្ហាប្រឈមសម្រាប់ពួកគេ នៅថ្ងៃណាមួយ ។ ក្នុងនោះពលករច្រើនទៀតពិបាកក្នុងការប្រាស្រ័យទាក់ទងនិយោជក ក្នុងភាសាថៃ សេវាកម្មថៃ ពេទ្យ សាលារៀន រីកូនៗរបស់ពួកគេមិនអាចចូលសាលារដ្ឋបាន ។ ឯពលករខ្លះទៀតត្រូវបានចាប់ខ្លួនដោយការបន្លំប៉ះស្ព័រ ខ្លះទៀតត្រូវថៅកែបោកប្រើដោយមិនឱ្យប្រាក់ឈ្នួលថែមទាំងហៅប៉ូលីសមកចាប់ទៀត ជាពិសេសលោកព្រួយបារម្ភទៅនឹងកម្មករនេសាទត្រី និង កម្មករសមណង់ដែលពួកគេខ្លះបង្ខំចិត្តជក់ថ្នាំយកកម្លាំងធ្វើការដោយឥតមានទទួលប្រាក់ថ្ងៃ ឬ ខែអ្វីសោះ តែលោកបានបញ្ជាក់ទៀតថា ក្រុមហ៊ុន ឬ រោងចក្រធំៗមិនបង្កជាផលវិបាកដល់ពលករកម្ពុជាច្រើននោះទេ។

រដ្ឋមន្រ្ដីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ឆ្លើយតបថា រដ្ឋាភិបាលកំពុងធ្វើការរឿងនេះដើម្បីឱ្យពលរដ្ឋចំណាកស្រុកទាំងអស់ជាង១លាននាក់១០០ភាគរយទៅធ្វើការស្របច្បាប់ តែខ្លាចតែកម្មករទាំងនោះបំពានច្បាប់ពលកម្មថៃពេលធ្វើការក៏មិនអាចកំណត់បាន។ ផលិតផលជាតិក្នុងស្រុកថៃ ក្នុងឆ្នាំ២០១៧ មានចំនួន ៤៥៥ពាន់លានដុល្លារដែលប្រជាជនម្នាក់រស់នៅសមរម្យគឺ ៦ពាន់៥រយដុល្លារ និងមានសន្ទុះកំណើនសេដ្ឋកិច្ច4.1 ភាគរយក្នុងឆ្នាំ២០១៨៕

website_news/2019310108.txt · Last modified: 2019/01/31 14:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki