website_news:2019310502

ជម្រះក្តីស្ត្រីជាប់ចោទនាំនារីទៅរៀបការនៅចិន តែមេធាវីថាកូនក្តីខ្លួនគ្រាន់តែផ្តល់ព័ត៌មាន

https://m.postkhmer.com/ 30 May 2019 | 09:00 ICT គឹម សារុំ

ភ្នំពេញៈ តុលាការកំពូលពីម្សិលមិញបានជំនុំជម្រះស្រ្តីជាប់ចោទម្នាក់ពាក់ព័ន្ធនាំនារីខ្មែរ ២ នាក់ ទៅរៀបការប្តីនៅប្រទេស ចិន ដែលប្រព្រឹត្តនៅខេត្តបន្ទាយមានជ័យកាលពីឆ្នាំ ២០១៥ ដែលស្រ្តីជាប់ចោទត្រូវសាលាដំបូងខេត្តនេះផ្តន្ទាទោសដាក់ពន្ធនាគារ ១៥ ឆ្នាំ ប៉ុន្តែមេធាវីការពារស្ត្រីជាប់ចោទថា កូនក្តីខ្លួនមិនបាននាំទៅរៀបការទេ គ្រាន់តែបានផ្តល់ព័ត៌មានសម្រាប់ជនរងគ្រោះប៉ុណ្ណោះ។

នៅក្នុងបន្ទប់សវនាការពីម្សិលមិញស្រ្តីជាប់ចោទឈ្មោះ ជិន ពន្លឺ ហៅ នន អាយុ ៣៣ឆ្នាំ បានប្រាប់ចៅក្រមថាប្រការដែលនាំឲ្យគាត់ជាប់ពាក់ព័ន្ធក្នុងរឿងនេះ មុនដំបូងមានស្រ្តីម្នាក់ឈ្មោះ សាន មកអង្គុយលេងនៅផ្ទះរបស់គាត់។ខណៈនោះបងថ្លៃជីដូនមួយរបស់គាត់បានទូរស័ព្ទមកពីប្រទេស ចិន ក្នុងន័យសួរសុខទុក្ខគាត់។ ពេលនោះស្រ្តីឈ្មោះ សាន បាននិយាយថា បើមានបងប្អូននៅប្រទេស ចិន ជួយកូនស្រីរបស់ស្ត្រីឈ្មោះភាព ២ នាក់ ឲ្យបានទៅធ្វើការនៅប្រទេស ចិន ផងទៅ។ ស្រ្តីជាប់ចោទប្រាប់ចៅក្រមថា៖ «ខ្ញុំប្រាប់មីង សាន ថា នៅស្រុកចិនគេមិនយកមនុស្សធ្វើការទេ ហើយបើចង់ដឹងច្បាស់យ៉ាងម៉េចខ្ញុំឲ្យលេខទូរស័ព្ទបងរបស់ខ្ញុំ»។ ស្រ្តីជាប់ចោទបន្តថា បន្ទាប់ពីគាត់ឲ្យលេខទូរស័ព្ទទៅស្រ្តីឈ្មោះ សាន ហើយ ពួកគេក៏ទំនាក់ទំនងគ្នាជាមួយបងស្រីជីដូនមួយគាត់នៅប្រទេស ចិន។ ពេលនោះស្រ្តីឈ្មោះ ភាព ដែលជាម្តាយរបស់នារីរងគ្រោះឈ្មោះ ប៉ាង ស្រីពៅ អាយុ ១៧ ឆ្នាំ និងឈ្មោះ ប៉ាង ណារី អាយុ ២៦ ឆ្នាំ បានឲ្យគាត់ជូនមករាជធានីភ្នំពេញដើម្បីធ្វើលិខិតឆ្លងដែន។ ប៉ុន្តែមន្រ្តីធ្វើលិខិតឆ្លងដែនមិនធ្វើឲ្យទេ ព្រោះពួកគេទាំង ២ នាក់ ធ្លាប់ធ្វើលិខិតឆ្លងដែនម្តងរួចទៅហើយ (ធ្លាប់ទៅធ្វើការនៅប្រទេស ម៉ាឡេស៊ី) ហើយស្ត្រីឈ្មោះ ភាព បានទាក់ទងបងស្រីជីដូនមួយរបស់គាត់នៅប្រទេសចិនប្រាប់ឲ្យគាត់និងម្តាយនារីរងគ្រោះនាំពួកគេធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីជិះយន្តហោះទៅប្រទេស ចិន។

ស្រ្តីជាប់ចោទបន្តថា៖ «មុនសម្រេចចិត្តទៅប្រទេសចិននារីរងគ្រោះបានឆាតទូរស័ព្ទឃើញមុខគ្នាជាមួយបុរសជនជាតិចិនរួចហើយបានពួកគេទៅ។ ខ្ញុំសូមតុលាការដោះលែងខ្ញុំវិញព្រោះខ្ញុំមានជំងឺមហារីកក ហើយមានកូនតូច ៤ នាក់ផង»។ ស្រ្តីជាប់ចោទបញ្ជាក់ថា នារីរងគ្រោះជាប្អូនទៅប្រទេសចិនបាន ១០ ខែ ក្នុងឆ្នាំ ២០១៦ ក៏មកប្រទេសកម្ពុជាវិញ ហើយពេលនោះស្ត្រីឈ្មោះភាព ដែលជាម្តាយនារីរងគ្រោះគ្មានលុយធ្វើដំណើរមកទទួលយកកូនក៏ប្រាប់ទៅអង្គការមួយនៅក្នុងឃុំឲ្យជួយមកទទួលនារីរងគ្រោះហើយពេលមកដល់ផ្ទះស្រាប់តែអង្គការនោះប្តឹងគាត់តែម្តង។ ឯស្រ្តីឈ្មោះសាន ក៏បានទទួលលុយ ២ ពាន់ដុល្លារដែរ តែគាត់ (ស្រ្តីជាប់ចោទ) មិនបានលុយក្នុងរឿងនេះទេ។ ស្រ្តីជាប់ចោទថា គាត់ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យប្រកាសសាលក្រមនៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៧ ផ្តន្ទាទោស ១៥ ឆ្នាំ និងសងទៅនារីរងគ្រោះម្នាក់ ៥ លានរៀល។ បន្ទាប់មកគាត់ប្តឹងមកសាលាឧទ្ធរណ៍ហើយក៏ត្រូវសាលាឧទ្ធរណ៍ប្រកាសសាលដីកានៅថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៨ តម្កល់ទោស ១៥ ឆ្នាំដដែល។ លោកព្រះរាជអាជ្ញា ជុំ សំបាន តំណាងមហាអយ្យការសន្និដ្ឋានថាតាមចម្លើយរបស់នារីរងគ្រោះកាលពីនៅដំណាក់កាលនគរបាលយុត្តិធម៌ថា ស្រ្តីជាប់ចោទបានទទួលលុយចំនួន ២ ពាន់ដុល្លារ ពីបងស្រីរបស់គាត់នៅប្រទេស ចិននិងលុយ ៣០០ ដុល្លារ ឲ្យគាត់ព្យាបាលសុខភាព។ ឯស្រ្តីជាប់ចោទក៏ទទួលស្គាល់កាលពីនៅតុលាការថ្នាក់ក្រោមដែរ។ លោកថា៖ «ដូច្នេះគួរក្រុមប្រឹក្សាជំនុំជម្រះពិនិត្យលើចម្លើយរបស់គាត់ទៅតាមច្បាប់»។

ទោះយ៉ាងណាលោកស្រី លុយ សុធី មេធាវីការពារសិទ្ធិឲ្យស្រ្តីជាប់ចោទសន្និដ្ឋានថាកូនក្តីរបស់លោកស្រីគ្រាន់តែផ្តល់ព័ត៌មានឲ្យម្តាយនារីរងគ្រោះប៉ុណ្ណោះ។ ជាមួយគ្នានេះនារីរងគ្រោះនិងបុរសជនជាតិចិននោះក៏ធ្លាប់បាននិយាយឃើញមុខគ្នាផង។ លោកស្រីមេធាវីថា៖ «កូនក្តីរបស់ខ្ញុំមិនបានប្រគល់នារីរងគ្រោះទៅឲ្យនរណាម្នាក់ទេហើយពេលទៅដល់ប្រទេស ចិន នារីរងគ្រោះក៏បានប្រាប់មកម្តាយថាពួកគេបានប្តីចិនទៀតផង។ ចុះហេតុអ្វីមិនប្តឹងពីពេលនោះមក។ ខ្ញុំសូមតុលាការដោះលែងកូនក្តីខ្ញុំវិញផង»។ ក្រោយជំនុំជម្រះលោកចៅក្រម គង់ ស្រុីម ថ្លែងថាសាលដីកានេះនឹងប្រកាសនៅ ថ្ងៃទី ៥ ខែ មិថុនា៕

website_news/2019310502.txt · Last modified: 2019/05/31 13:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki