website_news:2019310503

កម្លាំងការពារព្រំដែនកម្ពុជានិងថៃសហការទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 31/05/2019

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងទាហានឈុតខ្មៅថៃ១ក្រុមនៃកងអនុសេនាធំលេខ១២.០៦ ឈរជើងនៅជួរមុខខ្សែ បន្ទាត់ព្រំដែនស្ថិតក្នុងភូមិសាស្ត្រភូមិបាណូនសាវអេ ឃុំផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវប្រទេសថៃ បានអញ្ជើញចូលមកសំណេះសំណាលនិងពិភាក្សាជាមួយកងកម្លាំងនគរបាលការពារព្រំដែន កម្ពុជា នៅចំណុចប៉ុស្ថិ៍ដើមត្រសេក នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ស្ថិតនៅចំណុច ភូមិបឹងរាំង ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីសហការគ្នាចាត់វិធានការបង្ការទប់ ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទខុសច្បាប់។

គ្រាដែលមានសេចក្តីរាយការណ៍ឱ្យដឹងថា កងកម្លាំង ជួរមុខរវាងកម្ពុជា-ថៃ ដែលមានឈរជើងនៅក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងភូមិសាស្ត្រស្រុអារញ្ញ ខេត្តស្រះកែវ កន្លងមកបានសហការគ្នាហើយបង្ក្រាបបទល្មើសឆ្លងដែនជួញដូរអាវុធខុសច្បាប់និងបទល្មើសឆ្លងដែនមួយចំនួនទៀតផងដែរ។កិច្ចសំណេះសំណាលបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ក្រោមការដឹកនាំដោយ នាយប៉ុស្ថិ៍នគរបាលការពារព្រំដែនដើមត្រសេកនៃវរៈសេនាតូច៨១៥លោកអនុសេនីយ៍ឯកណុប អឿន ចំណែកទាហានឈុតខ្មៅថៃដឹកនាំដោយលោកអនុសេនីយ៍ទោ អាត់ដួង ភីឡា មេបញ្ជាការនៃកងអនុសេនាធំលេខ១២.០៦។

ក្នុងកិច្ចពិភាក្សានោះផងដែរកងកម្លាំងជួរមុខការពារព្រំដែនទាំង២ ក៏បានជម្រុញការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទៅវិញទៅមកឱ្យកាន់តែស្និតស្នាលរឹងមាំ និងមានបញ្ហាអ្វីកើតឡើងនៅតាមបន្ទាត់ព្រំដែនត្រូវជូនដំណឹងគ្នាដើម្បីពិភាក្សាដោះស្រាយឈរលើស្មារតីយោគយល់បញ្ចៀសបញ្ហាប្រឈមមុខតានតឹងដាក់គ្នា។

សេចក្តីរាយការណ៍ឱ្យដឹងទៀតថា ពាក់ព័ន្ធនិងកងកម្លាំងជួរមុខរវាងកម្ពុជានិងថៃក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងភូមិសាស្ត្រស្រុកអារញ្ញ ខេត្តស្រះកែវ កន្លងមករហូតដល់បច្ចុប្បន្នបានទំនាក់ទំនងគ្នាបានល្អ មិនតែប៉ុណ្ណោះបានសម្របសម្រួលឱ្យប្រជាជននៃប្រទេសទាំង២ធ្វើដំណើរឆ្លងដែនប្រកបមុខរបររកស៊ីនិងធ្វើការងារបានល្អផងដែរ៕

website_news/2019310503.txt · Last modified: 2019/05/31 13:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki