website_news:2019310505

តុលាការ បើកសវនាការសំណុំរឿងការផលិតភាពយន្តរឿង «ម្តាយខ្ញុំលក់ខ្ញុំ»

https://www.postkhmer.com/ គឹម សារុំ | Publication date 31 May 2019 | 09:13 ICT

ភ្នំពេញៈ សាលាដំបូងរាជធានីកាលពីម្សិលមិញ បានបើកសវនាការជំនុំជម្រះសំណុំរឿងលោក រ៉ាត់ រ័ត្នមុនី ពាក់ព័ន្ធករណីថតភាពយន្តឯកសារដ៏ចម្រូងចម្រាសរឿង «ម្តាយខ្ញុំលក់ខ្ញុំ» ដែលត្រូវបានដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៥ នាក់ទាមទារសំណងជំងឺចិត្តម្នាក់ៗពី ៥ ពាន់ទៅ ១ ម៉ឺនដុល្លារ ខណៈដែលជននេះអះអាងថា ខ្លួនគ្រាន់តែជាអ្នកបកប្រែភាសាឲ្យជនបរទេសប៉ុណ្ណោះ។

ក្នុងសវនាការជំនុំជម្រះដែលមានសមាសភាពលោកចៅក្រម កូយ សៅ និងមានលោកព្រះរាជអាជ្ញារង វង្ស ប៊ុនវិសុទ្ធ ជាតំណាងមហាអយ្យការ ដែលអវត្តមានជនរងគ្រោះ ដែលជាដើមបណ្តឹងរដ្ឋប្បវេណីផងនោះបានប្រាប់ជនត្រូវចោទលោក រ៉ាត់ រ័ត្នមុនីថា ផ្តើមឲ្យមានការចោទប្រកាន់មកលើលោក រ៉ាត់ រ័ត្នមុនី នេះឡើង គឺដោយសារមានការផ្សព្វផ្សាយតាមគណនីយហ្វេសប៊ុកចំនួន ២ ដែល និយាយពីស្រ្តីកម្ពុជា យកកូនស្រីទៅលក់ព្រហ្មចារីយ៍ ហើយសមត្ថកិច្ចកម្ពុជាបានស្រាវជ្រាវផ្តល់ព័ត៌មាន ដល់អាជ្ញាធរថៃ ក៏បានចាប់ខ្លួនលោក រ៉ាត់ រ័ត្នមុនី បញ្ជូនមកកម្ពុជាវិញ។ លោក កូយ សៅ ថា៖ «ការបង្ហោះវីដេអូឃ្លីបនោះ ជាការផ្សព្វផ្សាយពាណិជ្ជកម្ម និងជាការមាក់ងាយដល់ស្រ្តីខ្មែរ។ នេះជាមូលហេតុនៃការចោទប្រកាន់ និងនាំឲ្យមានការចាប់ខ្លួនលោក រ៉ាត់ រ័ត្នមុនី»។ លោកបានបន្តថា មុននឹងដំណើរការថតវីដេអូនោះ ជនត្រូវចោទ រ័ត្នមុនី បានរត់ការធ្វើលិខិតសុំការអនុញ្ញាត ពីក្រសួងព័ត៌មាន ដោយប្រាប់ថា សុំផលិតខ្សែវីដេអូស្តីពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ក្រោយរបបខ្មែរក្រហម ហើយក្រសួងព័ត៌មាន ក៏បានយល់ព្រម និងសុំទីតាំងថតមានខេត្តសៀមរាប ព្រះសីហនុ ភ្នំពេញ ហើយខាងក្រសួង ក៏បានជូនដំណឹងដល់សាមីខេត្តទាំងនោះផងដែរ។ ប៉ុន្តែដល់ពេលផលិតឃ្លីបវីដេអូទៅជារឿងផ្សេងទៅវិញ។

ដោយសារតែអវត្តមានជនរងគ្រោះផង លោកចៅក្រម កូយ សៅ បានអានចម្លើយរបស់ជនរងគ្រោះថា នៅក្នុងសំណុំរឿងនេះ ស្រ្តីជាជនរងគ្រោះមានឈ្មោះ ឃៀង ស្រីម៉ុច, លឹម ស្រីទី, អៀក សាលិន, កែវ ម៉ាឡៃ និងឈ្មោះ អ៊ុន ស្រីពេជ្រ បាននិយាយប្រហាក់ប្រហែលគ្នាថា ពួកគេត្រូវបានឈ្មោះ រ័ត្នមុនី ជាអ្នកលួងលោមឲ្យថតជាវីដេអូ ដោយប្រាប់ថា វីដេអូនិយាយរៀបរាប់ពីខ្សែជីវិតគ្រួសារក្រីក្រនៅកម្ពុជា ដើម្បីឲ្យជនជាតិរុស្ស៊ីយកទៅផ្សព្វផ្សាយក្នុងប្រទេសរបស់គេ។ លោកចៅក្រម បានអានកំណត់ហេតុបន្តថា ក្នុងការលួងលោមនោះ រ័ត្នមុនី បានសន្យាជាមួយស្រ្តីរងគ្រោះថានឹងជួយដោះស្រាយដីបឹងកក់ឲ្យ ប្រសិនបើយល់ព្រមថតវីដេអូឃ្លីបឲ្យជនជាតិរុស្ស៊ី ហើយអ្នកខ្លះទៀតសន្យាថា នឹងផ្តល់ទុនដើម្បីឲ្យបើកហាងអ៊ុតសក់ដើម្បីប្រកបរបរកស៊ីចិញ្ចឹមជីវិត។ លោកថា៖ «កាលពីនៅចៅក្រមស៊ើបសួរ យុវតីម្នាក់រៀននៅថ្នាក់ទី ១១ នៅសាលាឥន្ទ្រទេវី ថា ប្រសិនបើយកនាងទៅថតកាឡៃជារឿងផ្សេង នាងមិនថតទេ ព្រោះឥឡូវនេះ គ្រួសារនាងពិសេសនាងខ្មាសគេពេញសាលារៀន»។

ប៉ុន្តែលោក រ័ត្នមុនី បានថ្លែងនៅក្នុងសវនាការថា លោកគ្រាន់តែជាអ្នកបកប្រែភាសាឲ្យជនជាតិរុស្ស៊ី ដែលជាអ្នកផលិតភាពយន្តឯកសារនេះតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា៖ «ចំពោះការចោទប្រកាន់ពីការលួងលោមក្មេងស្រីអី ខ្ញុំអត់បានធ្វើទេ អត់ទេ ខ្ញុំគ្រាន់តែជាអ្នកបកប្រែភាសាទេ»។ ជាមួយគ្នានេះ លោក ឡោ ជុនធី និងលោក សំ ទិត្យសីហា ជាមេធាវីការពារសិទ្ធិឲ្យលោក រ័ត្នមុនី បានប្រាប់ចៅក្រមថាការជំនុំជម្រះនេះ គឺដើម្បីស្វែងរកការពិត ដល់ភាគីទាំងសងខាង ប៉ុន្តែពេលនេះអវត្តមានជនរងគ្រោះទាំងអស់ដូច្នេះដើម្បីមានការកាត់ក្តីឲ្យបានត្រឹមត្រូវមួយ ត្រូវតែមានវត្តមានជនរងគ្រោះ។ លោក ជុនធី ថ្លែងថា៖ «ខ្ញុំស្នើសុំដល់តុលាការ ឲ្យកោះហៅជនរងគ្រោះមកចោទឆ្លើយតទល់គ្នាដើម្បីឲ្យដឹងច្បាស់លាស់»។ ដោយសារតែមានការទាមទារពីមេធាវីរបស់ជនត្រូវចោទលោកចៅក្រមបានលើកពេលបើកសវនាការទៅថ្ងៃទី ១២ ខែ មិថុនា បន្តទៀត។

អ្នកស្រី ឡុង គឹមហ៊ាង ដែលជាភរិយាលោក រ័ត្នមុនី បានថ្លែងនៅសាលាឧទ្ធរណ៍កាលពីពេលកន្លងមកថា ទាក់ទងនឹងរឿង «ម្តាយខ្ញុំលក់ខ្ញុំ» ត្រូវអ្នកផលិតភាពយន្តនៅប្រទេស រុស្ស៊ី យកខ្សែភាពយន្តនោះទៅបញ្ចាំងតាមផ្កាយរណបហើយត្រូវបកប្រែប្រមាណ ១០ ភាសាហើយបន្ទាប់មកអ្នកនៅកម្ពុជា បាននាំគ្នាចែករំលែកបន្តទើបនាំឲ្យភាពយន្តនេះល្បី។ អ្នកស្រីថា៖ «ខ្ញុំនិងប្តីបន្ទាប់ពីមើលឃើញចំណងជើងភាពយន្តនេះ ក៏បារម្ភនិងគិតថា អាចនឹងមានបញ្ហា ហើយបានទូរស័ព្ទប្រាប់អ្នកផលិតភាពយន្តនោះ ហើយត្រូវគេប្រាប់ថា បើមានបញ្ហា គេនឹងផ្តល់មេធាវី ដើម្បីជួយផ្នែកផ្លូវច្បាប់។ ប៉ុន្តែក្រោយពីប្តីខ្ញុំត្រូវបានចាប់ខ្លួនខាងអ្នកផលិតភាពយន្ត មិនបានផ្តល់មេធាវីឲ្យទេ ព្រោះថា យើងរកមេធាវីបាននៅក្នុងប្រទេសហើយ»។ អ្នកស្រីរំឭកថា នៅមុនខែ ធ្នូ ឆ្នាំ ២០១៨ អ្នកស្រី និងប្តីបានទៅប្រទេសថៃ ក្នុងបំណងពិនិត្យមើលពីស្ថានភាពរស់នៅរបស់កម្មករខ្មែរនៅទីនោះ ដើម្បីថតភាពយន្តនិយាយអំពីជីវិតកម្មករខ្មែរធ្វើការនៅថៃ។ គាប់ជួនពេលនោះក៏មានមិត្តភក្ដិប្តីអ្នកស្រីម្នាក់ នៅប្រទេស នូវែលសេឡង់ បានអញ្ជើញប្តីអ្នកស្រីទៅចូលរួមបុណ្យគ្រិស្តស្មាស់នៅប្រទេសនោះ។ ប៉ុន្តែនៅថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០១៨ ខណៈអ្នកស្រី និងប្តីទៅសុំទិដ្ឋាការនៅស្ថានទូតនូវែលសេឡង់ក្នុងក្រុងបាងកកក៏ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនប្តីអ្នកស្រីតែម្តង បន្ទាប់មកក៏បញ្ជូនមកកម្ពុជា៕

website_news/2019310505.txt · Last modified: 2019/05/31 14:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki