website_news:2019310702

ជន ៣ នាក់ ត្រូវបញ្ជូនទៅតុលាការករណីបើកម៉ាស្សាបង្កប់សេវាផ្លូវភេទ

https://www.postkhmer.com/ គឹម សារុំ | Publication date 31 July 2019 | 08:10 ICT

ភ្នំពេញៈ នគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នឹងបញ្ជូនជនសង្ស័យប្រុសស្រី ៣ នាក់ ពាក់ព័ន្ធការបើកសេវាកម្មផ្លូវភេទទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ៣១ កក្កដា នេះ ខណៈនារីរងគ្រោះ ៤ នាក់ ត្រូវប្រគល់ទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញបន្ទាប់ពីចាប់ខ្លួន នៅទីតាំងម៉ាស្សាមួយកន្លែង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីថ្ងៃទី ២៩ កក្កដា។

លោក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ ប្រាប់ពីម្សិលមិញថា ករណីជនសង្ស័យប្រុសស្រីចំនួន ៣ នាក់ ដែលជាម្ចាស់ទីតាំងម៉ាស្សានោះត្រូវចាប់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ៣១ កក្កដានេះហើយ។ ប៉ុន្តែ លោកសុំមិនប្រាប់ឈ្មោះជនសង្ស័យប្រុសស្រីទាំង ៣ នាក់នោះទេ ដោយលោកថា នេះជាកិច្ចការរបស់សមត្ថកិច្ច។ លោកបន្តថា៖ «ជនសង្ស័យទាំង ៣ នាក់នេះខាងនាយកដ្ឋានខ្ញុំបញ្ជូនពួកគេទៅតុលាការនៅថ្ងៃស្អែក (ថ្ងៃនេះ) ហើយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់»។ លោកបន្តថា មាននារីរងគ្រោះអាយុ ១៧ ឆ្នាំ ចំនួន ៣ នាក់ ជាអនីតិជន និងស្រ្តីអាយុពេញវ័យម្នាក់។ ពួកគេត្រូវបានខាងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សប្រគល់ទៅឲ្យមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញហើយ។ រីឯខាងមន្ទីរសង្គមកិច្ចនឹងបញ្ជូនពួកគេបន្តទៅមណ្ឌលគាំពារណាមួយទៀតដើម្បីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ពួកគេ។

លោកប្រាប់ថា ប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សានេះ កម្លាំងសមត្ថកិច្ចរបស់លោកសហការជាមួយអាជ្ញាធរមូលដ្ឋានដែលធ្វើឡើង នៅវេលាម៉ោង ៧ កន្លះ យប់ថ្ងៃទី ២៩ កក្កដា នៅចំណុចផ្លូវលេខ ១៦៤ ក្នុងភូមិ ១៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំពោះវត្ថុតាងក្នុងការឆែកឆេរនោះសមត្ថកិច្ចបានរកឃើញស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើមួយចំនួន សៀវភៅកត់ត្រាអំពីចំណូលចំនួន ២ ក្បាល រួមនឹងឯកសារខ្ចីលុយមួយចំនួន និងលិខិតឆ្លងដែនរបស់ជនជាតិចិនចំនួន ១ ក្បាលទៀតផង។ លោកបានបន្ថែមថា ក្រៅពីនោះ កម្លាំងសមត្ថកិច្ចបានបន្តចុះទៅឆែកឆេរនៅក្នុងបន្ទប់ក្រោមដីស្ថិតនៅផ្ទះទីតាំងម៉ាស្សានោះដោយបានរកឃើញឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ ដូច្នេះហើយលោកបានសហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីត្រួតពិនិត្យមើល ដោយបានហៅមនុស្ស ដែលឃាត់ខ្លួនបានទាំងអស់យកមកពិនិត្យទឹកនោមទៀតដើម្បីរកសារធាតុញៀន។ លោកបញ្ជាក់ថា៖ «ចំពោះលិខិតឆ្លងដែន ១ ក្បាលនោះ យើងមិនទាន់កំណត់ច្បាស់ថាយ៉ាងណានៅឡើយទេ រង់ចាំការស្រាវជ្រាវបន្តទៀត»៕

website_news/2019310702.txt · Last modified: 2019/07/31 13:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki