website_news:2019310704

នេះហើយលទ្ធផលទទួលបានរបស់មេអណ្តើកវ័យក្មេងទាំង2

https://kohsantepheapdaily.com.kh/ ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៩ ម៉ោង ១១:៥៥ ឃឹម ប៊ុនណាក់

រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែកក្កដា បានសម្រេចចេញដីកាឃុំខ្លួនស្ត្រីមេអណ្តើក២នាក់ ពាក់ព័ន្ធនឹងករណីនាំស្ត្រីខ្មែរបម្រុងឆ្លងដែន ដោយខុសច្បាប់ទៅរៀបការប្តីជាជនជាតិចិន ។ ការសម្រេចឃុំខ្លួនជនត្រូវចោទ គឺបន្ទាប់ពីបញ្ចប់ការស៊ើបសួរជនសង្ស័យនៅដំណាក់កាលអយ្យការ ដែលបានចោទពីប្រកាន់ពីបទនាំមនុស្សចេញសម្រាប់ឆ្លងដែនដោយមិនស្របច្បាប់ ។ ការនាំចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន នៅក្នុងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ តាមបញ្ញត្តិមាត្រា១១ គឺជនជាប់ចោទត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ ទៅ១៥ឆ្នាំ ។

ស្ត្រីជាមេអណ្តើកទាំង២នាក់ ត្រូវបាននគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ក្នុងនោះម្នាក់ឈ្មោះ សុខា រដ្ឋធានី ហៅយ៉ា អាយុ១៨ឆ្នាំ មុខរបរលក់គ្រឿងក្រអូប និងម្នាក់ទៀតឈ្មោះ ថាច់ ដាវី អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ។ ពួកគេត្រូវបានឃាត់ខ្លួននៅមុខវត្តមហាមន្ត្រី តាមផ្លូវលេខ១៧៣ ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក កែវ ធា នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា កម្លាំងការិយាល័យរបស់លោកបានធ្វើការស្រាវជ្រាវ និងឈានដល់ឃាត់ខ្លួនស្ត្រី២នាក់ខាងលើ នៅមុខវត្តមហាមន្ត្រី ខណៈពួកគេទាំង២នាក់ កំពុងនាំស្ត្រីរងគ្រោះ ដើម្បីឆ្លងដែនតាមប្រទេសវៀតណាមបន្តទៅប្រទេសចិន ។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានរំដោះនិងអញ្ជើញជនរងគ្រោះ៤នាក់ទៅធ្វើការ បំភ្លឺជុំវិញអ្វីដែលពួកនាងចង់ទៅយកប្តីចិន ។

ជនរងគ្រោះម្នាក់រៀបរាប់ថា កាលពីខែមុនប្អូនជីទូតមួយឈ្មោះ យ៉ា(សុខា រដ្ឋធានី) ដែលមានប្តីជាជនជាតិចិននិងរស់នៅប្រទេសចិន បានមក លេងស្រុកខ្មែរជួបនាង ។ ដោយឃើញជីវភាពនាងមានការខ្វះខាត គេក៏បានសួរនាងថាចង់យកប្តីចិន និងទៅរស់នៅប្រទេសចិនឬអត់ ? បើយកប្តីចិននឹងមានលុយចាយធូរធារ ហើយបើកូនកំលោះចិនគេពេញចិត្ត គេប្រគល់លុយឲ្យច្រើនៗ នាងនឹងបានលុយផ្ញើមកឪពុកម្តាយទៀតផង ។ ពេលឮថាបានប្តីចិននិងទៅរស់នៅប្រទេសចិន នាងក៏ឆ្លើយតបភ្លាមៗថាចង់ទៅ ទើបអ្វីៗសម្រេចតាមមេអណ្តើកទាំងអស់ គ្រាន់តែដំបូងមេអណ្តើកតម្រូវឲ្យនាងធ្វើលិខិតឆ្លងដែន ដើម្បីត្រៀមចាំគេនាំចេញពីស្រុកខ្មែរ ។ លុះនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ឈ្មោះ យ៉ា បានមកស្រុកខ្មែរ និងបាននាំនាងទៅស្នាក់នៅផ្ទះសំណាក់កាពីតូល បន្ទប់លេខ១២ ជាន់ទី២ ហើយពេលនាងទៅស្នាក់នៅទីនោះ ក៏បានជួបស្ត្រីរងគ្រោះ៣ នាក់ទៀត ។ ថ្ងៃទី២៥ ខែកក្កដា ឈ្មោះ យ៉ា បាននាំពួកនាង៤នាក់ទៅដើរលេងផ្សារ និងទិញសម្លៀកបំពាក់ឲ្យគ្រប់គ្នា ដើម្បីរៀបចំខ្លួនទៅយកប្តីចិន ក្នុងនោះក៏មានឈ្មោះ ថាច់ ដាវី(ជនសង្ស័យ) ចូលរួមដែរ ។ លុះព្រឹកថ្ងៃទី២៦ ខែកក្កដា ឈ្មោះ យ៉ា បាននាំពួកនាងជិះម៉ូតូកង់បីឥណ្ឌាមក ដល់មុខវត្តមហាមន្ត្រី បម្រុងជិះរថយន្តហាយឡែនឌ័រ ចេញដំណើរទៅកាន់ប្រទេសវៀតណាម និងបន្តទៅប្រទេសចិន ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនទាំងអស់គ្នាតែម្តង ។

ចំណែកស្ត្រីរងគ្រោះ៣នាក់ទៀត ដែលមានឈ្មោះ ស៊ុម ថាវី អាយុ១៧ឆ្នាំ ឈ្មោះ ថន ចាន់ធី អាយុ១៦ឆ្នាំ និងឈ្មោះ នី ម៉ី អាយុ១៧ឆ្នាំ បាននិយាយប្រហាក់ប្រហែលជនរងគ្រោះខាងលើនេះដែរ ដូច្នេះសមត្ថកិច្ចសន្និដ្ឋានថា ជនសង្ស័យជាមេអណ្តើកទាំង២នាក់ ពិតជាបានប្រព្រឹត្តអំពើល្មើសទាក់ទិនទៅនឹងករណីនាំមនុស្សឆ្លងដែនដោយមិនស្របច្បាប់ ទើបត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ។ ចំណែកជនរងគ្រោះដែលចង់បានប្តីចិន សមត្ថកិច្ចប្រគល់ឲ្យអាណាព្យាបាលរបស់ពួកគេវិញ ។ ស្ត្រីមេអណ្តើកទាំង២នាក់នេះ នឹងត្រូវឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំបើកសវនាការជំនុំជម្រះទោសតាមច្បាប់ ។ (ដោយ៖ស្រីណា)

website_news/2019310704.txt · Last modified: 2019/07/31 14:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki