website_news:2019311001

សម្តេច ស ខេង ជំរុញឱ្យវិនិយោគការងារក្នុងស្រុកកាន់តែច្រើន ទប់ស្កាត់ពលរដ្ឋចំណាកស្រុក

https://thmeythmey.com/ 30, Oct 2019 , 7:39 pm

សៀមរាប៖ កម្ពុជាកំពុងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ កម្រិតថ្នាក់ដឹកនាំបច្ចេកទេសនៃប្រទេសបញ្ជូនទាំង៣ កម្ពុជា ឡាវ មីយ៉ាន់ម៉ា (CLM) ស្ដីពីតួនាទីប្រទេសបញ្ជូនដើម្បីពង្រឹងកិច្ចការពារពលករទេសន្តរប្រវេសន៍។ ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានជំរុញឱ្យមានការវិនិយោគឱកាសការងារកាន់តែច្រើនបន្ថែមទៀត ដើម្បីទប់ស្កាត់ការចំណាកស្រុករបស់ប្រជាពលរដ្ឋ។ នេះជាលើកទី២ហើយ ដែលគណៈប្រតិភូនៃប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ជួបពិភាក្សាលើកិច្ចការពារពលករទេសន្ដរប្រវេសន៍ ដើម្បីពិភាក្សារកដំណោះស្រាយបញ្ហាប្រឈមនានា ដែលកំពុងកើតឡើង លើពលករទាំងស្របច្បាប់ និងមិនស្របច្បាប់ទៅក្រៅប្រទេស ពិសេសប្រទេសថៃ។ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) លោកស្រី ជូ ប៊ុនអេង បានឱ្យដឹងថា គោលបំណងសំខាន់នៃកិច្ចប្រជុំលើកទី២នេះ ធ្វើឡើងដើម្បីស្វែងយល់ពីស្ថានភាព និងទំនោរនៃទេសន្ដរប្រវេសន៍បច្ចុប្បន្នដើម្បីរិះរកវិធានការលុបបំបាត់ការធ្វើទេសន្ដរប្រវេសន៍មិនប្រក្រតី ការជួញដូរមនុស្ស និងរាល់ទម្រង់នៃអំពើកេងប្រវ័ញ្ច និងការលើកកម្ពស់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព និងស្របច្បាប់។ ក្នុងកិច្ចប្រជុំនេះដែរ ក៏នឹងកំណត់រកបញ្ហារួមនិងផ្លាស់ប្ដូរបទពិសោធន៍ល្អៗក្នុងការដោះស្រាយបញ្ហានានា តាមរយៈការពង្រឹងកិច្ចសហការក្នុងការឆ្លើយតបការបង្ការទប់ស្កាត់ ការអនុវត្តច្បាប់ និងកិច្ចការពារជនរងគ្រោះនៅក្នុងប្រទេសរៀងៗខ្លួន ក៏ដូចជាប្រទេសគោលដៅ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ សម្ដេច ស ខេង មានប្រសាសន៍ថា កិច្ចប្រជុំនេះគឺដៅខ្ពស់លើការការពារទេសន្ដរប្រវេសន៍ ហើយបញ្ហានេះមានភាពស្មុគស្មាញបើគេស្វែងរកមូលហេតុដែលធ្វើឱ្យកើតមានទេសន្ដរប្រវេសន៍ឬការចំណាកស្រុកទៅធ្វើការនៅប្រទេសក្រៅ។ បញ្ហាដែលរដ្ឋមន្ដ្រីមហាផ្ទៃលើកមកនិយាយនោះមានដូចជាការអភិវឌ្ឍមុខរបរមិនទាន់រីកចម្រើន បញ្ហាការរស់នៅ។ល។ ក្នុងពិធីបើកកិច្ចប្រជុំនៅថ្ងៃទី៣០ តុលា សម្ដេច ស ខេង ជំរុញឱ្យប្រទេសទាំង៣ដែលកំពុងជួបប្រជុំគ្នា ត្រូវជំរុញការវិនិយោគឱកាសការងារឱ្យបានកាន់តែច្រើន ដើម្បីជាជម្រើសល្អសម្រាប់ប្រជាពលរដ្ឋធ្វើការ និងអាចទាញចំណូលសម្រាប់ដោះស្រាយជីវភាពរស់នៅ ជៀសវាងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន។ យ៉ាងណាក៏ដោយ សម្ដេច ស ខេង ពន្យល់ថា ការចំណាកស្រុកគឺមានស្ទើរគ្រប់ប្រទេសលើកលែងតែប្រទេសដែលមានការអភិវឌ្ឍខ្ពស់តែប៉ុណ្ណោះ ក្នុងនោះប្រជាជនថៃផ្ទាល់ក៏មានប្រជាពលរដ្ឋចេញទៅធ្វើការនៅបរទេសដែរ។

បន្ថែមពីនេះ ប្រធាន គ.ជ.ប.ជ ក៏មិនចង់ឱ្យប្រទេសទាំងបី មានកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា យកលទ្ធផលនៃកិច្ចប្រជុំលើកនេះទៅសង្កត់កថៃរឿងពលករបស់ខ្លួននោះដែរ។ តាមយោបល់សម្ដេច ស ខេង ប្រទេសទាំងបីគួរយល់ពីស្ថានភាពរបស់ថៃ ដ្បិតថាប្រទេសនេះក៏រងសម្ពាធខ្លាំងពីអន្ដរជាតិច្រើនដែរទាក់ទងនឹងរឿងនេះ ពិសេសពលករធ្វើការលើទូកនេសាទតែម្ដង។ សម្ដេចបញ្ជាក់ថា គួរមានកិច្ចប្រជុំបួនភាគីម្ដងដើម្បីជជែកដោយផ្ទាល់ជាមួយថៃ ហើយការរិះរកដំណោះស្រាយផ្សេងៗសម្រាប់ជួយទេសន្ដរប្រវេសន៍នេះ ក៏ជាចំណែកជួយប្រមូលនូវធាតុចូលល្អៗ ថ្មីៗដើម្បីជាជំនួយស្មារតីដល់ភាគីថៃក្នុងការដោះស្រាយបញ្ហាប្រឈមនានាផងដែរ។

គួរបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំនេះ ប្រទេសទាំងបីនឹងធ្វើកំណត់ហេតុរួមមួយដែលបានចុះហត្ថលេខារួម ដោយដាក់ចេញនូវអនុសាសន៍ជាសំណើរសំខាន់ៗ ចំពោះរដ្ឋាភិបាលនៃប្រទេសទាំងបី ក្នុងការផ្តួចផ្តើមជាដំណោះស្រាយរួមគ្នា និងសម្រាប់ការពិភាក្សាជាមួយប្រទេសថៃ ដែលជាប្រទេសគោលដៅ ដើម្បីលើកកម្ពស់ កិច្ចការពារពលករទេសន្តរប្រវេសន៍ឲ្យមានសុវត្ថិភាព និងទទួលបានផលប្រយោជន៍ដោយស្របច្បាប់ ព្រមទាំងការចែករំលែកប្រកបដោយសមធម៌ នូវការទទួលខុសត្រូវ លើការដោះស្រាយភាពប្រឈម និងផលប្រយោជន៍ រវាង និយោជក និងនិយោជិក និងរវាងប្រទេសបញ្ជូន និងប្រទេសទទួល៕

website_news/2019311001.txt · Last modified: 2019/10/31 13:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki