website_news:2020010401

ពលរដ្ឋខេត្តកំពតមកពីថៃ ជាច្រើននាក់ ចែករំលែកបទពិសោធន៍រស់នៅដាច់ដោយឡែក ១៤ថ្ងៃ

http://bayontv.com.kh/ 01/04/2020

កំពត ៖ ពលរដ្ឋរស់នៅស្រុកឈូក ខេត្តកំពត ជាច្រើននាក់ ដែលទើបត្រឡប់មកពីប្រទេសថៃ យល់ឃើញថា ការរស់នៅដាច់ដោយឡែករយៈ១៤ថ្ងៃ គឺដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវីដ១៩ ជារឿងល្អប្រសើរ ហើយ ពួកគេពេញចិត្ត ក្នុងការអនុវត្ត ព្រមទាំងបានចែករំលែកនូវបទពិសោធន៍មួយចំនួន និងបានស្នើឲ្យពលរដ្ឋ ដែលទើបត្រឡប់មកពីក្រៅប្រទេសទាំងអស់ រួមគ្នាអនុវត្តវិធានការនេះដែរ។ ប្រជាពលរដ្ឋ ដែលទើបមកពីថៃ រស់នៅភូមិខ្នាចរមាស ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត បានឲ្យដឹងថា នៅពេលដែលពួកគេ បានត្រឡប់មកដល់ស្រុកកំណើតភ្លាម អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យ បានចុះ មកសួរសុខទុក្ខដល់ផ្ទះ ហើយបានពិនិត្យកម្ដៅខ្លួន និងណែនាំឲ្យរស់នៅដាច់ដោយឡែកពីគ្រួសារ មិនឲ្យ ប៉ះពាល់សាច់ញាតិ ឬធ្វើដំណើរទៅណាមកណាឡើយ។ ពលរដ្ឋ បានបញ្ជាក់ថា ពួកគេ បានសម្រេចចិត្តរស់នៅដាច់ដោយឡែក ពេញចិត្តក្នុងការអនុវត្ត និងបានស្នើដល់ពលរដ្ឋផ្សេងទៀត ដែលទើបមកពីក្រៅប្រទេស ត្រូវយកចិត្តទុកដាក់ និងអនុវត្តតាមការ ណែនាំ របស់អាជ្ញាធរ ដើម្បីបញ្ចៀសការឆ្លងរាលដាលកូវីដ១៩ជាយថាហេតុ។

លោកមេឃុំនារាយណ៍ ស្រុកឈូក បានឲ្យដឹងថា នៅក្នុងឃុំលោក មានពលរដ្ឋដែលទើបមកពី ប្រទេសថៃ តែពាក់កណ្តាលប៉ុណ្ណោះ បានស្ម័គ្រចិត្តអនុវត្តវិធានការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយការរស់នៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ស្របពេលអ្នកផ្សេងទៀត កំពុងតែអនុវត្តវិធានការអនាម័យ រស់នៅ ស្អាត ឧស្សាហ៍លាងដៃញឹកញាប់នឹងអាល់កុល សាប៊ូ និងពាក់ម៉ាស់ ជាដើម។

ប្រជាពលរដ្ឋស្ម័គ្រចិត្តរស់នៅដាច់ដោយឡែក បានថ្លែងថា រយៈពេល១៤ថ្ងៃ វាមិនយូរទេ ពួកគេទាំងអស់គ្នាអាចធ្វើបាន ព្រោះដើម្បីសុខភាពញាតិមិត្តក្នុងភូមិស្រុក ម្យ៉ាងពួកគេ ក៏មិនបានដឹងច្បាស់ថា ខ្លួនមានឬគ្មានជំងឺកូវីដ១៩ មួយរយភាគរយនោះដែរ។ ប្រជាពលរដ្ឋ មានការយល់ដឹងច្រើន ក៏ដោយសារ តែអាជ្ញាធរភូមិឃុំ បានយកចិត្តទុកដាក់ ចុះណែនាំផ្សព្វផ្សាយបន្ថែម អំពីវិធានការការពារ ទប់ស្កាត់ការឆ្លង រាតត្បាត នៃជំងឺកូវីដ១៩៕

website_news/2020010401.txt · Last modified: 2020/04/02 13:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki