website_news:2020010404

អាជ្ញាធរខេត្តក្រចេះត្រៀមរួចរាល់លើមធ្យោបាយដឹកជញ្ជូនពលករខ្មែរចេញពីប្រទេសថៃ ដោយតាមដានត្រួតពិនិត្យសុខភាពជាចម្បង

https://grandnewsasia.com/ 01-04-2020

ក្រចេះ៖ នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ លោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីត្រៀមលក្ខណៈក្នុងការទំនាក់ទំនងជាមួយបណ្តាខេត្តដែលជាព្រំប្រទល់ប្រទេសថៃ ដើម្បីស្រង់នូវស្ថិតិ និងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ដែលទៅស៊ីឈ្នួលជាពលករនៅប្រទេសថៃ មកប្រទេសកម្ពុជាវិញ។ តាមការបញ្ជាក់របស់របស់អភិបាលរងខេត្ត៖ គិតមកទល់ពេលនេះ មានបងប្អូនពលករវិលចូលស្រុកចំនួន ២៥៦នាក់ ហើយអាជ្ញាធរ បានដាក់ពួកគាត់ឲ្យរស់នៅដាច់ដោយឡែកពីគេ និងកំពុងតែធ្វើការតាមដានសុខភាពផងដែរ។ ហើយនិងកំពុងបន្តត្រៀមស្វែងរកបន្ថែម និងធ្វើការតាមដានត្រួតពិនិត្យពីស្ថានភាពសុខភាព តាមរយៈមធ្យោបាយដឹកជញ្ជូនពួកគាត់វិលចូលស្រុក នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ។ លោកអភិបាលរងខេត្ត បានស្នើឱ្យអាជ្ញាធរស្រុក-ក្រុងទាំង៦ នៃខេត្តក្រចេះ ត្រូវបន្តចុះធ្វើការតាមដាន និងពង្រឹងការចុះអប់រំផ្សព្វផ្សាយពាក់ពន្ឋ័ នឹងការទប់ស្កាត់ការពារ ការរីករាលដាលឆ្លងមេរោគកូវីដ-១៩ ទៅដល់ប្រជាពលរដ្ឋគ្រប់រូប នៅតាមគ្រប់មូលដ្ឋាន ជាពិសេសអ្នកដែលធ្វើដំណើរមកពីក្រៅប្រទេសវិលចូលមកស្រុកកំណើតរបស់ខ្លួន ដែលត្រូវយកចិត្តទុកដាក់ជាខ្លាំងចំពោះបញ្ហាសុខភាព និងស្ថានភាពជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ដើម្បីរាយការណ៍ជូនខេត្ត ឬកាកបាទក្រហម ផ្តល់ជំនួយជូនតែមិនតម្រូវឱ្យមានការប្រមូលផ្តុំនោះទេ។

ម្យ៉ាងវិញទៀត ចំពោះបងប្អូនដែលទើបវិលចូលស្រុក ត្រូវរស់នៅឱ្យដាច់ដោយឡែកពីក្រុមគ្រួសារ ឬអ្នកដទៃក្នុងរយៈពេល ១៤ថ្ងៃ ដើម្បីខាងសុខាភិបាលធ្វើការតាមដានរករោគសញ្ញាមេរោគកូវីដ-១៩ និងត្រូវអនុវត្តជាប្រចាំក្នុងធ្វើអនាម័យ ដោយត្រូវលាងដៃ និងសាប៊ូ ឬទឹកអាកុលឱ្យបានញឹកញាប់ ត្រូវពាក់ម៉ាស ឬក្រម៉ា ខ្លំច្រមុះ និងមាត់ ហើយបើសិនជាមានការក្អក ឬកណ្ដាស់សូមឱ្យមានការខ្ទប់មាត់ ឬក៏យកកែងដៃខ្ទប់មាត់ ការធ្វើបែបនេះ គឺក្នុងន័យបង្ការកុំឱ្យមានឆ្លងរីករាល់ដាលមេរោគ (វីរុសកូវីដ-១៩)៕

website_news/2020010404.txt · Last modified: 2020/04/02 14:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki