website_news:2020010601

មេខ្យល់ចំនួន២នាក់ ដែលនាំពលរដ្ឋខ្មែរទៅធ្វើការដោយខុសច្បាប់នៅប្រទេសថៃ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួន

http://www.matimohachunnews.com/ May 31, 2020

ខេត្តសៀមរាប៖ លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា មេខ្យល់ចំនួន០២នាក់ រួមមាន ៖ ១. ឈ្មោះ ទួន ទី ភេទប្រុស អាយុ៣៦ឆ្នាំ និង ២. ឈ្មោះ តិច សត់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិគោកដូង ឃុំត្រីញ័រ ស្រុកពួកខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចនគរបាលខេត្តសៀមរាបឃាត់ខ្លួន កាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះ តាមបញ្ជាលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ដោយជាប់សង្ស័យនាំពលរដ្ឋខ្មែរចំនួន១៥នាក់ ទៅធ្វើការដោយខុសច្បាប់នៅប្រទេសថៃ ។

លោកវរសេនីយ៍ឯក ជា ហេង បានបញ្ជាក់ទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងថា ពួកខ្លួនទាំងពីរនាក់បានទំនាក់ទំនងថៅកែនៅរាក់យ៉ង ក្នុងប្រទេសថៃ ដែលត្រូវការកម្មករទៅធ្វើការនៅទីនោះ ខ្លួនក៏ជ្រើសរើសពលករទាំងអស់នេះហើយដោយសន្យាថាមិនបាច់មានលិខិតឆ្លងដែនទេ គឺគេយកម្នាក់ ៣.000បាតប្រាក់ថៃពីថៅកែ ហើយរត់ការឆ្លងដែនដល់រាក់យ៉ង ប្រទេសថៃ បានធ្វើការទើបថៅកែកាត់ប្រាក់ខែពីពលករវិញម្នាក់ ៣.000បាតប្រាក់ថៃ រីឯពលរដ្ឋខ្មែរទាំង១៥ នាក់បានឆ្លើយថា មេខ្យល់ទាំង ០២នាក់នេះ បានសន្យាថានឹងនាំពួកខ្លួនទាំងអស់គ្នាទៅដល់រាក់យ៉ង ប្រទេសថៃ បានការងារធ្វើ ទើបកាត់ប្រាក់ខែឈ្នួលម្នាក់ ៣.០០០បាតវិញ ហើយការធ្វើដំណើរនេះពុំមានលិខិតឆ្លងដែនទេប៉ុន្តែដល់ព្រំដែនភូមិក្លិនទា ឃុំសឹង្ហ ត្រូវសមត្ថកិច្ចចាប់បានបញ្ជូនមកវិញ។

គួររំលឹកថា តាមរបាយការណ៍របស់លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង ២២៖៣០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ មានបងប្អូនពលរដ្ឋ ចំនួន ១៩នាក់ ក្នុងនោះមានកុមារអាយុ ៦ខែម្នាក់ និងអាយុ ៣ឆ្នាំម្នាក់ មានទីលំនៅក្នុងភូមិគោកដូង ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ត្រូវបានចាញ់បោកមេខ្យល់នាំទៅប្រទេសថៃ ហើយបានយកមកទម្លាក់ចោលឲ្យដេកនៅកណ្តាលព្រៃចំការដំឡូង ស្ថិតនៅចំណុចក្លិនទា ភូមិរុន ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយត្រូវបានអ្នកចាំការដំឡូងប្រទះឃើញនឹងបានរាយការណ៍ទៅអាជ្ញាធរភូមិ ហើយត្រូវលោកមេភូមិរាយការណ៍ទៅលោកមេឃុំសិង្ហ និងរដ្ឋបាលស្រុកអូរជ្រៅ ព្រមទាំងជូនពួកគាត់មកដល់សាលាឃុំសិង្ហ ដើម្បីសាកសួរព័ត៌មាន ខណៈពេលនោះលោក ម៉ាន់ ធី អធិការងនគរបាលស្រុកអូរជ្រៅ បានរាយការណ៍មកក្រុមការងារខេត្តសៀមរាប ប្រចាំការនៅច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីធ្វើការទទួល និងដឹកជូនពួកគាត់ត្រឡប់ទៅខេត្តសៀមរាបវិញ ។

របាយការណ៍បានឲ្យដឹងទៀតថា ភ្លាមៗនោះ ដោយមានកិច្ចអន្តរាគមន៍ពីឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ជាអ្នកបញ្ជាផ្ទាល់ លោកស្រី យូ សុភា អភិបាលរងខេត្ត និងប្រធានក្រុមការងារខេត្តសៀមរាបប្រចាំការនៅច្រកអន្តរជាតិប៉ោយប៉ែត , ច្រករបៀងអូរបីជាន និងច្រករបៀងម៉ាឡៃ បានដឹកនាំក្រុមការងាររួមមាន លោកស្រីឧត្ដមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងនគរបាលខេត្តសៀមរាប , លោកវរសេនីយ៍ឯក ជា ហេង ប្រធាការិយាល័យប្រឆាំការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប , លោក ចាន់ សុផល មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងសៀមរាប , តំណាងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ , តំណាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងតំណាងមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប និង មន្រ្តីសាលាខេត្តសៀមរាប ដោយមានកិច្ចសហការពីលោកអភិបាល នៃគណៈអភិបាលស្រុកអូរជ្រៅផង បានចុះទៅពិនិត្យ និងទទួលបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាបទាំង១៩នាក់ ដឹកជញ្ជូនពួកគាត់តាមរថយន្តយោធា របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងសៀមរាប ឆ្ពោះទៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តសៀមរាប ដើម្បីធ្វើការពិនិត្យសុខភាព និងការដាក់ឲ្យធ្វើចាត់ត្តាឡីស័ក ។

ក្នុងឱកាសនោះ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរខេត្តបន្ទាយមានជ័យ ពិសេស ឯកឧត្តមអភិបាលខេត្ត លោកអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាការពារភូមិទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ដែលជួយសង្គ្រោះប្រជាពលរដ្ឋខេត្តសៀមរាប ពីមេខ្យល់ដែលនាំចេញឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ជាពិសេសថ្លែងអំណរគុណចំពោះកម្លាំងសមត្ថកិច្ចនិងមន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀមរាប ដែលបានវែកមុខរកឃើញ និងឃាត់ខ្លួនមនុស្សដែលជាមុខសញ្ញាជាប់សង្ស័យនាំពលរដ្ឋខ្មែរទៅធ្វើការដោយខុសច្បាប់នៅប្រទេសថៃ ។ ជាមួយគ្នានេះដែរ លោកស្រី យូ សុភា បានអំពាវនាវ និង សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវអត់ធ្មត់មួយរយៈសិន ក្នុងការឆ្លងដែនទៅរកការងារធ្វើក្នុងប្រទេសថៃ ដោយត្រូវរងចាំឲ្យសភាពការណ៍នៃជំងឺកូវីដ១៩ បានស្រាកស្រាន ឬត្រូវបានបញ្ចប់ និង រង់ចាំប្រទេសថៃបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន ឬមានការបញ្ជាក់ជាផ្លូវការណាមួយ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្នុងការបើកដំណើរការច្រកព្រំដែនរវាងប្រទេសទាំងពីរ ពិសេសចំពោះបងប្អូនដែលត្រូវទៅប្រទេសថៃដោយស្របច្បាប់ និងមានឯកសារត្រឹមត្រូវតាមច្បាប់កំណត់របស់ប្រទេសនីមួយៗ ៕ ប្រភព មន្ទីរព័ត៌មានខេត្តសៀមរាប

website_news/2020010601.txt · Last modified: 2020/06/01 14:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki