website_news:2020010602

បងប្អូនប្រជាពលរដ្ឋចំនួន ១១នាក់ ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅមូលដ្ឋានវិញ បន្ទាប់ពីនៅដាច់ដោយឡែកអស់រយ:ពេល ១៤ថ្

ងៃ https://www.information.gov.kh/ AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០

អនុគណៈកម្មការប្រឆាំងនឹងជំងឺកូវីដ-១៩ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋចំនួន ១១នាក់ ក្នុងនោះស្ត្រី ០៥នាក់ ត្រឡប់ទៅមូលដ្ឋានវិញ នាព្រឹកថ្ងៃសៅរ៍ ៩ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។

លោក សុខ ណារ៉េត អភិបាលរងស្រុកក្រឡាញ់ ខេត្តសៀមរាប តំណាងលោកស្រី ម៉ននី រង្សី អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានអនុគណៈកម្មការប្រឆាំងនឹងជំងឺកូវីដ-១៩ស្រុក ព្រមទាំងក្រុមការងារអនុគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ស្រុក បានជួបសំណេះសំណាល ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលមានភាពអត់ធ្មត់ក្នុងការចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងការណែនាំរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងការអនុវត្តដាក់ឱ្យបងប្អូននៅដាច់ដោយឡែករយ:ពេល ១៤ថ្ងៃនេះ រហូតបានបញ្ចប់ដោយជោគជ័យ និងមានសុខភាពល្អ។ លោកអភិបាលរងក៏បានចូលរួមរីករាយចំពោះក្រុមការងារចត្តាឡីស័ក និងបងប្អូនប្រជាពលរដ្ឋដែលបានធ្វើតេស្តិ៍សំណាករកវីរុសកូវីដ-១៩ទាំងអស់នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យក្រឡាញ់ ដែលមានលទ្ធផលអវិជ្ជមាន។ ជាមួយនេះ លោកក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យបន្តការថែទាំសុខភាពដោយការធ្វើអនាម័យ សម្អាតខ្លួនប្រាណ ដោយសាប៊ូ អាល់កុល អនាម័យម្ហូបអាហារ និងជៀងវាងការជួបជុំមនុស្សច្រើន ការជួបជុំកម្មវិធីផ្សេងៗ ឱ្យបានជាដាច់ខាតក្នុងការបង្ការ ទប់ស្កាត់ជំងឺនេះ ត្រូវពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព។

លោក សុខ ណារ៉េត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំឱ្យជឿពាក្យល្បួងលួងលោមរបស់មេខ្យល់ថាអាចជូនឆ្លងដែនទៅធ្វើការនៅប្រទេសថៃបាននៅក្នុងកាលៈទេសៈ និងស្ថានភាពនៃការប្រឈមនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ។ បងប្អូនត្រូវបន្តការពារខ្លួន និងក្រុមគ្រួសារ ព្រមទាំងប្រកបរបរបន្ទាប់បន្សំផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ និងបង្កបង្កើនផលដំណាំដាំដុះ ចិញ្ចឹមសត្វ គ្រាន់បានបេះបោចកំដរឆ្នាំង និងកាត់បន្ថយចំណាយប្រចាំថ្ងៃ៕ ដោយ នីកា (ប្រភព៖ រដ្ឋបាលស្រុកក្រឡាញ់)

website_news/2020010602.txt · Last modified: 2020/06/01 14:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki