website_news:2020010603

ពិធីចែកអំណោយដល់គ្រួសារងាយរងគ្រោះ ក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចំនួន ១៣៩គ្រួសារ

https://grandnewsasia.com/ ថ្ងៃសុក្រ ទី ២៩ ឧសភា ២០២០

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១៣៩ មកពីសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។ ពិធីនេះប្រារព្ធធ្វើនៅក្នុងវត្តអារញ្ញការាមដោយមានការនិមន្តចូលរួមពីព្រះសិរីធម្មញាណ សុខ ថាន ព្រះរាជាគណៈថ្នាក់កិតិយស ព្រះធម្មវង្សាធិបតី ព្រះមេគណខេត្តកំពង់ឆ្នាំង លោកស្រី ប៊ន សុភី អភិបាលរងខេត្ត ព្រមទាំងក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង និងមន្ត្រីអាជ្ញាធរ សង្កាត់ និងភូមិ។

លោកស្រី ជូ ប៊ុនអេង ក៏បានបញ្ជាក់ជូនប្រជាពលរដ្ឋ ក្នុងការការពារសុខភាព និងធ្វើអនាម័យតាមការណែនាំ របស់គ្រូពេទ្យ និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច ដើម្បីការពារពីមេរោគកូវីដ-១៩។ លោកជំទាវក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វជាដើម ចំណែកឯអជ្ញាធរត្រូវតែពង្រឹងឱ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានឱ្យដឹងថា អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋនាឱកាសនោះគឺបានមកពីការចូលរួមដោយផ្ទាល់របស់ព្រះគ្រូ កង សុផល ព្រះគ្រូសូត្រស្តាំវត្តអារញ្ញិការាម ព្រមទាំងសប្បុរសជនជិតឆ្ងាយ ដែលចំណាយថវិកាជាង១៨លានរៀល។ អំណោយដែលបានចែកជូនដល់ប្រជាពលរដ្ឋក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ១០ គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១ យួរ, ត្រីខ ១ យួរ, និងថវិកា ១០ ០០០រៀលផងដែរ៕

website_news/2020010603.txt · Last modified: 2020/06/01 14:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki