website_news:2020010605

អាជ្ញាធរខេត្តស្វាយរៀងណែនាំដល់ពលរដ្ឋដែលត្រឡប់ពីក្រៅប្រទេសឱ្យធ្វើចត្តាឡីស័ក និងថែរក្សាអនាម័យខ្លួនប្រាណ

http://ppd-news.net/ ថ្ងៃចេញផ្សាយៈ May 31, 2020

ខេត្តស្វាយរៀង ៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានចុះណែនាំដល់ប្រជាពលរដ្ឋ ដែលវិលត្រលប់ពីក្រៅប្រទេសឱ្យចូលធ្វើចត្តាឡីស័កដាក់នៅដោយឡែករយៈពេល១៤ថ្ងៃ និងថែរក្សាអនាម័យខ្លួនប្រាណឲ្យបានទៀងទាត់ ដែលជាការចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទោះបីមួយរយៈចុងក្រោយនេះ កម្ពុជាមានស្ថានភាពល្អប្រសើរក៏ដោយ។ ការថ្លែងដូច្នេះរបស់លោក តូច ប៉ូលីវ៉ា ធ្វើឡើងនារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ខណៈដែលលោកចុះជួបសំណេះសំណាល ពលករដែលទើបវិលត្រលប់មកពីក្រៅប្រទេសចូលមកស្រុកកំណើតនៅភូមិព្រៃរកា ឃុំឈើទាល និងភូមិត្រោកតូច ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង វិញ ក៏ដូចជាចុះពិនិត្យទីតាំងចត្តាឡីស័ក ដាក់ខ្លួនដាច់ដោយឡែកនៅតាមផ្ទះផងដែរ។ បន្ថែមលើនេះលោកអភិបាលរងខេត្តបាននាំផ្ដាំផ្ញើ ឱ្យមន្ត្រីជំនាញត្រូវតាមដានសុខភាពរបស់ពលករដោយផ្ទាល់ និងជាប្រចាំ ពិសេសជំរុញពួកគាត់ឲ្យធ្វើអនាម័យសម្អាតខ្លួនប្រាណ ដូចជាការលាងដៃជាមួយសាប៊ូជាប្រចាំឱ្យបានញឹកញាប់ ការហាត់ប្រាណជាដើម។

លោកបានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋ-ពលករឱ្យមានការប្រុងប្រយ័ត្នខ្ពស់គ្រប់ៗ ក្រុមគ្រួសារចំពោះជំងឺកូវីដ១៩ និងចូលរួមទប់ស្កាត់ នូវការឆ្លងរីករាលដាលនៃជំងឺនេះ មិនត្រូវភ្លេចខ្លួននោះទេ។ ទន្ទឹមនោះលោកបានបន្តណែនាំដល់អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវជំរុញការងារកសិកម្មដាំដុះបន្លែបង្ការ ចិញ្ចឹមសត្វនៅក្នុងមូលដ្ឋាន ជាពិសេសត្រូវរក្សាទុកនូវស្បៀងអាហារដូចជា អង្ករ អំបិល ប្រហុក ត្រី សាច់ ទុកគ្រាន់ប្រើប្រាស់ទៅថ្ងៃមុខទៀត ប្រសិនបើជំងឺកូវីដនេះនៅតែអូសបន្លាយយូរ។ លើសពីនេះ លោកអភិបាលរងខេត្តក៏បានណែនាំដល់ប្រជាពលរដ្ឋ និងអាជ្ញាធរឱ្យចូលរួមទាំងអស់គ្នាក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន និងបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕ ដោយ ៖ ភក្តី

website_news/2020010605.txt · Last modified: 2020/06/01 14:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki