website_news:2020010606

អាជ្ញាធរខេត្តសៀមរាបបានសម្របសម្រួលនិងទទួលប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ដោយសារចាញ់បោកមេខ្យល់

https://www.facebook.com/SiemReap.provincial/ 31-05-2020

បងប្អូនប្រជាពលរដ្ឋ និងមានកូនតូចៗសរុបចំនួន១៩នាក់ រស់នៅខេត្តសៀមរាប ដែលបានធ្វើដំណើរទៅតាមមេខ្យល់យកទៅទម្លាក់ចោលឲ្យដេកកណ្តាលព្រៃ ដើម្បីលួចឆ្លងដែនខុសច្បាប់ ចូលទៅធ្វើការនៅប្រទេសថៃ ហើយត្រូវបានមេភូមិ រុន ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួន។ ក្រោយពីបានទទួលដំណឹងពីការឃាត់បានប្រជាពលរដ្ឋខេត្តសៀមរាប ដែលបានធ្វើដំណើរទៅធ្វើការនៅក្រៅប្រទេសដោយឆ្លងដែនខុសច្បាប់ ត្រូវបានលោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឲ្យ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមទាំងអស់លោក លោកស្រីក្រុមការងារទទួលប្រជាពលរដ្ឋវិលត្រឡប់ពីក្រៅប្រទេស ដើមី្បទៅទទួលបងប្អូនពីអាជ្ញាធរឃុំ សិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

តាមការបញ្ជាក់របស់លោក ម្លិះ ប៊ុនថន បានឲ្យដឹងថា នៅវេលាម៉ោង ២២ និង ៣០នាទីនារាត្រីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ដោយទទួលព័ត៌មានពីអ្នកចាំចំការថា មានបងប្អូនពលរដ្ឋ និងកូនតូចៗចំនួន១៩នាក់ មកពីស្រុកពួក ខេត្តសៀមរាប បានធ្វើដំណើរតាមរយ:មេខ្យល់ យកមកទម្លាក់ចោលឲ្យដេកនៅកណ្តាលព្រៃចំការ ចំណុចក្លិនទា ភូមិរុន ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយនៅពេលសួរនាំពួកគាត់ថា គឺដោយសារអ្នកបើករថយន្តនោះវង្វេងផ្លូវ ហើយទម្លាក់ពួកគាត់ទុកនៅក្នុងព្រៃ បានបើករថយន្តរត់ចោលបាត់ ហើយត្រូវបានលោក ម្លិះ ប៊ុនថន បានដឹកតាមរថយន្តនាំមកឲ្យសម្រាកនៅផ្ទះរបស់ខ្លួន លុះព្រឹកថ្ងៃទី២៩ ឧសភានេះ បានដឹកយកមកប្រគល់ឲ្យសាលាឃុំសិង្ហ រងចាំអាជ្ញាធរខេត្តសៀមរាប មកទទួលយក ។

ក្នុងឱកាសទទួលបងប្អូនប្រជាពលរដ្ឋទាំង១៩នាក់នោះ លោកស្រី យូ សុភា ក៏បានធ្វើការណែនាំ និង ផ្សព្វ ផ្សាយ ពីសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល លេខ១៣៩៦ សជណ ស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ ចូលទៅប្រទេសជិតខាង តាមច្រករបៀងនានា និង សុំឲ្យបងប្អូនកុំឲ្យចាញ់ឧបាយកលរបស់មេខ្យល់ ដោយបាននាំឆ្លងដែនខុសច្បាប់ទៅប្រទេសជិតខាង ក្នុងខណៈពេលដែលប្រទេសជិតខាងបានកំពុងដាក់ប្រទេសក្នុងគ្រាអាសន្ន ដើមី្បបង្កា ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវិដ១៩ ។

លោកស្រីក៏បានលើកផងដែរថា ទោះបីមានភាពធូស្រាលពីជម្ងឺកូវិដ១៩ នៅកម្ពុជាក៏ពិតមែន តែភាពក្តៅគគុកនៅលើពិភពលោកនៅតែបន្តរីករាលដាល សំខាន់នៅប្រទេសជិតខាងយើងនេះ ក៏នៅតែប្រឈមទៅនឹងបញ្ហាជម្ងឺកូវិដ១៩នេះនៅឡើយ ព្រមទាំងបន្តដាក់ប្រទេសរបស់ខ្លួន ក្នុងគ្រាអាសន្នទៀតផង ។ ដោយកត្តានេះហើយបានប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បន្តវិធានការ ការ ពារជម្ងឺឆ្លងកូវីដ១៩ នឹងត្រូវអនុវត្តគ្មានទីបញ្ចប់ បើសិនជាស្ថានភាពពិភពលោកត្រូវអូសបន្លាយបន្តទៀត ដើមី្បបង្កើន នូវការប្រុងប្រយ័ត្នខ្ពស់ ចំពោះរលកទី២នៃជម្ងឺកូវិដ១៩ កុំឲ្យមានការរីករាលដាល់នៅក្នុងសហគមន៍ ៕

website_news/2020010606.txt · Last modified: 2020/06/01 14:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki