website_news:2020010701

កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន

https://grandnewsasia.com/ 30-06-2020

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ លេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកំពង់ឆ្នាំង បានរៀបចំវេទិកាដើម្បីផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ជូនដល់ប្រជាពលរដ្ឋ រស់នៅឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកស្រី ប៊ន សុភី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកំពង់ឆ្នាំង។ ដោយមានការចូលរួមពីលោកស្រី ពេជ្រ សុភា ប្រធានមន្ទីរកិច្ចការនារីខេត្ត លោកអនុប្រធានមន្ទីរសង្គមកិច្ច លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកស្រីអភិបាលរងស្រុកជលគិរី លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជាក្រុមលេខានៃគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត, កម្លាំងមានសមត្ថកិច្ច, មេ ឃុំ មេភូមិ, អាជ្ញាធរ, និងប្រជាពលរដ្ឋជាច្រើនទៀតចូលរួមផងដែរ។

គោលបំណងនៃការរៀបចំវេទិកា គឺដើម្បីឱ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់អំពីការធ្វើចំណាកស្រុក ជៀសវាងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន តាមការឃោសនារបស់មេខ្យល់អូសទាញ និងដើម្បីបង្ការទប់ស្កាត់អំពើជួញដូរមនុស្សតាមគ្រប់រូបភាពផងដែរ។

នៅក្នុងឱកាសនោះលោកស្រី បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងការគិតគូរយកចិត្តទុកដាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រោមអនុសាសន៍ ណែនាំរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) និងក្រោមការចង្អុលទិសដោយផ្ទាល់ពីប្រធាន (គ.ខ.ប.ជ) ខេត្ត បានជម្រុញពង្រឹងការអនុវត្តការងារដល់គណៈកម្មាធិការ គ.ខ.ប.ជ រាជធានី ខេត្ត ក្រុមលេខាធិការដ្ឋាន និងក្រុមការងារជំនាញអន្តរ មន្ទីរ អង្គភាព ឱ្យយកចិត្តទុកដាក់ខ្ពស់អនុវត្តការងាររួមគ្នាបង្ការទប់ស្កាត់ និងចាត់វិធានការតាមច្បាប់ឱ្យបានទាន់ពេលវេលា ចំពោះជនល្មើស និងមេខ្យល់ដែលបានប្រើប្រជាភិថុតតាមគ្រប់រូបភាព។

នៅក្នុងឱកាសនោះលោកស្រី បានធ្វើផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីវិធានការការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក ត្រូវតែប្រុងប្រយ័ត្ន និងអនុវត្តតាមវិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា និងតាមគោលកាណ៍ ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប្រចាំ ដើម្បីចូលរួមទាំងអស់គ្នាកុំឱ្យកើតមានជំងឺកូវីដ១៩ នៅក្នុងដំណាក់កាលដែលមានរលកទី២នេះ នៅក្នុងសហគមន៍យើងជាដាច់ខាត។លោកស្រី បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វជាដើម ដើម្បីដោះស្រាយបញ្ហាជីវភាព។ ក្នុងនោះលោកស្រី រួមជាមួយក្រុមការងារបានចែកក្រម៉ា ជូនដល់ប្រជាពលរដ្ឋចូលរួមក្នុងកម្មវិធី។ នឹងបន្តយកសម្ភារ រួមជាមួយថវិកាមួយចំនួន ជូនដល់លោកយាយ ចាស់ជរា អាយុ៩១ ឆ្នាំ មានជំងឺ ប្រចាំកាយចំនួន១គ្រួសារ និងផ្តល់សម្ភារដល់ឃុំ រួមមាន៖ អង្ករ ចំនួន ០៤ បេតូច ឃីត៤ និងជូនដល់ស្រ្តីមេម៉ាយចំនួន ០២គ្រួសារ តាមរយៈនារីស្រុកផងដែរ៕

website_news/2020010701.txt · Last modified: 2020/07/01 15:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki