website_news:2020010901

អាជ្ញាធរប្រកាសអនុវត្តវិធានចត្តាឡីស័កចំពោះពលរដ្ឋចំណាកស្រុកពីក្រៅប្រទេសវិល ត្រឡប់ចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ

http://btv.com.kh/ 31/08/2020

ភ្នំពេញ ៖ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើការងារចំណាកស្រុកមកពីថៃ និងបណ្តាប្រទេសផ្សេងៗទៀត ដែលនឹងមកលេងស្រុកកំណើត និងបងប្អូនសាច់ញាតិ នៅក្នុងអំឡុងថ្ងៃបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី៣ ខែកញ្ញានេះ នឹងត្រូវបានអាជ្ញាធរភូមិ ឃុំ សង្កាត់ ត្រូវអោយពួកគាត់ធ្វើចត្តាឡីស័ក ដាក់អោយស្នាក់នៅដាច់ដោយឡែកនៅតាមផ្ទះ ដោយមានតាមដានពិនិត្យសុខភាព វាស់កំដៅ យកចិត្តទុកដាក់ដើម្បីបញ្ជាក់ថា បងប្អូនចំណាកស្រុកគ្មានផ្ទុកមេរោគCOVID-19។

បើតាមលោក ឆេង ឆៃ ចៅសង្កាត់ព្រែកឬស្ស៊ី ក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី៣១ ខែសីហានេះ ថា នៅក្នុងអំឡុងពេលនេះ អាជ្ញាធរសង្កាត់ បាននិងកំពុងបន្តកិច្ចសហការជាមួយបណ្តាវត្តអារ៉ាម និងបង្កើនការពិនិត្យតាមដានសុខភាព វាស់កំដៅ ដាក់ម៉ាស់អាកុលជែល កន្លែងលាងដៃទឹកសាប៊ូ ជូនចំពោះបងប្អូនពលរដ្ឋទៅវត្តធ្វើបុណ្យទាន នៅក្នុងឱកាសថ្ងៃបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឈានចូលមក។ លោក បន្តថា បច្ចុប្បន្នមូលដ្ឋានលោក បាននិងកំពុងបង្កើនការគ្រប់គ្រងលំហូរប្រជាពលរដ្ឋចេញចូលមកពីចម្ងាយច្បាស់លាស់ ហើយលោក ក៏បានអំពាវនាវអោយបងប្អូនពលរដ្ឋក្នុងមូលដ្ឋាន បន្តសហការរាយការណ៍មកអាជ្ញាធរ ចំពោះអ្នកចំណាកស្រុក អ្នកចំលែក មកឆ្ងាយ តម្រូវអោយគេទៅធ្វើចត្តាឡីស័ក ពិនិត្យសុខភាពត្រឹមត្រូវ ដើម្បីរួមគ្នាទប់ស្កាត់ COVID-19 ចម្លងចូលក្នុងសហគមន៍និងក្នុងមូលដ្ឋានរបស់គេ។

មិនខុសគ្នានោះទេ បើតាមលោក ឈិន ធន សមាជិកឃុំក្រវ៉ា ស្រុកបារាយណ៍ ក៏ដូចបណ្តាអាជ្ញាធរភូមិឃុំក្នុងស្រុកតាំងគោក ខេត្តកំពង់ធំឯនោះវិញថា នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌជិតចូលមកដល់នេះ អាជ្ញាធរគ្រប់ផ្នែកនៅក្នុងមូលដ្ឋាន បាននិងកំពុងដាក់ការតាមដានចំពោះបងប្អូនពលរដ្ឋធ្វើការងារចំណាកស្រុកមកពីប្រទេសថៃ ហើយថា នៅពេលគេមកដល់ស្រុកកំណើតពេលណា អាជ្ញាធរនឹងតម្រូវអោយគេធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ហើយពេលគេមានអាការៈមិនប្រក្រតី អាជ្ញាធរនឹងរាយការណ៍ក្រសួងសុខាភិបាល ដើម្បីផ្តល់ការព្យាបាលទាន់ពេលវេលា។

សូមបញ្ជាក់ថា វិធានចត្តាឡីស័កចំពោះអ្នកចំណាកស្រុករបស់អាជ្ញាធរមូលដ្ឋានគឺជាតម្រូវការរបស់ក្រសួងសុខាភិបាល ហើយក្រសួងក៏កំពុងបានអំពាវនាវអោយអាជ្ញាធរមូលដ្ឋានបន្តអនុវត្តវិធានការនេះ ដើម្បីសហការធ្វើអោយសហគមន៍យើងគ្មានការចម្លងមេរោគCOVID-19នេះ៕

website_news/2020010901.txt · Last modified: 2020/09/01 13:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki