website_news:2020010902

កម្ពុជាមិនខ្វល់នឹងរបាយការណ៍របស់អាមេរិកដែលដាក់ឲ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ទាក់ទងនឹងការជួញដូរមនុស្ស

http://btv.com.kh/ 31/08/2020

ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន បានថ្លែងថា កម្ពុជា មិនបានខ្វល់នឹងរបាយការណ៍របស់អាមេរិក ដែលដាក់ឲ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ទាក់ទង នឹងការជួញដូរមនុស្ស អ្វីដែលសំខាន់គឺកម្ពុជាខ្លួនឯង ខិតខំធ្វើយ៉ាងណាទប់ស្កាត់ និងជួយសង្គ្រោះជនរងគ្រោះដោយសារការជួញដូរនេះ ឲ្យកាន់តែមានប្រសិទ្ធភាពបំផុត។ ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពី កិច្ចប្រជុំស្ដីពីការពង្រឹងវិធានការសន្ដិសុខ និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាងខ្លាំងក្នុងការទប់ ស្កាត់ និងជួយសង្គ្រោះជនរងគ្រោះដោយសារការជួញដូរ ហើយនៅក្នុងកិច្ចប្រជុំខាងលើនេះឯកឧត្តម អគ្គស្នងការនគរបាលជាតិ ក៏បានជំរុញដល់ស្នងការរាជធានីខេត្តទាំងអស់ ត្រូវបង្កើនសកម្មភាពទប់ស្កាត់ និងជួយសង្គ្រោះជនរងគ្រោះដោយសារការជួញដូរនេះឲ្យកាន់ខ្លាំងក្លាបន្ថែមទៀតផងដែរ។

យោងតាមរបាយការណ៍អំពីការងារបង្ក្រាប និងសង្គ្រោះជនរងគ្រោះ សម្រាប់ឆមាសទី១ ឆ្នាំ២០១៩នេះ បានបង្ហាញថា អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត១៩ បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបាន ៧៨ករណី លើ៦២ករណី (កើនឡើង១៦ករណី ស្មើនឹង២៥%)។ របាយការណ៍ បានបញ្ជាក់បន្ថែមថា ក្នុងឆមាសទី១នេះ អាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន ៩៧នាក់ លើ ៨៥នាក់ (កើន១២នាក់ ស្មើនឹង១៤%) ក្នុងនោះស្រី ២២នាក់ អនីតិជន ៩នាក់ ជាជនបរទេស ១៤នាក់ សញ្ជាតិចិន ១២នាក់ និងអាមេរិក ២នាក់។ សង្គ្រោះជនរងគ្រោះ ចំនួន ២៦៣នាក់ (លើ១០៦នាក់) កើន ១៥៧នាក់ ស្មើនឹង ១៤៨% ក្នុងនោះមាន អាយុក្រោម ១៥ឆ្នាំ ៧០នាក់ អាយុ១៥–១៧ឆ្នាំ ៣១នាក់ និងពី ១៨ឆ្នាំឡើង ១៦២នាក់ (ប្រគល់ឲ្យមន្ទីរសង្គមកិច្ច ៧២នាក់ និងប្រគល់ទៅគ្រួសារ១ ៩១នាក់)។

ប្រទេសកម្ពុជា ត្រូវបានសហរដ្ឋអាមេរិកចេញរបាយការណ៍វាយតម្លៃឲ្យខ្លួនជាប់ចំណាត់ថ្នាក់លេខ២ អស់ រយៈពេលបីឆ្នាំជាប់ៗគ្នា ទាក់ទងនិងអំពើជួញដូរមនុស្ស ដោយសហរដ្ឋអាមេរិក លើកឡើងថា មកពីកម្ពុជាមានភាពចន្លោះប្រហោងក្នុងការទប់ស្កាត់ និងបង្ក្រាបជាដើមនោះ។ យ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជា លើកឡើងថា របាយការណ៍របស់អាមេរិកនេះ ធ្វើឡើងមានលក្ខណៈលំអៀង ហើយពុំដែល បានសួរដល់ប្រទេសកម្ពុជា មុននឹងចេញរបាយការណ៍នេះទេ ខណៈរាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាងខ្លាំងក្នុងការបង្ក្រាប និងទប់ស្កាត់ការជួញដូរមនុស្សបានយ៉ាងច្រើនជាបន្តបន្ទាប់នោះ៕ អត្ថបទ ៖ បាន ចក់

website_news/2020010902.txt · Last modified: 2020/09/01 14:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki