website_news:2020010906

ស្ថានទូតអំពាវនាវឱ្យពលករខ្មែរ រូតរះទៅបំពេញបែបបទ ដើម្បីបន្តសុពលភាពស្នាក់នៅ និងធ្វើការនៅថៃ

http://www.freshnewsasia.com/ 2020-08-31 04:58pm

(ភ្នំពេញ)៖ ស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ បានឱ្យដឹងថា រាជរដ្ឋាភិបាលថៃបានសម្រេចបន្តសុពលភាពស្នាក់នៅ និងធ្វើការជូនពលករដែលហួសសុពលភាពរហូតដល់ចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១។ យោងតាមសេចក្តីជូនព័ត៌មានរបស់ស្ថានទូតខ្មែរប្រជានៅប្រទេសថៃ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ពលករខ្មែរដែលថៃអនុញ្ញាតឱ្យបន្តសុពលភាពស្នាក់នៅ និងធ្វើការនេះ មាន៤ក្រុមរួមមាន៖

*ក្រុមទី១៖ ពលករដែលចូលមកធ្វើការក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MOU) ចប់កិច្ចសន្យាការងារ ៥ឆ្នាំ

*ក្រុមទី២៖ ពលករដែលចូលមកធ្វើការក្រោមនុស្សរណៈនៃការយោគយល់គ្នា (MOU) បានអស់សុពលភាពស្នាក់នៅ និងធ្វើការ ដោយសារនិយោជកចាស់ឈប់ជួល ហើយមិនអាចធ្វើការប្ដូរនិយោជកបានទាន់ពេលវេលា តាមច្បាប់កំណត់

*ក្រុមទី៣៖ ពលករព្រមទាំងអ្នកនៅក្នុងបន្ទុកធ្លាប់បានបញ្ជាក់អត្តសញ្ញាណ និងមានលិខិតឆ្លងដែន/លិខិតធ្វើដំណើរ ដែលអស់សុពលភាពស្នាក់នៅ និងធ្វើការចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ដល់ថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២០ ដោយសារនិយោជកពុំបាននាំទៅដំណើរការ ចុះបញ្ជីឈ្មោះតាមប្រព័ន្ធអនឡាញឱ្យបានទាន់ពេលវេលា។

បើតាមស្ថានទូតខ្មែរ បានឱ្យដឹងថា ពលករទាំង៣ក្រុមខាងលើនេះ ត្រូវបានអនុញ្ញាតឱ្យស្នាក់នៅ និងធ្វើការបណ្ដោះអាសន្នចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។ ប៉ុន្តែក្នុងអំឡុងពេលនេះ ដើម្បីទទួលបានការអនុញ្ញាតឱ្យស្នាក់នៅ និងធ្វើការរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ និយោជក ឬតំណាងនិយោជក ត្រូវនាំពលករទៅដំណើរការដាក់ពាក្យស្នើសុំបន្តទិដ្ឋាការស្នាក់នៅ និងបណ្ណអនុញ្ញាតការងារ ឱ្យបានរួចរាល់ចាប់ពីថ្ងៃទី១៧ ខែសីហា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០»។ ដោយឡែកក្រុមទី៤ គឺពលករដែលចូលមកធ្វើការព្រឹកវិលល្ងាច និងតាមរដូវ តាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។

ស្ថានទូតបានគូសបញ្ជាក់ថា ក្រុមទី៤នេះ ត្រូវបានអនុញ្ញាតឱ្យស្នាក់នៅ និងធ្វើការបណ្ដោះអាសន្នចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។ ប៉ុន្តែក្នុងអំឡុងពេលនេះ ដើម្បីទទួលបានការអនុញ្ញាតឱ្យស្នាក់នៅ និងធ្វើការរហូតដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ និយោជក ឬតំណាងនិយោជក ត្រូវនាំពលករទៅដំណើរការដាក់ពាក្យស្នើសុំបន្ត ទិដ្ឋាការស្នាក់នៅ និងបណ្ណអនុញ្ញាតការងារ ឱ្យបានរួចរាល់ចាប់ពីថ្ងៃទី១៧ ខែសីហា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។ ពលករមានចម្ងល់លើបញ្ហានេះ អាចទាក់ទងទៅកាន់ស្ថានទូតតាមរយៈហ្វេសប៊ុកផេក ឬលេខទូរសព្ទ ០៩៨ ០៩២ ៥៩០៥។

ជាមួយនឹងសេចក្តីជូនដំណឹងនេះ មន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ ក៏បានអំពាវនាវដល់ពលករកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃទាំងអស់ រូតរះទៅបំពេញបែបបទលិខិតស្នាមផ្សេងៗ ដើម្បីទទួលបានសុពលភាពស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ តាមការកំណត់របស់រាជរដ្ឋាភិបាលថៃ៕

website_news/2020010906.txt · Last modified: 2020/09/01 14:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki