website_news:2020011002

សិក្ខាសាលាពិគ្រោះយោបល់ និងការអនុវត្តគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស

https://www.facebook.com/mosvygov/ 01-10-2020

ភ្នំពេញ៖ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញក្នុងកម្មវិធីបើកសិក្ខាសាលាពិគ្រោះយោបល់ និងការអនុវត្តគោលនយោបាយ និងបទដ្ឋានអប្បបរមាស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅសណ្ឋាគារកាំបូឌីយ៉ាណាភ្នំពេញ។ នាឱកាសនោះ ឯកឧតម បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបាន នឹងកំពុងខិតខំប្រឹងប្រែង បង្កើតរៀបចំចងក្រង ផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយយុទ្ធសាស្ត្រផែនការកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី និងយន្តការនានា សំដៅប្រយុទ្ធប្រឆាំង និងកាត់បន្ថយឲ្យបានជាអតិបរមា នូវអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើមនុស្សទាំងក្នុងក្របខណ្ឌជាតិ អនុតំបន់ តំបន់ និងលើពិភពលោក។

ដោយឡែកក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានទទួលអាណត្តិពីរាជរដ្ឋាភិបាលក្នុងការការពារ និងការផ្ដល់សេវាគាំទ្រដល់ជនរងគ្រោះ ក្រសួងបានបំពេញការងារយ៉ាងសកម្ម និងសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការងារកសាងគោលនយោបាយការបង្ការទប់ស្កាត់អំពើជួញដូរមនុស្សការពង្រឹងកិច្ចសហប្រតិបត្តិការ និងការបង្កើតភាពជាដៃគូ។ ឯកឧត្តមបានបន្តថា ទោះ បីក្រសួងសម្រេចបានសមិទ្ធផលជាច្រើនយ៉ាងណាក៏ដោយ ក៏ការការពារជនរងគ្រោះដោយអំពើជួញដូរមនុស្សនៅមិនទាន់បានឆ្លើយតបទាំងស្រុងនៅឡើយទេ ជាពិសេសការផ្ដល់សេវាគាំទ្រសំរាប់ជនរងគ្រោះនៅមានកម្រិតនៅឡើយ ។ បន្ទាប់ពីក្រសួង ស.អ.យ. បានដាក់ចេញនូវគោលនយោបាយ និងបទដ្ឋានអប្បបរមាស្តីពីកិច្ចការពារសិទ្ធិរបស់ជនរងគ្រោះដោយអំពើជួញដូរមនុស្សឆ្នាំ២០០៩ ក្រសួងបានធ្វើការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលជាច្រើនវគ្គសម្រាប់អនុវត្តទាំងនៅថ្នាក់ជាតិ និងក្រោមជាតិសំដៅពង្រឹងសមត្ថភាពជំនាញរបស់មន្ត្រីទទួលបន្ទុកការងារសង្គមកិច្ចពាក់ព័ន្ធនានាទាំងស្ថាប័នរដ្ឋាភិបាល និងអង្គការដៃគូអភិវឌ្ឍន៍ ក្នុងការការពារ និងគាំទ្រដល់ជនរងគ្រោះប្រកបដោយសុវត្ថិភាព និងជាពិសេសធានាបាននូវជនរងគ្រោះទទួលបានផលប្រយោជន៍ពីលិខិតុបករណ៍ជាតិ ច្បាប់ជាតិ និងអន្តរជាតិព្រមទាំងទទួលបាននូវសិទ្ធិអំណាច និងមានលទ្ធភាពធ្វើសមាហរណកម្មទៅក្នុងគ្រួសារ និងសមាគមដោយជោគជ័យជាស្ថាពរទទួលបានការឧបត្ថម្ភទាំងផ្នែកសំភារៈ និងស្មារតីពិសេស សេវាសុខភាព ការអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទទួលបាននូវកិច្ចការពារយ៉ាងល្អប្រសើរ ឆ្លងផុតពីភាពរងគ្រោះជាថ្មី និងការរើសអើង៕

website_news/2020011002.txt · Last modified: 2020/10/01 15:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki