website_news:2020011203

វៀតណាមបំពេញការប្តេជ្ញាចិត្តក្នុងការធានានូវការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព

https://www.information.gov.kh/ ចេញផ្សាយ ថ្ងៃទី 1 ខែ ធ្នូរ ឆ្នាំ 2020

AKP ភ្នំពេញថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២០ – កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ក្រសួងការបរទេសវៀតណាម និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានរួមគ្នារៀបចំសន្និសីទមួយ ស្តីពីការអនុវត្តការកតិកាសញ្ញាជាសកលសម្រាប់ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព មានសណ្តាប់ធ្នាប់ និងទៀងទាត់ (GCM) នៅទីក្រុងហាណូយ។សន្និសីទនេះមានការចូលរួមពីគណៈប្រតិភូជាង ១១០នាក់ មកពីក្រសួង ទីភ្នាក់ងារ និងមូលដ្ឋាន និងអង្គការអន្តរជាតិនានា។

នៅក្នុងសុន្ទរកថារបស់អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Toh Anh Dung បាននិយាយថា ផែនការអនុវត្ត GCM របស់ប្រទេសវៀតណាម គឺបានដាក់ចេញនូវដំណោះស្រាយរួម និងគ្រប់ជ្រុងជ្រោយសម្រាប់បញ្ហាចំណាកស្រុកអន្តរជាតិនាពេលបច្ចុប្បន្ននេះ ជាមួយនឹងបញ្ហាយេនឌ័រ និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលត្រូវបានយកចិត្តទុកដាក់ផងដែរ។ លោកបាននិយាយថា នេះគឺជាការបោះជំហានទៅមុខយ៉ាងរឹងមាំមួយរបស់ប្រទេសវៀតណាមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការធ្វើចំណាកស្រុក ដោយបង្ហាញនូវការប្តេជ្ញាចិត្តរបស់ប្រទេសនេះ និងស្មារតីទទួលខុសត្រូវក្នុងការថែរក្សា និងបង្រួបបង្រួមបរិយាកាសចំណាកស្រុកប្រកបដោយតម្លាភាព និងសុវត្ថិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ មន្ត្រីរូបនោះបាននិយាយបន្ថែមថា សន្និសីទនេះបានផ្តល់ឱកាសក្នុងការពិនិត្យមើលឡើងវិញនូវការធ្វើចំណាកស្រុករបស់ពលករវៀតណាមទៅកាន់ប្រទេសក្រៅ ក៏ដូចជាការគ្រប់គ្រងរបស់វៀតណាមនៅក្នុងបញ្ហានេះ។

លោកស្រី Park Mi-hyung ប្រធានបេសកកម្មរបស់អង្គការ IOM ប្រចាំប្រទេសវៀតណាម បាននិយាយថា ការដាក់ចេញនូវផែនការនេះគឺជាការឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តខ្ពស់របស់ប្រទេសវៀតណាមក្នុងការលើកកម្ពស់ការយល់ឃើញរួម និងការចែករំលែកការទទួលខុសត្រូវចំពោះការធ្វើចំណាកស្រុកដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងអស់។ សន្និសីទនេះក៏ជាឱកាសមួយផងដែរសម្រាប់គណៈប្រតិភូធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នា និងធ្វើការរួមគ្នាដើម្បីបង្កើតគោលនយោបាយគ្រប់ជ្រុងជ្រោយក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់ជនចំណាកស្រុក ទន្ទឹមនឹងការបង្កើនកិច្ចសម្របសម្រួលក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុកនៅកម្រិតផ្សេងៗគ្នា ជាពិសេសនៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ ហើយប្រទេសជាច្រើនកំពុងពិចារណាក្នុងការបើកដំណើរការព្រំដែនរបស់ពួកគេឡើងវិញ៕ (ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)

website_news/2020011203.txt · Last modified: 2020/12/01 11:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki