website_news:2020020301

កុមារខ្មែរចំនួន១៧នាក់កំពុងស្ថិតនៅមណ្ឌលថែទាំមួយកន្លែងនៅក្នុងប្រទេសថៃ បន្ទាប់ពីអាជ្ញាធរប្រទេសនេះបានឆ្មក់ចូលបង្ក្រាបលើទីតាំង៤កន្លែងនៅតំបន់ឆ្នេរ Patong ក្នុងខេត្តភូកេត កាលពីចុងសប្តាហ៍មុន

http://www.rfi.fr/km/cambodia/Chidrens-in-Thailand -29-02-2020

នេះបើតាមអាជ្ញាធរជាតិប្រឆាំងការជួញដូរមនុស្សរបស់កម្ពុជា។ ប៉ុន្តែគេមិនទាន់ដឹងថា តើនឹងត្រូវបញ្ជួនកុមារទាំងនោះមកកម្ពុជាវិញឬយ៉ាងណាទេ ដែលបញ្ហានៅត្រង់ថាឳពុកម្តាយរបស់ពួកគេកំពុងតែរស់នៅប្រទេសថៃដែរ។

លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្រៃ្តយ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សកម្ពុជា បានប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅថ្ងៃសៅរ៍នេះថា ស្ថានទូតខ្មែរនៅទីក្រុងបាងកកកំពុងធ្វើកិច្ចការនេះជាមួយអាជ្ញាធរថៃ ខណៈសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនបណ្តាញមេខ្យល់នៅប្រទេសខ្មែរ។ លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់ថា កុមារខ្មែរចំនួន១៧នាក់នោះ កំពុងស្ថិតនៅមណ្ឌលថែទាំមួយកន្លែងនៅក្នុងប្រទេសថៃ បន្ទាប់ពីអាជ្ញាធរប្រទេសនេះបានឆ្មក់ចូលបង្ក្រាបលើទីតាំង៤កន្លែងនៅតំបន់ឆ្នេរ Patong ក្នុងខេត្តភូកេត កាលពីចុងសប្តាហ៍មុន។

នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Phuket News នៅថ្ងៃទី២៤ ខែកុម្ភៈ គឺកុមារខ្មែរទាំងនោះត្រូវបានគេប្រើឲ្យដើរសុំទានឬលក់របស់របរ ដោយដាក់កំហិតក្នុងមួយថ្ងៃឲ្យបាន៣០០០បាត ។ហើយកុមារខ្លះក្នុងចំណោមនោះត្រូវរងការធ្វើទារុណកម្មលើរាងកាយ នៅពេលពួកគេមិនអាចរកលុយបានគ្រប់ចំនួន។ កុមារទាំងនោះភាគច្រើនអាយុក្រោម១៥ឆ្នាំ ពួកគេធ្វើការដោយគ្មានថ្ងៃសម្រាក។ តាមការសាកសួរទៅលើកុមារទាំងនោះ គឺក្រុមមេខ្យល់បានសន្យាផ្តល់ប្រាក់ឲ្យឳពុកម្តាយពួកគេចំនួន៥០០០បាតក្នុងមួយខែ តែជាក់ស្តែងឳពុកម្តាយពួកគេមិនដែលបានទទួលលុយនោះឡើយ។

ករណីនេះ លោកស្រី ជូ ប៊ុនអេង នៅមិនទាន់អាចសន្និដ្ឋានបានថាជាករណីជូញដូរមនុស្សឬយ៉ាងណាទេដោយត្រូវការរបាយការណ៍លំអិតបន្ថែមពីអាជ្ញាធរពាក់ព័ន្ធដែលកំពុងសាកសួរទៅលើឳម្តាយរបស់កុមារទាំងនោះដែលកំពុងរស់នៅប្រទេសថៃ។ ហើយនេះក៏បញ្ហាមួយដែលអាជ្ញាធរពិបាកសម្រេចចិត្តថានឹងបញ្ជួនកុមារទាំងនោះមកកម្ពុជាវិញឬយ៉ាងណា?

បើតាមសារព័ត៌មានថៃ Phuket News ក្នុងប្រតិបត្តិការចុះបង្រ្កាបករណីសង្ស័យការជួញដូរមនុស្សនៅតំបន់ឆ្នេរ Patong ក្នុងខេត្តភូកេតនោះ ប៉ូលីសថៃបានចាប់ខ្លួនមនុស្ស២នាក់ ដែលម្នាក់ជាជនជាតិថៃ និងម្នាក់ទៀតមិនមែនជាជនជាតិថៃនោះទេ។

តែបើតាមលោកស្រី ជូ ប៊ុនអេង នេះមិនមែនជាករណីទី១ដែលអាជ្ញាធរថៃបង្ក្រាបលើករណីសង្ស័យជួញដូរមនុស្សនេះ ខណៈអាជ្ញាធរកម្ពុជាកំពុងស្វែងរកចាប់ខ្លួនបណ្តាញមេខ្យល់នៅប្រទេសខ្មែរផងដែរ៕

website_news/2020020301.txt · Last modified: 2020/03/02 14:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki