website_news:2020020601

ពលកម្មកុមារលាក់មុខនៅក្នុងឧស្សាហកម្មវាយនភណ្ឌនិងកាត់ដេរសំលៀកបំពាក់

https://www.rfa.org/khmer/ ដោយ សេក បណ្ឌិត 2020-06-01

ដោយសារតែកត្តាជីវភាព កម្មករ-កម្មការិនីជាច្រើនដែលមានអាយុក្រោមច្បាប់កំណត់ បានខ្ចីសៀវភៅគ្រួសាររបស់មិត្តភ័ក្ដិ រឺក៏បងប្អូន ដើម្បីមានលទ្ធភាពធ្វើការងារនៅក្នុងរោងចក្រនានា។ សង្គមស៊ីវិលបារម្ភពីការប៉ះពាល់សុខភាព និងការរៀនសូត្ររបស់កុមារដែលបង្ខំចិត្តចូលធ្វើការដោយខុសច្បាប់ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។

ថ្ងៃទី១ មិថុនា គឺជាខួបលើទី៧១ នៃទិវាកុមារអន្តរជាតិ និងថ្ងៃទី១២ មិថុនា គឺជាខួបលើកទី១៩ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ។ ប៉ុន្តែសម្រាប់កម្មការិនី ភួង រចនា ដែលបម្រើការងារនៅក្នុងរោងចក្រមួយកន្លែងនៅទីក្រុងភ្នំពេញ ពុំដឹងទេថា អ្វីទៅជាពលកម្មកុមារនោះទេ ដែលកាលពី២ឆ្នាំមុន កញ្ញាបានប្រើសៀវភៅគ្រួសារអ្នកដទៃ ដើម្បីទទួលបានការងារធ្វើជាកម្មការិនីរោងចក្រនោះទេ។ អង្គុយនៅក្នុងអង្រឹងក្រោយផ្ទះក្រោមម្លប់ដើមឬស្សី ក្នុងស្រុកកណ្ដាលស្ទឹង កញ្ញា រចនា ដែលបច្ចុប្បន្ន មានអាយុ ១៦ឆ្នាំហើយនោះ បានឱ្យដឹងថា កញ្ញាបានបម្រើការងារនៅក្នុងរោងចក្រកាលពីនាងមានអាយុ ១៤ឆ្នាំ ហើយដោយសារតែអាយុមិនគ្រប់មិនអាចធ្វើការងារបាន គ្រួសាររបស់កញ្ញាបានយកសៀវភៅគ្រួសារពីបងប្អូនជីដូនមួយទៅប្រើ។ អ្វីដែលកញ្ញាត្រូវធ្វើនៅពេលនោះគឺត្រូវទន្ទិញឈ្មោះ ថ្ងៃខែ ឆ្នាំកំណើតឱ្យចាំស្ទាត់មាត់៖ «មួយគំនរ គេដំឡើងទាំងអស់ហ្នឹង គ្រាន់តែទៅដល់គ្រាន់រដ្ឋបាលគេសួរ អឺ យើងឈ្មោះអី បងប្អូនប៉ុន្មាននាក់អីប៉ុណ្ណឹងហ្នឹង»។កញ្ញា រចនា ពុំបានដឹងថា ការងាររបស់នាងនៅពេលនោះខុសច្បាប់នោះទេ ហើយមិនមែនមានតែខ្លួនកញ្ញាម្នាក់ឯងនោះទេ មិនគ្រប់អាយុនៅពេលនោះ ដែលធ្វើការក្នុងរោងចក្រដែលកំពុងធ្វើសព្វថ្ងៃនេះ។ កញ្ញា រចនា បានសម្រេចចិត្តបោះបង់ចោលការសិក្សារនៅថ្នាក់ទី៨ ដោយសារតែពិបាកក្នុងការធ្វើដំណើរទៅរៀន ហើយម្យ៉ាងទៀតឃើញមិត្តភ័ក្ដិអាយុដូចគ្នាបានចូលធ្វើការងាររោងចក្រ បានលុយបានកាក់យកមកឱ្យគ្រួសារ កញ្ញាក៏សម្រេចចិត្តទៅរកការងារធ្វើនៅរកចក្រដែរ ប៉ុន្តែមានការលំបាកខ្លាំងទម្រាំរកឯកសារដើម្បីបង្ហាញខាងរោងចក្រថា មានអាយុគ្រប់ ១៨ឆ្នាំ៖ «តែឥឡូវអត់ដូចមុនទេ ឥឡូវស្រួលសឹងអីពូ ឱ្យតែយើងមានខ្សែ បើយើងមានខ្សែគេអត់សួរនាំច្រើនទេ»។

កម្មការិនី ម្នាក់ដែលបម្រើការងារនៅរោងចក្រមួយកន្លែងក្នុងទីក្រុងភ្នំពេញ ដោយស្នើមិនបញ្ចេញឈ្មោះនិងសំឡេងថា កញ្ញាគឺជាកូនអ្នកស្រុកស្រែ ឪពុកម្ដាយមិនបានយកចិត្តទុកដាក់ក្នុងការធ្វើសំបុត្រកំណើត ហើយនៅពេលដែលកញ្ញាមករកការងារធ្វើនៅភ្នំពេញ គ្មានសំបុត្រកំណើត ប៉ុន្តែមានសៀវភៅគ្រួសារ។ នាងថា ទៅខ្ចីសៀវភៅគ្រួសារមិត្តភ័ក្ដិ ដើម្បីធ្វើតេស្តចូលធ្វើការ ព្រោះកាលពី ៥ឆ្នាំមុន ខ្ញុំទើបតែ ១៥ឆ្នាំ។ ឥឡូវអាយុ ២០ឆ្នាំហើយ នាងកំពុងបារម្ភ ចំពោះការទទួលអត្ថប្រយោជន៍ពីប័ណ្ណប.ស.ស ព្រោះឈ្មោះគេ។ កម្មការិនីរូបនេះបានលើកឡើងថា ភាគច្រើនអ្នកដែលធ្វើការរោងចក្រគឺ គ្មានឱកាសក្នុងការសិក្សា ទីពីរស្ថានភាពគ្រួសារក្រីក្រ អ្នកខ្លះទៀតខ្ជិលរៀនតែម្ដង និងជ្រួលជ្រើមតាមគ្នា។

ចំណែកឪពុករបស់យុវជនរងគ្រោះ ឃឹម សុផាត គឺលោក ឃឹម សឿន ដែលកូនបាត់ខ្លួនកាលពី ឆ្នាំ២០១៤ ក្នុងកូដកម្មសុំដំឡើងប្រាក់ខែគោល១៦០ដុល្លារ នៅផ្លូវវេងស្រេង ក្រុងភ្នំពេញ បានឱ្យដឹងថា ពេលកូនរបស់លោកទៅបម្រើការងារនៅក្នុងរោងចក្រ ពុំទាន់គ្រប់អាយុធ្វើការទេ ប៉ុន្តែកូនរបស់គាត់ បានយកឯកសារស្របច្បាប់របស់អ្នកភូមិជិតខាង ដើម្បីយកទៅធ្វើតេស្តចូលធ្វើការ។ លោកឱ្យដឹងទៀតថា លោកបណ្ដោយឱ្យកូនទៅធ្វើការទាំងនៅក្មេងដើម្បីបានប្រាក់ខ្លះ ទ្រទ្រង់ជីវភាពគ្រួសារ ព្រោះកាលនោះគ្រួសាររបស់លោកស្ថិតក្នុងស្ថានភាពលំបាក៖ «កូនខ្ញុំទៅធ្វើការរោងចក្រលោកគ្រូ អាយុ ១៦ ឆ្នាំ។ វាមិនទាន់គ្រប់អាយុ ខ្ចីឈ្មោះគេចូល លោកគ្រូ! យកទាំងសៀវភៅគ្រួសារ ទាំងសំបុត្រកំណើតគេទៅ លោកគ្រូ!។ កាលហ្នឹងខ្ចីគ្នាចុះឡងៗដែរកាលមុន»។ លោកបញ្ជាក់ទៀតថា កាលសម័យនោះ នៅពេលទៅរកការងារធ្វើរោងចក្រ ពួកគេមិនខ្វល់ថា គ្រប់អាយុ ឬអត់នោះទេ ព្រោះពួកគេអាងខ្ចីសៀវភៅគ្រួសារ របស់មិត្តភ័ក្ដិយកទៅបង្ហាញពួករោងចក្រ ដោយពុំចាំបាច់ធ្វើលិខិតបញ្ជាក់ពីអាជ្ញាធរភូមិឃុំនោះទេ។ ម្យ៉ាងទៀតខាងរោងចក្រក៏មិនតឹងរ៉ឹង នៅពេលគេពិនិត្យឯកសារ៖ «រោងចក្រកាលនោះវា មានទេ ឱ្យតែបានគ្រប់អាយុ គេឱ្យចូលតែម្ដងកាលហ្នឹង»។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញសារលិខិតអបអរសារទរខួបលើទី៧១ ទិវាកុមារអន្ដរជាតិ១មិថុនា ខួបលើកទី១៩ និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ឆ្នាំ២០២០ ដោយជំរុញក្រសួងស្ថាប័នត្រូវបន្តអនុវត្តសញ្ញាស្នូលនៃ អង្គការអន្ដរជាតិខាងការងារ ដើម្បីលុបបំបាត់គ្រប់ទម្រង់នៃពលកម្មកុមារ លើកកម្ពស់ការយល់ដឹង បណ្ដុះបណ្ដាល និងផ្សព្វផ្សាយអំពីការប្រើប្រាស់ពលកម្មកុមារគ្រប់សកម្មភាពសេដ្ឋកិច្ច និងពង្រឹងវិធានការអធិការកិច្ចពលកម្មកុមារ ព្រមទាំងកៀរគរធនធាន និងចលនាសាធារជន ក្នុងការស្វែងរកដំណោះស្រាយសមស្រប ដើម្បីជួយសង្គ្រោះពលកម្មកុមារ។

ចំណែក អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានថ្លែងថា បើយោងទៅតាមច្បាប់ ស្ដីពីការងារ កម្ពុជា និងយោងទៅលើអនុសញ្ញាអន្តរជាតិខាងការងារ គឺកុមារដែលមានអាយុពី ១២ ដល់ ១៥ឆ្នាំ អនុញ្ញាតឱ្យធ្វើការងារដែលស្រាលៗ ហើយមានរយៈពេលមិនលើស ១២ម៉ោងក្នុង១សប្ដាហ៍ រឺមិនលើស ៤ម៉ោងក្នុងមួយថ្ងៃ ហើយការងារមិនត្រូវប៉ះពាល់ទៅដល់ម៉ោងរៀនសូត្រ និងមិនមែនជាកិច្ចការងារដែលប្រើប្រាស់កម្លាំងដ៏ធ្ងន់ធ្ងរ។ លោកថា ដោយឡែកកុមារដែលលើសពី ១៥ឆ្នាំ ទៅ១៨ គឺអនុញ្ញាតឱ្យធ្វើការងារធម្មតា ប៉ុន្តែ ត្រូវមានការអនុញ្ញាតពី អធិការការងារជាមុន និងត្រូវមានការយល់ព្រមពីអាណាព្យាបាល ហើយមិនត្រូវធ្វើការចន្លោះម៉ោង ១០យប់ ដល់ម៉ោង៥ភ្លឺ និងមិនអនុញ្ញាតឱ្យធ្វើការថែមម៉ោងនៅថ្ងៃអាទិត្យ រឺនៅថ្ងៃឈប់សម្រាកនោះឡើយ៖ «សហគ្រាសដែលរំលោភទៅលើបញ្ញត្តពាក់ព័ន្ធនៅនឹងការប្រើប្រាស់ពលកម្ម កុមារនេះគឺត្រូវពិន័យតាមច្បាប់ ស្ដីពីការងារផង ហើយបើសិនជាការរំលោភនេះ បន្តដោយកើតឡើងជាដដែលៗ គឺម្ចាស់សហគ្រាស គឺអាចប្រឈមទៅនឹងទោសទណ្ឌដទៃផ្សេងទៀត ដែលមានចែងនៅក្នុងច្បាប់ព្រហ្មទណ្ឌ ហើយនិងរដ្ឋប្បវេណីផងដែរ ជាពិសេសបើសិនជាមានគ្រោះថ្នាក់ការងារណាមួយកើតឡើងដែលបណ្តាលមកពីការធ្វេសប្រហែសរបស់ម្ចាស់សហគ្រាស អឺ រឺមួយរោងចក្រទាំងអស់នោះ»។

អាយុស្របច្បាប់ធ្វើការបាននៅរោងចក្រក្នុងប្រទេសកម្ពុជា គឺ ១៥ឆ្នាំ ប៉ុន្តែច្បាប់នេះចែងថា “យុវជន” ក្មេងជំទង់អាយុចន្លោះ១៥ ឆ្នាំដល់១៧ឆ្នាំ មិនអាចធ្វើការលើសម៉ោង ឬក៏ធ្វើការធ្ងន់បានទេ ហើយត្រូវមានពេលឈប់សម្រាកយ៉ាងហោចណាស់ ១៣ម៉ោងក្នុងវេននីមួយៗ។ នាយកប្រតិបត្តិ មជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានឱ្យដឹងថា ដោយសារភាពក្រីក្រមានជាទូទៅក្នុងប្រទេសនេះ ចៀសមិនផុតទេ ដែលគ្រួសារមួយចំនួននឹងជ្រើសរើសបញ្ជូនកូនស្រីរបស់ខ្លួនទៅធ្វើការនៅតាមរោងចក្រ ទាំងពួកគេនៅក្មេងនៅឡើយ។ លោកបានបន្ថែមថា ម្យ៉ាងទៀតគឺភាពងាយស្រួលក្នុងការខ្ចីឯកសារគ្នាទៅវិញទៅមកនៅក្នុងសហគមន៍ បើទោះបីជាគាត់មិនទាន់គ្រប់អាយុគាត់អាចធ្វើការនៅក្នុងរោចក្រ។ មួយវិញទៀតគឺខាងរោងចក្រធ្វើមិនដឹងមិនលឺចំពោះរឿងដែលកម្មករធ្វើការមិនគ្រប់អាយុ ខណៈដែលរោងចក្រទាំងនោះរំលោភច្បាប់ ដោយមិនផ្ដល់កិច្ចការពារត្រឹមត្រូវដល់កម្មករក្មេងៗទាំងនោះ៖ «យើងត្រូវអនុវត្តន៍ច្បាប់ឱ្យបានពេញលេញនៅក្នុងវិស័យការងារហ្នឹង ដូចជាបើសិនជា អឺក្រុមហ៊ុនណាដែលជួល ពលករ រឺក៏កម្មករ នៅក្រោមអាយុ១៨ឆ្នាំហ្នឹង ត្រូវតែអនុវត្តតាមគោលការណ៍ដែលច្បាប់បានចែងហ្នឹង មានន័យថា ត្រូវឱ្យគាត់ធ្វើការនៅចំនួនម៉ោងណាមួយហើយ អឺរៀបចំកញ្ចប់ណាមួយឱ្យគាត់អាចមានពេលទៅរៀនសូត្រ ទៅអឺចូលការសិក្សា ណាស់ បន្តការសិក្សា បើសិនជាយើងអនុវត្តន៍បែបហ្នឹងគឺវា វាអាចដោះបាន»។

កន្លងទៅ រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានចេញលិខិតព្រមានប្រាប់ទៅម្ចាស់នាយកសហគ្រាស គ្រឹះស្ថាន ថា ក្រសួងសង្កេតឃើញថា មានបញ្ហាប្រឈមមួយចំនួន អំពីអត្តសញ្ញាណរបស់កម្មករនិយោជិក ដូចជាការខ្ចីឈ្មោះអ្នកដទៃប្រើ ការខុសឈ្មោះ ការខុសភេទ ការខុសថ្ងៃខែឆ្នាំកំណើត ការខុសទីកន្លែងកំណើតជាដើម ដែលអាចបង្កឱ្យលេចចេញនូវបាតុភាពមិនប្រក្រតីនានា ធ្វើឱ្យភាគីពាក់ព័ន្ធមានការព្រួយបារម្ភចំពោះផលប៉ះពាល់តាមច្បាប់ ទាក់ទងនឹងការក្លែងឯកសារ ការបាត់បង់អតីតភាពការងារ ការបណ្ដេញចេញពីការងារ ការចោទប្រកាន់ចំពោះការប្រើប្រាស់ពលកម្មកុមារ និងចំណុចផ្សេងៗទៀត។

កន្លងទៅអង្គការពលកម្មអន្តរជាតិ(ILO)បានរកឃើញថា មានកុមារចំនួនជាង៧៥ម៉ឺននាក់ ៧៥៥.២៤៥ កំពុងធ្វើការក្នុងប្រទេសកម្ពុជា។ ក្នុងនេះមានចំនួនជិត ៤៣ម៉ឺននាក់(៤២៩.៣៨០) ឬស្មើ(៥៦.៩%) ត្រូវបានចាត់ទុកថាជាកម្មករកុមារ ហើយមានចំនួនជាង២៣ម៉ឺននាក់ (២៣៦.៤៩៨នាក់) ឬស្មើ (៣១.៣%) បានធ្វើការក្នុងលក្ខខ័ណ្ឌគ្រោះថ្នាក់ដែលអ្នកទាំងនោះត្រូវបានរងផលប៉ះពាល់ពីសារធាតុ ឬសម្ភារៈគីមី៕

website_news/2020020601.txt · Last modified: 2020/06/02 15:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki