website_news:2020020602

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែបន្តវិធានការការពារកុមារ ទោះបី ស្ថិតក្នុងស្ថានភាពណាក៏ដោយ

https://www.information.gov.kh/ ថ្ងៃទី 1 ខែ មិថុនា ឆ្នាំ 2020 វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែបន្តវិធានការការពារកុមារ ទោះបីស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ ដើម្បីធានាថាកុមារពិតជាមិនមានការកេងប្រវ័ញ្ចលើកម្លាំងពលកម្ម។

លោក ពេជ្រ បញ្ញា ប្រធានផ្នែកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារនៃក្រសួងការងារនិងបណ្តុះបណ្តាវិជ្ជាជីវៈ បានមានប្រសាសន៍ឲ្យដឹងថា ក្រសួងការងារ បានចាត់វិធានការ៣ដំណាក់កាលក្នុងការការពារកុមារ គឺដំណាក់កាលទី១ មុនជំងឺកូវីដ-១៩ ផ្ទុះឡើង ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមរយៈយន្តការអធិការកិច្ច បានចុះទៅផ្សព្វផ្សាយ ចុះធ្វើអធិការកិច្ចសាមញ្ញ និងអធិការកិច្ចពិសេស នៅតាមបណ្ដាសហគ្រាសគ្រឹះស្ថានដែលស្ថិតនៅក្រោមច្បាប់ស្ដីពីការងារ អំពីការលើកកម្ពស់លក្ខខណ្ឌការងារ លក្ខខណ្ឌអនាម័យនិងសន្តិសុខការងារ លក្ខខណ្ឌបេឡាជាតិរបបសន្តិសុខសង្គម និងការលុបបំបាត់ពលកម្មកុមារនៅតាមបណ្ដាសហគ្រាសគ្រឹះស្ថាន។

ដំណាក់កាលទី២ អំឡុងពេលវិបត្តិកូវីដ១៩ ក្រសួងការងារ ក៏បានចុះផ្សព្វផ្សាយក៏ដូចជាចាត់វិធានការផ្លូវច្បាប់ចំពោះសហគ្រាសគ្រឹះស្ថានសិប្បកម្មផលិតឥដ្ឋនៅទូទាំង២៥រាជធានីខេត្តដែល ប្រើប្រាស់កុមារដែលមានអាយុក្រោមច្បាប់កំណត់ចូលទៅក្នុងខ្សែសង្វាក់ផលិតកម្ម ក្រសួងនឹងចាត់វិធានការផ្លូវច្បាប់មានទាំងទោស មានបទល្មើសតាមច្បាប់ស្ដីពីការងារ មានទាំងបទល្មើសព្រហ្មទណ្ឌ។ និងដំណាក់កាលទី៣ ក្រោយពីការបញ្ចប់កូវីដ១៩ ទៅក្រសួងនឹង នៅតែបន្តលើកកំពស់ការយល់ដឹង ការថែទាំសុខភាពនិងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទៅដល់កុមារនិងក្រុមគ្រួសារកុមារដែលងាយរងគ្រោះ។

លោកបានឲ្យដឹងថាបន្ដថា ដើម្បីចូលរួមកិច្ចការពារកុមារក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ នេះ ក្រសួងការងារបានចុះផ្សព្វផ្សាយនៅតាមបណ្ដាសហគ្រាសគ្រឹះស្ថានស្ដីពីវិធានការណែនាំរបស់ក្រសួងសុខាភិបាល។ « ដើម្បីចូលរួមអបអរសាទរក្នុងទិវា ១ មិថុនា ក៏ដូចជាទិវាខួបលើកទី ១៩ នៃកុមារពិភពលោកប្រកម្មពលកម្មកុមារ ១២មិថុនា ក៏ដូចជាដើម្បីចូលរួមកិច្ចការពារកុមារក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ នេះ ក្រសួងការងារបានចុះផ្សព្វផ្សាយនៅតាមបណ្ដាសហគ្រាសគ្រឹះស្ថានអំពីការទប់ស្កាត់និងវិធីសាស្រ្តការពារ ទៅតាមសារាចរការណែនាំរបស់ក្រសួងសុខាភិបាល គឺយើងចុះទៅតាមបណ្ដាសហគ្រាសគ្រឹះស្ថានដែលស្ថិតនៅក្នុងរាជធានីខេត្ត ដោយចុះផ្សព្វផ្សាយអំពីវិធីសាស្ត្រការពារការសម្អាតដៃនឹងសាប៊ូ អាកុល ជាពិសេសគឺកំលាតនៅកន្លែងធ្វើការ ឲ្យនៅដាច់ដោយឡែកពីគ្នាដើម្បីយើងការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩»។ លោកបានបញ្ជាក់ថា សម្រាប់ សហគ្រាសគ្រឹះស្ថានដែលបានសុំព្យួរការងារ ដោយមូលហេតុនៃការរាតត្បាតជំងឺកូវីដ-១៩នេះ គឺរាជរដ្ឋាភិបាលបានចំណាយថវិកាជូនកម្មករនិយោជិកដែលសុំព្យួរការងារក្នុងម្នាក់ ៤០ដុល្លារ ហើយនិងការឧបត្ថម្ភពីនិយោជកចំនួន៣០ដុល្លារ៕

website_news/2020020602.txt · Last modified: 2020/06/02 15:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki