website_news:2020020606

ពលករខ្មែរ ដែលជាប់នៅម៉ាឡេស៊ី ប្រហែលត្រូវចាំដល់ខែកក្កដា ទើបមានជើងហោះហើរ

https://thmeythmey.com/ 01, Jun 2020 , 11:01 am ដោយ: ថ្មីៗ

អង្គការសង្គម-ស៊ីវិល៣៣ បានរួមគ្នាអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ប្រញាប់ជួយនាំនិស្សិតនិងពលករខ្មែរប្រមាណ១៥០នាក់ ដែលកំពុងជាប់នៅម៉ាឡេស៊ី មកកម្ពុជាវិញ។ ពួកគេ មិនអាចមកកម្ពុជានាពេលនេះ ដោយសារតែគ្មានជើងហោះហើរ។

លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្រាប់សារព័ត៌មានថ្មីៗថា ប្រហែលជាដល់ដើមខែកក្កដា ឆ្នាំ២0២0 ទើបកម្ពុជានិងម៉ាឡេស៊ី អាចមានជើងហោះឡើងវិញ។ លោក បន្តថា រដ្ឋាភិបាលកម្ពុជា មិនមានគម្រោងបញ្ជូនយន្តហោះពិសេសទៅយកពួកគាត់ឡើយ។ អ្នកនាំពាក្យរូបនេះ មានប្រសាសន៍ថា៖«មានតែពួកគាត់រង់ចាំ ដល់មានជើងហោះហើរវិញ។ នេះ ក៏ជាកង្វល់របស់រដ្ឋាភិបាលដែរ»។

តាមរយៈសេចក្តីថ្លែងការណ៍ ធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ អង្គការ-សង្គមស៊ីវិល ចាត់ទុកថា ការជួយពលករនិងនិស្សិតខ្មែរទាំងនោះ គឺស្របនឹងមាត្រា៤០ នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលចែងពីការការពារសិទ្ធិរបស់ពលរដ្ឋកម្ពុជា ក្នុងការតាំងទីលំនៅនៅឯបរទេសនិងការវិលត្រឡប់មកប្រទេសកម្ពុជាវិញ ហើយក៏ជាកាតព្វកិច្ចរបស់កម្ពុជា ក្រោមសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិផងដែរ។ ការសុំកិច្ចអន្តរាគមន៍របស់អង្គការ-សង្គមស៊ីវិលនានាពេលនេះ គឺធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា ប្រកាសថា ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស អាចវិលត្រឡប់មកកម្ពុជាវិញ ដោយមិនចាំបាច់តម្រូវឲ្យមានលិខិតបញ្ជាក់សុខភាពថាគ្មានជំងឺកូវីដ១៩នោះទេ តែពួកគេ ត្រូវទៅពិនិត្យសុខភាពពេលមកដល់កម្ពុជា។

ពលរដ្ឋកម្ពុជាប្រមាណ១៥០នោះ គ្រោងវិលមកកម្ពុជាវិញ តាំងពីដើមខែមេសា ឆ្នាំ២០២០ តែកាលនោះ រដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាត ព្រោះបារម្ភខ្លាចឆ្លងឬចម្លងជំងឺកូវីដ១៩ ពេលធ្វើដំណើរ។ ក្រោយមក រដ្ឋាភិបាលកម្ពុជា ប្រកាសថា ពលរដ្ឋខ្មែរនៅម៉ាឡេស៊ីឬនៅប្រទេសផ្សេងទៀត អាចវិលមកកម្ពុជាវិញ តែត្រូវមានលិខិតបញ្ជាក់ថាគ្មានជំងឺកូវីដ១៩។ ពលរដ្ឋខ្មែរមួយចំនួន ក្នុងចំណោមពលរដ្ឋខ្មែរប្រមាណ១៥០នាក់នៅម៉ាឡេស៊ី អះអាងថា ពួកគេ មិនមានប្រាក់ ដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ឡើយ។ ពួកគេ ត្អូញត្អែរថា ការរាលដាលជំងឺកូវីដ១៩ ធ្វើឲ្យពួកគេ រស់នៅក្នុងប្រទេសម៉ាឡេស៊ីយ៉ាងត្រដាបត្រដួស ព្រោះគ្មានការងារធ្វើ។ ពួកគេ ប្រាប់ថា ការធ្វើតេស្តរកជំងឺកូវីដ១៩ ត្រូវចំណាយប្រាក់ប្រមាណ១៥០ដុល្លារ។ រហូតដល់រដ្ឋាភិបាលកម្ពុជា ប្រកាសមិនយកលិខិតបញ្ជាក់សុខភាព ក៏ពួកគេ នៅតែមិនអាចវិលត្រឡប់មកម្ពុជាវិញ ដោយសារតែគ្មានជើងហោះហើរ៕

website_news/2020020606.txt · Last modified: 2020/06/02 15:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki