website_news:2020020703

វេទិកាផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស និងការបង្ការទប់ស្កាត់ការផ្ទុះរាលដាលនៃជម្ងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ នៅភូមិវត្តថ្មី ឃុំតាជែស ស្រុកកំពង់ត្រឡាច

https://gdlf-kh.com/ Sam Sophearum កំពង់ឆ្នាំង 2020/07/01

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ឯកស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត តំណាងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ខ.ប.ជ ខេត្តកំពង់ឆ្នាំង បានបើកវេទិកាផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស និងការបង្ការទប់ស្កាត់ការផ្ទុះរាលដាលនៃជម្ងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ នៅភូមិវត្តថ្មី ឃុំតាជែស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សមាសភាពចូលរួមមានលោកស្រី ឧត្តមសេនីយ៍ត្រី មាស សុម៉ាលី ស្នងការរងនគរបាលខេត្ត លោកស្រី ពេជ្រ សុភា ប្រធានមន្ទីរកិច្ចការនារីខេត្ត លោកស្រី អភិបាលរងស្រុកកំពង់ត្រឡាច លោក លោកស្រី ក្រុមលេខា គ.ខ.ប.ជ ខេត្ត កម្លាំងមានសមត្ថកិច្ច មេឃុំ មេភូមិ អាជ្ញាធរ និងប្រជាពលរដ្ឋជាច្រើនទៀតចូលរួមផងដែរ។

គោលបំណងនៃការរៀបចំវេទិកា គឺដើម្បី៖ ១. ឱ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់ពីផលប៉ះពាល់ការធ្វើ ចំណាកស្រុកដោយប្រថុយប្រថាន បណ្តុះការស្រលាញ់ការងារដាំដំណាំ កសិកម្មនៅមូលដ្ឋាន វិញ។ ២. ចូររួមទប់ស្កាត់ មិនចូលរួមក្នុងចលនាបាស់បោរខុសច្បាប់ និងរាយការណ៏ជាបន្ទាន់ចំពោះ មេខ្យល់អូសទាញតាមគ្រប់រូបភាព។ ៣. ចូលរួមថែរក្សាការពារសន្តិភាព។ ៤. ថែរក្សាកូនចៅ ជៀសវាងការរំលោភបំពានផ្លូវភេទ លើស្ត្រីកុមារ។ ៥. ការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក ត្រូវតែប្រុងប្រយ័ត្ន និងអនុវត្តតាមវិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា និងតាមគោលកាណ៍ ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប្រចាំ ដើម្បីចូលរួមទាំងអស់គ្នាកុំឱ្យកើតមានជំងឺកូវីដ១៩ នៅក្នុងដំណាក់កាលដែលមានរលកទី២នេះ នៅក្នុងសហគមន៍យើងជាដាច់ខាត។

ក្នុងកម្មវិធីនោះក្នុងនាមឯកឧត្តមប្រធាន គ.ខ.ប.ជ ខេត្ត បានឧបត្ថមថវិកា ដល់ ប្រជាពលរដ្ឋចូលរួមក្នុងកម្មវិធី ក្នុងម្នាក់ៗ ទទួលបាន ថវិកាចំនួន ១០ ០០០រៀល និងក្រម៉ា ៨០នាក់ និងថវិកាឧបត្ថមក្រុមការងារ ថ្នាក់ស្រុក ៣០០ ០០០រៀល កុមារ ១៤ នាក់ ក្នុងម្នាក់ៗ ៥ ០០០រៀល ថ្លៃមេក្រូ ២មុឺនរៀល សរុបថវិកាចំនួន ១ ១៧០ ០០០រៀល។ ក្នុងនោះក៏មានការចូលរួមពីអង្គការមូលនិធិសប្បុរសធ៌ម “ឆឺជឺ” បានចូលរួម ឧបត្ថមឃីដ ៥០ ដល់ក្រុមលេខា នៃគណៈកម្មាធិការប្ររយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ផងដែរ ៕

website_news/2020020703.txt · Last modified: 2020/07/02 14:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki