website_news:2020020708

អង្គការក្រៅរដ្ឋាភិបាលអំពាវនាវឲ្យមានអន្តរាគមន៍ជួយពលករខ្មែរជាប់នៅហ៊្សកដានីត្រឡប់មកកម្ពុជាវិញ

https://khmer.voanews.com/ 01 កក្កដា 2020 សាយ មុន្នី

វ៉ាស៊ីនតោន៖ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ នៅថ្ងៃពុធនេះ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើអន្តរាគមន៍ជួយនាំយកពលករចំណាកស្រុកខ្មែរ ដែលកំពុងជាប់នៅក្នុងប្រទេសហ៊្សកដានី បានវិលត្រឡប់មកកម្ពុជាវិញ។ សេចក្តីថ្លែងការណ៍របស់អង្គការក្រៅរដ្ឋាភិបាលនេះ ដែលចេញផ្សាយ ថ្ងៃទី១ ខែកក្កដា បានរៀបរាប់ថា ពលករខ្មែរយ៉ាងហោចណាស់ ២១នាក់ ដែលកំពុងស្ថិតនៅប្រទេសក្នុងតំបន់មជ្ឈិមបូព៌ានោះ បានជាប់នៅទីនោះ ៣ខែមកហើយ ក្រោយពីកិច្ចសន្យាការងាររបស់ពួកគេត្រូវបានបញ្ចប់ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។ ពលរដ្ឋចំណាកស្រុកខ្មែរទាំងនេះធ្វើការក្នុងរោងចក្រកាត់ដេរចំនួនពីរ គឺក្រុមហ៊ុន Vega Textile Co., Ltd និងក្រុមហ៊ុន Camel Textile International Corporation នៅក្នុងទីក្រុងអាលការ៉ាក់ប្រទេសហ៊្សកដានី។ អង្គការសង់ត្រាល់បានបញ្ជាក់ថា ចាប់តាំងពីបាត់បង់ការងារពីរោងចក្រ ពលករខ្មែរទាំងនេះបានជាប់នៅក្នុងប្រទេសនោះដោយគ្មានការងារធ្វើ និងគ្មានប្រាក់ចំណូល។

កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ពលរដ្ឋខ្មែរជាង ២០០នាក់ ត្រូវបានស្ថានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី ជួយសម្របសម្រួលបញ្ជូនត្រឡប់មកកម្ពុជាវិញ ក្រោយពីពួកគេបានជាប់នៅក្នុងប្រទេសនោះ ចាប់តាំងពីខែមេសា ឆ្នាំ២០២០មក ដោយសាររដ្ឋាភិបាលកម្ពុជាបានហាមឃាត់មិនឲ្យពួកគេធ្វើដំណើរចូលប្រទេសវិញនៅគ្រានោះ ពីព្រោះតែការព្រួយបារម្ភអំពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕

website_news/2020020708.txt · Last modified: 2020/07/02 14:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki