website_news:2020020709

បុរសអាមេរិកាំងម្នាក់ធ្លាប់បៀតបៀនផ្លូវភេទលើកុមារីកម្ពុជា២រូប ហើយរត់គេចខ្លួនទៅអាមេរិក ពេលនេះត្រូវតុលាការអាមេរិកកាត់ទោសឲ្យជាប់គុក ២១ ឆ្នាំ

https://khmernote.com.kh/ អន្តរជាតិ July 2, 2020 lyda

អាមេរិក៖ បុរសជនជាតិអាមេរិកម្នាក់ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសឲ្យជាប់គុករយៈពេល ២១ ឆ្នាំ ពីបទបានបៀតបៀនផ្លូវភេទមកលើកុមារីកម្ពុជាចំនួន ២រូបក្នុងអំឡុងពេលដែលគាត់បានមកធ្វើការនៅក្នុងប្រទេសកម្ពុជា។ បុរសរូបនោះត្រូវបានសារព័ត៌មាន nextshark រាយការណ៍ថា មានឈ្មោះ Micky Rife អាយុ៣៦ឆ្នាំធ្លាប់មករស់នៅនិងប្រកបរបរជាគ្រូបង្រៀនភាសានៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក។

ប្រភពខាងលើបន្តថា លោក Micky Rife បានប្រព្រឹត្តិសកម្មភាពបៀតបៀនផ្លូវភេទមកលើកុមារីកម្ពុជាចំនួន ២ ដង គឺនៅក្នុងឆ្នាំ ២០១៣ និងឆ្នាំ ២០១៨ ហើយក្មេងស្រីរងគ្រោះគឺជាកូនសិស្សរបស់គាត់ផ្ទាល់តែម្តង ដែលពួកនាងមានអាយុ ៤ ឆ្នាំ និង ៥ ឆ្នាំ បើគិតក្នុងពេលកើតហេតុនោះ។ បន្ទាប់ពីបានប្រព្រឹត្តិអំពើស្មោគគ្រោកនេះនៅក្នុងប្រទេសកម្ពុជាទាំង ២ ដងរួច លោក Micky Rife បានព្យាយាមរត់គេចខ្លួនពីការចាប់ខ្លួនរបស់អាជ្ញាធរកម្ពុជា ហើយរូបគាត់បានត្រលប់មកដល់ទឹកដីអាមេរិកវិញនៅចុងឆ្នាំ ២០១៨។

យ៉ាងណាក្តី មិត្តស្រីរបស់លោក Micky Rife បានខ្នះខ្នែងយ៉ាងខ្លាំងក្នុងការដាក់ពាក្យបណ្ដឹងតាមរយៈស្ថានទូតអាមេរិកទៅកាន់តុលាការឲ្យចាត់ការករណីមួយនេះ ព្រោះមិត្តស្រីរបស់លោក Micky Rife បារម្ភថា ថ្ងៃណាមួយលោក Micky Rife អាចនឹងប្រព្រឹត្តិអំពើស្មោគគ្រោកនេះទៀតមកកាន់កូនស្រីចិញ្ចឹមរបស់ពួកគាត់ម្នាក់ ដែលទើបមានអាយុពីរឆ្នាំម្នាក់ផងដែរ។ បើទោះជាជនល្មើសព្យាយាមរត់គេចខ្លួនយ៉ាងណាក្តី ទីបំផុត ប៉ូលិសនៅតែអាចតាមចាប់ខ្លួនគាត់បានដដែល ហើយកាលពីពេលថ្មីៗនេះតុលាការអាមេរិកបានសម្រេចកាត់ទោសឲ្យលោក Micky Rife ជាប់គុករយៈពេល២១ឆ្នាំ នៅក្នុងទឹកដីអាមេរិកជុំវិញបទល្មើសដែលរូបគាត់បានប្រព្រឹត្តិឡើងនៅក្នុងប្រទេសកម្ពុជា៕

website_news/2020020709.txt · Last modified: 2020/07/02 14:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki