website_news:2020020903

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីចំណាស់ម្នាក់ ដែលកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ៧នាក់ឱ្យដើរសុំទានតាមសួនច្បារ

http://nokorwatnews.com/ 02-09-2020

ភ្នំពេញ៖ ស្ត្រីចំណាស់ម្នាក់ត្រូវបានកម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយមន្ត្រីមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ អង្គការមេត្រីអន្តរជាតិ (AIM) អង្គការពន្លកថ្មី និងអាជ្ញាធរមូលដ្ឋាន ឃាត់ខ្លួនពាក់ព័ន្ធនឹងករណីកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ៧នាក់ឱ្យដើរសុំទាន ។ ស្ត្រីចំណាស់រូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចតាមសួនច្បារម្តុំសណ្ឋាគារសុខា ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ស្ត្រីចំណាស់រូបនេះឈ្មោះ អ៊ុំ យឿន អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅនិងមុខរបរមិនពិតប្រាកដ ។ ស្ត្រីចំណាស់រូបនេះបានសារភាពប្រាប់សមត្ថកិច្ចថា ជារៀងរាល់ព្រឹកគាត់បាននាំក្មេងៗទៅសុំទាននៅតាមសួនច្បារម្តុំសណ្ឋាគារសុខា រហូតដល់ពេលល្ងាច ទើបឱ្យក្មេងៗដេកនៅតាមសំយាបផ្ទះប្រជាពលរដ្ឋ នៅម្ដុំជ្រោយចង្វាវិញ ។ ក្នុងនោះផងដែរ ក្មេងៗម្នាក់ៗក្នុង១ថ្ងៃ អាចសុំទានបានលុយ ពី២ម៉ឺនរៀល ទៅ៣ម៉ឺនរៀលដែលលុយទាំងនោះគាត់យកទាំងអស់ដោយឱ្យក្មេងៗម្នាក់១,៥០០រៀលឬ២,០០០រៀលប៉ុណ្ណោះគ្រាន់ទិញអីហូប ។

សូមបញ្ជាក់ផងដែរថា ស្រ្តីរូបនេះជាមនុស្សញៀនស្រា ថ្ងៃណាមួយដែលក្មេងៗមិនដើរសុំទាន់ស្រ្តីនោះវ៉ៃដំទៅលើក្មេងៗនោះផងដែរ ។ បច្ចុប្បន្ន ស្រ្តីរូបនេះ សមត្ថកិច្ចកំពុងឃាត់ខ្លួនសាកសួរតាមនីតិវិធី ។ ចំណែកកុមារទាំង៧នាក់ត្រូវបាននគរបាលប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ៕ ដោយ៖ចេស្តា

website_news/2020020903.txt · Last modified: 2020/09/02 15:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki