website_news:2020021102

ឯកអគ្គរដ្ឋទូតសិង្ហបុរី ៖ សិង្ហបុរី អាចបង្កើតការងាររាប់ម៉ឺនកន្លែង ដល់កម្មករ ពលករកម្ពុជា នាពេលខាងមុខ

https://www.cen.com.kh/ October 30, 2020

រាជធានីភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសិង្ហបុរី បានគូសបញ្ជាក់ប្រាប់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អំពីលទ្ធភាពដែលអាចបង្កើតការងាររាប់ម៉ឺនកន្លែង ដល់កម្មករ ពលករកម្ពុជា នាពេលខាងមុខ ពេលដែលកិច្ចសហប្រតិបត្តិការរវាងសិង្ហបុរី និងកម្ពុជា ក្នុងការអនុវត្តគម្រោងទាំង៣ នៃការអភិវឌ្ឍទីក្រុងភ្នំពេញត្រូវបានបញ្ចប់។ ឯកឧត្តម Michael Tan Keng Siong ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ដែលនឹងបញ្ចប់បេសកកម្មនាពេលខាងមុខ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ បានចូលជួបសម្តែងការគួរសម និងជម្រាបលា ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅទីស្តីការក្រសួង។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតសិង្ហបុរី និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពុជា បានសម្តែងនូវក្តីសោមនស្សរីករាយ ចំពោះភាពល្អប្រសើរក្នុងរយៈពេលកន្លងមកនៃទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ានរវាងកម្ពុជា និងសិង្ហបុរី។

ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានលើកឡើងថា ក្នុងរយៈពេលបំពេញបេសកកម្មការទូតរបស់ ឯកឧត្តម Michael Tan Keng Siong នៅកម្ពុជាទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងសិង្ហបុរីលើការកសាងសមត្ថភាពធនធានមនុស្ស ក្នុងវិស័យមុខងារសាធារណៈត្រូវបានពង្រីកគួរឱ្យកត់សម្គាល់។ ជាក់ស្តែងកម្មវិធីផ្លាស់ប្តូរពិសោធន៍ការងារ ទស្សនកិច្ចសិក្សា វគ្គបណ្តុះបណ្តាលរយៈពេលខ្លី ដែលបានរៀបចំឡើងនៅកម្ពុជានិងនៅសិង្ហបុរី និងវគ្គហ្វឹកហ្វឺនដទៃទៀតដែលជាកម្មវិធីសហការរវាងសាលាភូមិន្ទរដ្ឋបាលកម្ពុជា (ERA) និងសាលាមុខងារសាធារណៈសិង្ហបុរី (Singapore Civil Service College) មានមន្ត្រីរាជការកម្ពុជាជាច្រើនរយនាក់បានចូលរួម។

ឯកឧត្តមឯកអគ្គរដ្ឋទូតសិង្ហបុរី Michael Tan Keng Siong បានគូសបញ្ជាក់អំពីលទ្ធភាពដែលអាចបង្កើតការងាររាប់ម៉ឺនកន្លែងដល់កម្មករ ពលករកម្ពុជានាពេលខាងមុខ ពេលដែលកិច្ចសហប្រតិបត្តិការរវាងសិង្ហបុរី និងកម្ពុជា ក្នុងការអនុវត្តគម្រោងទាំង៣ នៃការអភិវឌ្ឍទីក្រុងភ្នំពេញត្រូវបានបញ្ចប់ រួមមាន៖ គម្រោងគ្រប់គ្រងឡូជីស្ទីកភ្នំពេញ (Phnom Penh Logistics Complex Project) គម្រោងគ្រប់គ្រងសំរាម (Waste Management Project) និងគម្រោងបំប្លែងសំរាមទៅជាថាមពល (Waste to Energy Project)។ ចុងបញ្ចប់នៃជំនួបនេះ ឯកឧត្តមទាំងពីរបានប្តេជ្ញារួមគ្នា បន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីជាគុណប្រយោជន៍ដល់ចំណងមិត្តភាពរវាងរដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា សិង្ហបុរី៕ ដោយ៖បញ្ញាស័ក្តិ

website_news/2020021102.txt · Last modified: 2020/11/02 11:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki