website_news:2020030103

រថយន្តបុករថយន្តធ្វើឲ្យពលករខ្មែរប្រុសស្រី៧នាក់រងរបួសធ្ងន់ ស្រាលនៅថ្ងៃឆ្លងឆ្នាំសកល

http://nokorwatnews.com/ 02-01-2020

ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរប្រុស ស្រី៧នាក់ រងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងថ្ងៃចូលឆ្នាំសកលនៅខេត្តរ៉ាក់យ៉ង កាលពីវេលាម៉ោង ០៣ និង១៥នាទី រសៀល ថ្ងៃច័ន្ទ ទី០១ ខែមករា ឆ្នាំ២០២០ ចំណុចផ្លូវជាតិលេខ១៣ ទល់មុខរោងចក្រសៃកូ ស្ថិតនៅសង្កាត់នីគមផាត់ណា ស្រុកនីគមផាត់ណា ខេត្តរ៉ាក់យ៉ង ប្រទេសថៃ ។

ប្រភពពីសមត្ថកិច្ចថៃ អះអាងថា ជនរគ្រោះ មានពលករខ្មែរ ចំនួន ០៧នាក់ និងជនជាតិថៃ ០១នាក់ ក្នុងនោះមានស្ដ្រី ០៥នាក់ ប្រុស ០៣នាក់ ។ ប្រភពសមត្ថកិច្ចថៃប្រាប់ថា នៅថ្ងៃកើតហេតុជនរងគ្រោះនាំគ្នាធ្វើដំណើរទៅកំសាន្តនៅថ្ងៃឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំសកល ប៉ុន្ដែអកុសលបានធ្វើដំណើរមកដល់ចំណុចកើតហេតុត្រូវរថយន្តមួយគ្រឿងទៀតម៉ាក Ford Ranger មកបុកគូទពីក្រោយបណ្ដោយឲ្យពលករដែលជិះផ្នែកខាងក្រោយរថយន្តរងបួសតែម្ដង។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវសមត្ថកិច្ចថៃបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យនីគមផាត់ណា ខេត្តរ៉ាក់យ៉ង ។

បច្ចុប្បន្នជនរងគ្រោះដែលជាពលករខ្មែរបានចេញពីមន្ទីរពេទ្យមួយចំនួនហើយ នៅសល់តែស្ដ្រី ឈ្មោះ ឌួកសឿន អាយុ ៣៦ឆ្នាំ ស្រុកកំណើតរស់នៅខេត្តកំពត កំពុងព្យាបាលបន្តនៅមន្ទីរពេទ្យព្រោះទើបតែដឹងខ្លួន ។ ចំពោះហេតុការណ៍ដែលបង្កឲ្យកើតគ្រោះថ្នាក់ចរាចរណ៍ និងមនុស្សរងរបួសជាច្រើននាក់លើកនេះសមត្ថកិច្ចថៃ កំពុងរង់ចាំម្ចាស់រថយន្តទាំងពីរចូលមកដោះស្រាយតាមនីតិវិធីផ្លូវច្បាប់។ ប្រភពព័ត៌មាន៖បានឲ្យដឹងថា ជនរងគ្រោះទាំងអស់ជាពលករខ្មែរធ្វើការនៅក្នុងរោងចក្រខ្ទិះដូង ស្ថិតនៅក្នុងខេត្ដឈុនបុរី ។ ជនរងគ្រោះមានស្រុកកំណើតរស់នៅខេត្តប៉ៃលិន,ខេត្តព្រៃវែង ,ខេត្តកំពត ៕ វណ្ណា

website_news/2020030103.txt · Last modified: 2020/01/22 15:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki