website_news:2020030202

ដាក់ឲ្យប្រើប្រាស់វីដេអូអប់រំស្តីពីការបង្ការទប់ស្កាត់ការរៀបអាពាហ៍ ពិពាហ៍ក្នុងវ័យកុមារ

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 31/01/2020

ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តរតនគិរី បានប្រារព្ធធ្វើពិធីប្រកាសដាក់ឲ្យប្រើប្រាស់វីដេអូ ស្តីពីការបង្ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍ វ័យកុមារ និងការមានផ្ទៃពោះវ័យជំទង់ ក្រោមអធិបតីភាព លោកជំទាវ ចក់ មើល ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ គ.ក.ស.ក និងជាសមាជិកក្រុមប្រឹក្សាខេត្ត។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី សំណាក់ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អង្គការដៃគូពាក់ព័ន្ធ និងសមាជិក សមាជិការ ជាច្រើនរូបទៀតផងដែរ។

មានប្រសាសន៍ក្នុងពិធីប្រកាសខាងលើ លោកជំទាវ ចក់ មើល បានលើកឡើងថា វិស័យសុខុមាលភាពកុមារតាមរយៈ ការកាត់បន្ថយអំពើហិង្សាលើកុមារ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់បំផុត ហើយរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ច ដ៏ឧត្តុងឧត្តមនេះ ជូនក្រសួងពាក់ពន្ធ័នានា និងអាជ្ញាធរមានសមត្ថកិច្ចទទួលខុសត្រូវគ្រប់គ្រង និងដោះស្រាយ។ ដោយអនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត និងអង្គការដៃគូ បានធ្វើផែនការសកម្មភាពទប់ស្កាត់អាពាហ៍ពិពាហ៍កុមារ និងការមានផ្ទៃពោះវ័យជំទង់ សម្រាប់ខេត្តរតនគិរី ឆ្នាំ២០១៧-២០២១។ ផែនការនេះរួមចំណែកសម្រេចឲ្យបាននូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ឈប់អាពាហ៍ពិពាហ៍ក្នុងវ័យកុមារ និងការមានផ្ទៃពោះក្នុងវ័យជំទង់ដែលជាផ្នែកមួយនៃការអនុវត្តន៍ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយកាត់បន្ថយ ការមានផ្ទៃពោះរបស់មនុស្សវ័យជំទង់ និងការរៀបអាពាហ៍ពិពាហ៍ក្នុងវ័យកុមារ នៅសហគមន៍ជនជាតិដើមភាគតិច ខេត្តរតនគិរី។

ពិធីប្រកាសដាក់ឲ្យប្រើប្រាស់ផ្សព្វផ្សាយឧបករណ៍ និងវីដេអូនេះក្នុងគោលបំណង ១,ផ្សព្វផ្សាយពីឧបករណ៍អប់រំដែលបានផលិត ស្តីពីអាពាហ៍ពិពាហ៍វ័យកុមារ និងការមានផ្ទៃពោះវ័យជំទង់ និងណែនាំពីគម្រោងព្រមទាំង ផ្តល់ព័ត៌មានដល់អ្នកពាក់ព័ន្ធទាំងអស់ដែលមានតួនាទី និងកាតព្វកិច្ចក្នុងការទប់ស្កាត់ អាពាហ៍ពិពាហ៍វ័យកុមារ និងការមានផ្ទៃពោះវ័យជំទង់។២,លើកកម្ពស់ការចូលរួមរបស់អ្នកពាក់ព័ន្ធ និងសហគមន៍ ជាពិសេសកុមារីជនជាតិដើមភាគតិចខ្លួនឯងផ្ទាល់ក្នុងការ ទប់ស្កាត់អាពាហ៍ពិពាហ៍វ័យកុមារ និងការមានផ្ទៃពោះវ័យជំទង់។ ៣,ផ្សព្វផ្សាយបង្កើន ការយល់ដឹងពីហានិភ័យដែលពាក់ព័ន្ធលើអាពាហ៍ពិពាហ៍វ័យកុមារ និងការមានផ្ទៃពោះវ័យជំទង់។លោកជំទាវបានបន្តថា នៅទូទាំងសកលលោកក្នុងមួយឆ្នាំៗមានកុមារីច្រើនជាង ១៤លាននាក់ បានរៀបអាពាហ៍ពិពាហ៍នៅវ័យកុមារ ក្រោមអាយុ១៨ឆ្នាំ។

យោងតាមការសិក្សាស្រាវជ្រាវបឋមស្តីពីអាពាហ៍ពិពាហ៍វ័យកុមារ និងកុមារជាមាតា ក្នុងចំណោម ក្មេងស្រីអាយុពី ១២ឆ្នាំដល់១៧ឆ្នាំ ខេត្តរតនគិរី ដែលរៀបចំដោយ គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្ត្រី និងកុមារខេត្តរតនគិរី ឆ្នាំ២០១៩ បានបង្ហាញថាក្មេងស្រីជាច្រើន នៅតែរៀបការនៅវ័យជំទង់។ ក្មេងស្រីជំទង់ម្នាក់ក្នុងចំណោមក្មេងស្រីជំទង់ ៩នាក់ដែលមានអាយុពី ១២ឆ្នាំ ដល់១៧ឆ្នាំ បានរៀបអាពាហ៍ពិពាហ៍។ ក្មេងស្រីជំទង់ក្នុងក្រុមអាយុពី១៥ឆ្នាំ ដល់១៧ឆ្នាំ បង្ហាញពីអត្រារៀបអាពាហ៍ពិពាហ៍ខ្ពស់ជាងក្រុមអាយុដែលក្មេង ជាង ១២ឆ្នាំ ដល់១៤ឆ្នាំ។ ស្រុកវើនសៃមានភាគរយខ្ពស់បំផុត នៃក្មេងស្រីដែលបានរៀបការ ហើយដែលមានអាយុ១២ឆ្នាំ ដល់១៧ឆ្នាំ មានចំនួន១៩% អាយុ ១៥ឆ្នាំ ដល់១៧ឆ្នាំ មាន៣៣%។ ស្រដៀងគ្នានេះដែរ ទិន្នន័យស្តីពីស្ថានភាពសម្រាលកូនបានបង្ហាញថា ស្ថានភាពសម្រាលកូនក្នុងចំណោមក្មេងស្រីវ័យជំទង់ នៅតែជាក្តីបារម្ភមួយក្នុងខេត្តរតនគិរី។

ក្មេងស្រីវ័យជំទង់ ៨% ដែលមានអាយុពី១២ឆ្នាំ ដល់ ១៧ឆ្នាំបានសម្រាលកូន ក្នុងខែវិច្ឆិកា ឆ្នាំ២០១៨។ ក្មេងស្រីម្នាក់ ក្នុងចំណោមក្មេងស្រី ៨នាក់ដែលមាន អាយុពី១៥ឆ្នាំ ដល់១៧ឆ្នាំ និងម្នាក់ក្នុងចំណោមក្មេងស្រី ២៥នាក់ ដែលមានអាយុ ១២ឆ្នាំ ដល់១៤ឆ្នាំ ត្រូវបានកត់ត្រាថាបានសម្រាលកូន។ លោកជំទាវបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះអង្គការយូនីសេស្វ ដែលបានខិតខំជ្រោមជ្រែងគាំទ្រ និងប្រកាសដាក់ឲ្យប្រើប្រាស់វីដេអូអប់រំ ស្តីពីអាពាហ៍ពិពាហ៍ វ័យកុមារក្នុងខេត្តរតនគិរី។ ទន្ទឹមនេះដែរ លោកជំទាវសូមកោត សរសើរចំពោះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និងក្រុមការងារដែលបានយកចិត្តទុកដាក់មិនខ្លាចនឿយហត់ និងមានការអត់ធ្មត់រៀបចំពិធីសម្ពោធនេះ។ លោកជំទាវសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការជាតិ និងអន្តរជាតិទាំងអស់ដែលបានជួយដល់កុមារកម្ពុជា ធ្វើឲ្យកិច្ចការនានារីកចម្រើនជាលំដាប់៕

website_news/2020030202.txt · Last modified: 2020/02/03 15:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki