website_news:2020030203

លោក អ៊ិត សំហេង៖ បច្ចុប្បន្នពលករកម្ពុជានៅថៃស្ទើរតែ ១០០% ទទួលបានសិទ្ធិស្របច្បាប់

https://www.postkhmer.com/ ឡុង គីមម៉ារីតា | Publication date 03 February 2020 | 10:59 ICT

ភ្នំពេញៈ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា បច្ចុប្បន្នពលករកម្ពុជាដែលធ្វើការនៅប្រទេសថៃស្ទើរតែ ១០០ ភាគរយ ទទួលបានសិទ្ធិស្របច្បាប់ក្នុងការបំពេញការងារនៅក្នុងប្រទេសនេះស្របពេលដែលប្រទេសថៃជាប្រទេសទទួលពលករពីកម្ពុជាច្រើនជាងគេ។

លោក អ៊ិត សំហេង បានថ្លែងក្នុងពិធីដាក់ឲ្យប្រើប្រាស់នូវក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសពលករឯកជនកម្ពុជាកាលពីថ្ងៃទី ២៩ ខែមករានៅសណ្ឋាគារភ្នំពេញថា មកដល់ពេលនេះកម្ពុជា ពិតជាមានមោទនភាព ចំពោះភាពជោគជ័យក្នុងការអនុវត្តគោលនយោបាយទេសន្តប្រវេសន៍។ លោកបន្តថា ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះកម្ពុជាបានបញ្ចប់យុទ្ធនាការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជានៅក្នុងប្រទេសថៃដោយជោគជ័យ ហើយមកដល់ពេលនេះពលករកម្ពុជាស្ទើរតែ ១០០ ភាគរយទៅប្រទេសថៃគឺទទួលបាននូវភាពស្របច្បាប់។ លោកបន្តថា៖ «ប្រហែលជា ៦ ទៅ ៧ ឆ្នាំកន្លងមកនេះអ្នកទាំងអស់គ្នាឃើញថា យើងមានបញ្ហាប្រឈមធំ ដោយសារថាពលករទេសន្តប្រវេសន៍របស់យើងចេញទៅធ្វើការខុសច្បាប់ជាច្រើនក្នុងប្រទេសថៃក្នុងចំណោមពលកររបស់យើងនោះគឺមាន ៦០ ភាគរយដែលទៅមិនមានឯកសារគ្រប់គ្រាន់។ ផ្តើមពីបញ្ហានេះរដ្ឋាភិបាលបានបង្កើតកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូ»។

ទោះយ៉ាងណាលោក សំហេង ក៏បានទទួលស្គាល់ផងដែរ ចំពោះការខ្វះចន្លោះដែលនៅតែមានដោយពលករកម្ពុជាមួយចំនួនតូចនៅតែបន្តរស់នៅក្នុងប្រទេសថៃដោយខុសច្បាប់ដែលលោកថាក្រសួងនឹងជំរុញបន្ថែមទៀត។លោកបញ្ជាក់ថា៖ អ្នកមិនស្របច្បាប់ហ្នឹងគឺមានតែមួយចំនួនដែលបន្តធ្វើការនៅពេលដល់ពេលកំណត់នៃកិច្ចសន្យា ហើយព្យាយាមរស់នៅបន្តទៀត ដើម្បីចង់បានឱកាសរស់នៅទីនោះ ដោយមិនព្រមវិលត្រឡប់មកវិញ ដោយមិនព្រមធ្វើតាមបែបបទនីតិវិធីថ្មី។ យើងព្យាយាមសហប្រតិបត្តិការជាមួយប្រទេសទទួលដើម្បីដោះស្រាយបញ្ហានេះ។

បើតាមក្រសួងការងារគិតត្រឹមដើមឆ្នាំ ២០២០ នេះកម្ពុជាបានបញ្ជូនពលករទៅបម្រើការងារនៅបរទេសចំនួន ៦ ប្រទេសគឺប្រទេសថៃ សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី និងហុងកុងដែលមានពលករសរុបចំនួនប្រមាណ ១ លាន ២ សែននាក់ហើយក្នុង ១ ឆ្នាំៗ ពួកគេទាំងនោះបានផ្ញើថវិកាមកកម្ពុជា ដើម្បីជួយទ្រទ្រង់ជីវភាពក្រុមគ្រួសារប្រមាណជាង ២ ពាន់លានដុល្លារ។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ពីម្សិលមិញថា ក្នុងចំណោមប្រទេសទាំង ៦ ដែលកម្ពុជាបានបញ្ជូនពលករទៅធ្វើការនោះ ប្រទេសថៃស្ថិតក្នុងចំណាត់ថ្នាក់ខ្ពស់ជាងគេគឺមានជិត ១ លាន ២ សែន ខណៈប្រទេសផ្សេងៗទៀតគឺមានចំនួនតិចតួច។ លោកបញ្ជាក់ថា៖ «ខ្មែរនៅថៃគឺមានជិត ១ លាន ២ សែននាក់ ហើយក្រៅពីនោះគឺមាន ១ ពាន់ ២ ពាន់ ឬ ១ ម៉ឺន ២ ម៉ឺននាក់។ ៦ ប្រទេសបូកចូលគ្នាគឺមិនលើសពី ១ លាន ២ សែននាក់ដែរ ព្រោះនៅកូរ៉េមានជាង ៤ ម៉ឺននាក់ និងនៅម៉ាឡេស៊ីមានជាង ២ ម៉ឺននាក់ទេ ហើយក្រៅពីនោះមានមិនដល់ ១ ម៉ឺននាក់ទេ»។

កញ្ញា បូ រ៉ា ពលករម្នាក់កំពុងធ្វើការនៅថៃបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បច្ចុប្បន្នពលករកម្ពុជាដែលកំពុងធ្វើការនៅថៃភាគច្រើនពិតជាទទួលបានសិទ្ធិ និងធ្វើការដោយស្របច្បាប់ពិតមែន ខណៈអ្នកធ្វើការដោយខុសច្បាប់នៅមានចំនួនតិចតួច បើប្រៀបធៀបនឹងប៉ុន្មានឆ្នាំមុន។ កញ្ញាបន្តថា៖ «ខ្ញុំបានមកធ្វើការនៅប្រទេសថៃនេះរយៈពេល ៦ ឆ្នាំមកហើយ។ ចំពោះបច្ចុប្បន្នដូចជាមិនមានបញ្ហាចោទអ្វីទេ សម្រាប់ពលករយើងគឺមានលក្ខណៈល្អប្រសើរច្រើន»។

លោកស្រី មាស សាឮអ៊ីម អនុប្រធានផ្នែកសិទ្ធិស្ត្រី និងកុមារនៃសមាគមអាដហុកបានលើកឡើងថា លោកស្រីមិនមានតួលេខ ដើម្បីធ្វើការផ្ទៀងផ្ទាត់ចំពោះតួលេខដែលបង្ហាញដោយក្រសួងការងារដែលថា ពលករកម្ពុជាស្ទើរតែ ១០០ ភាគរយនៅប្រទេសថៃមានសិទ្ធិស្របច្បាប់នោះទេ។ ប៉ុន្តែលោកស្រីនៅតែមើលឃើញមានករណីពលករចំណាកស្រុកត្រូវបានចាញ់បោកមេខ្យល់ ហើយបានទៅធ្វើការដោយខុសច្បាប់នៅតែបន្តមាននៅប្រទេស ថៃ។ ទោះយ៉ាងណាលោកស្រី សាទរ បើសិនជាពលករភាគច្រើនពិតជាទទួលបានសិទ្ធិស្របច្បាប់បែបនោះ ហើយអត្ថប្រយោជន៍នានារបស់ពលករនឹងត្រូវបានការពារ។ «ការផ្តល់ភាពស្របច្បាប់នេះ គឺជាដំណាក់កាលដោះស្រាយដំបូង ហើយបញ្ហាបន្តបន្ទាប់គឺត្រូវតែមានក្នុងការបណ្តុះបណ្តាលពង្រឹងបន្ថែម សម្រាប់ពួកគាត់ឲ្យមានការយល់ដឹងពីសិទ្ធិកិច្ចសន្យាផ្សេងៗ ដែលពួកគាត់អាចនឹងត្រូវទទួលបាននៅមុនពេលពួកគាត់ទទួលបានសិទ្ធិស្របច្បាប់ទៅធ្វើការនៅថៃនេះក៏កាន់តែល្អ»៕

website_news/2020030203.txt · Last modified: 2020/02/03 16:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki