website_news:2020030602

ប្រជាពលរដ្ឋមិនត្រូវឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើឡើយនៅពេលទប់ស្កាត់កូវីដ១៩

https://kohsantepheapdaily.com.kh/article/ ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២០ ម៉ោង ០៩:០៦ ប៊ុន ធឿន

ខេត្តបន្ទាយមានជ័យ៖ លោកជំទាវ ម៉ៅ ម៉ាល័យ បានណែនាំដល់ប្រជាពលរដ្ឋជាប់ជាយដែនមិនត្រូវឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសជិតខាងឡើយ ស្របពេលកំពុងទប់ស្កាត់កូវីដ១៩។ លោកជំទាវបានមានប្រសាសន៍បែបនេះ ក្នុងឱកាសប្រគល់ផ្លូវ១ខ្សែ ប្រវែងជាង១គីឡូម៉ែត្រ នៅស្រុកអូរជ្រៅ កាលពីពេលថ្មីៗនេះ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា ផ្លូវ១ខ្សែប្រវែង១.០៨៩ម៉ែត្រ និងទទឹង៦ម៉ែត្រ ដែលតភ្ជាប់ពីភូមិប៉ោយចារ ឃុំចង្ឆា ស្រុកអូរជ្រៅ ទៅកាន់ទីទួលប្រាសាទដងខ្ចាស់ដែលជាអំណោយរបស់លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ម៉ៅ ម៉ាល័យ ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ផ្លូវ១ខ្សែជាង១.០០០ម៉ែត្រ ដែលតភ្ជាប់ពីភូមិដល់ទីទួលប្រាសាទបូរាណគឺផ្តល់ប្រយោជន៍បាន២គឺប្រព័ន្ធធរាសាស្គ្រសម្រាប់ផ្កត់ផ្គង់ទឹកដាក់កសិផល និងផ្លូវសម្រាប់ដឹកកសិផល ក្រោយបានផ្លូវហើយត្រូវចូលរួមថែរក្សាអោយបានគង់វង្ស មិនត្រូវកាប់ផ្លូវបូមទឹក បណ្តាលឱ្យខូចខាត។

លោកជំទាវ ម៉ៅ ម៉ាល័យ បានមានប្រសាសន៍ថា ដោយឃើញជាក់ស្តែង ផ្លូវនេះកសាងសម្រាប់តភ្ជាប់ពីភូមិទៅទីទួលប្រាសាទ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋនាំគ្នាទៅកំសាន្តនៅថ្ងៃបុណ្យ ឬថ្ងៃសំរាកនិងទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិបានស្គាល់។ លោកជំទាវតឿនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ មិនត្រូវចាញ់បោកមេខ្យល់ទៅចំណាក ស្រុកដោយខុសច្បាប់ ហើយប្រថុយប្រថានដែលប្រឈមគ្រោះថ្នាក់គ្រប់ពេលនៅពេលដែលប្រទេសជិតខាងត្រូវបិទព្រំដែនការពារនិងទប់ស្កាត់កូវីដ១៩ យើងត្រូវរកការងារធ្វើក្នុងស្រុក ឬដាំដំណាំកសិកម្មបង្កើនជីវិភាពគ្រួសារប្រសើរជាងចំណាកស្រុកខុសច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា)

website_news/2020030602.txt · Last modified: 2020/06/03 14:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki