website_news:2020030603

កម្ពុជា-UN សហការគ្នាបន្តទៀត ដើម្បីដោះស្រាយបញ្ហាការងារ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ

http://btv.com.kh/nation-news/ 02/06/2020

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា បានចុះកិច្ចព្រមព្រៀងរួមគ្នាជាមួយតំណាងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិចំនួន៤ ដោយមានការគាំទ្រពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) ដើម្បីអនុវត្តកម្មវិធីការងារសមរម្យសម្រាប់យុវជន (DEY) ដំណាក់កាលទី២ ក្នុងការបន្តលើកកម្ពស់ការងារសមរម្យរបស់យុវជន និងកាត់បន្ថយវិសមភាពនៅក្នុងប្រទេស។ ពិធីចុះកិច្ចព្រមព្រៀងនេះបានប្រព្រឹត្តទៅ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ នៅទីស្តីការក្រសួង រវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា។ ដោយឡែក តំណាងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិចំនួន៤ រួមមាន៖ អង្គការអន្តរជាតិខាងការងារ (អាយឡូ), អង្គការសហប្រជាជាតិ (យូនីសស្កូ), អង្គការដើម្បីកុមារ (យូនីសេហ្វេ) និងអង្គការអភិវឌ្ឍន៍ឧស្សាហកម្ម (យូនីដូ)។

ប្រភពពីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងទៀតថា ថវិកាសរុបសម្រាប់កម្មវិធីខាងលើ សរុបចំនួន៨.៤៨លានដុល្លារអាមេរិក ក្នុងនោះ ទឹកប្រាក់ចំនួន ៤លានដុល្លារ ជាថវិកាផ្តល់ដោយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការនិងចំនួន៤.៤៨លានដុល្លារទៀត ជាថវិកាដែលបានមកពីមូលនិធិស្នូលរបស់ទីភ្នាក់ងារ ដែលចូលរួមនៅក្នុងកម្មវិធីនេះពីអ្នកផ្តល់ជំនួយដទៃទៀត ពីវិស័យឯកជន ពីរាជរដ្ឋាភិបាលកម្ពុជា។គម្រោងនេះ មានរយៈពេល០៤ឆ្នាំ ចាប់ពីខែមករា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២៣។ កម្មវិធីនេះនឹងផ្តល់ឱ្យយុវជនដែលបោះបង់ការសិក្សា និងងាយរងគ្រោះនូវកញ្ចប់ការសិក្សាប្រកប ដោយនវានុវត្តន៍ ដែលរួមបញ្ចូលនូវជំនាញបច្ចេកទេស ជំនាញសហគ្រិន ជំនាញទន់ និងការធ្វើពាណិជ្ជកម្ម ក៏ដូចជាការណែនាំពីមុខរបរដែលកំពុងមានតម្រូវការ ដើម្បីធានាថាពួកគេអាចបំពេញតាមតម្រូវការទីផ្សារការងារ និងត្រៀមខ្លួនជាស្រេចសម្រាប់ការងារប្រកបដោយគុណភាព។

កម្មវិធីការងារសមរម្យសម្រាប់យុវជនដំណាក់កាលទី២នេះ មានគោលបំណងគាំទ្រដល់ស្ត្រី និងបុរសវ័យក្មេងនៅកម្ពុជា ដើម្បីឱ្យពួកគេកាន់តែអាចទទួលបានឱកាសសមរម្យប្រកបដោយផលិតភាព តាមរយៈការធានាឱ្យពួកគេកាន់តែមានលទ្ធភាពឆ្លើយតបចំពោះតម្រូវការទីផ្សារការងារ និងត្រៀមខ្លួនដើម្បីទទួលបានការងារប្រកបដោយគុណភាព។ ដើម្បីសម្រេចបានលទ្ធផល និងលើកកម្ពស់កិច្ចសហប្រតិបត្តិការឲ្យបានជាអតិបរមានៅក្នុងដំណាក់កាលទី២នេះ កម្មវិធីការងារសមរម្យសម្រាប់យុវជន នឹងផ្តោតជារួមលើគ្រប់សកម្មភាពទាំងអស់ក្នុងវិស័យចំនួន៤ មានដូចជា ទេសចរណ៍ កសិឧស្សាហកម្ម សំណង់ និងកម្មន្តសាល៕

website_news/2020030603.txt · Last modified: 2020/06/03 14:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki