website_news:2020030605

អាជ្ញាធរខណ្ឌដូនពេញ ស្នើឲ្យមន្ទីរសង្គមកិច្ចជួយរកការងារឲ្យស្ត្រីរកស៊ីផ្លូវភេទនៅវត្តភ្នំ

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 03 June 2020 | 10:29 ICT

ភ្នំពេញៈ អាជ្ញាធរខណ្ឌដូនពេញបានស្នើឲ្យមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញសហការជាមួយអង្គការពាក់ព័ន្ធនានា ជួយរកការងារសមរម្យសម្រាប់ស្ដ្រីប្រកបរបររកស៊ីផ្លូវភេទដែលត្រូវបានឃាត់ខ្លួននៅតំបន់រមណីយដ្ឋានប្រវត្ដិសាស្ដ្រវត្ដភ្នំ ដើម្បីឲ្យពួកគេបញ្ឈប់របរនេះទៀត បន្ទាប់ពីសមត្ថកិច្ចខណ្ឌប្រមូលពួកគេបាន ៧ នាក់។

នេះបើតាមលោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញដែលបានដឹកនាំកម្លាំងប្រជាការពារខណ្ឌចុះប្រតិបត្តិការប្រមូលស្ត្រីរកស៊ីផ្លូវភេទនៅជុំវិញរមណីយដ្ឋានវត្តភ្នំបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអង្គារ។ លោកថា ការបង្ក្រាបស្ដ្រីប្រកបរបររកស៊ីផ្លូវភេទនេះ អាជ្ញាធរខណ្ឌដូនពេញបានសហការជាមួយមន្ទីរសង្គមកិច្ចបានចុះផ្ទាល់ទាំងអស់គ្នាអង្កេតតាមដានរហូតឈានដល់ប្រមូលស្ត្រីរកស៊ីផ្លូវភេទបានចំនួន ៧ នាក់ ហើយបានបញ្ជូនភ្លាមៗទៅមន្ទីរសង្គមកិច្ចទាំងយប់កាលពីថ្ងៃចន្ទ។ លោកថ្លែងថា៖ «ការបង្ក្រាបប្រមូលពួកគាត់ (ស្ត្រីរកស៊ីផ្លូវភេទ) នេះដោយសារមើលទៅឃើញប៉ះពាល់ដល់សណ្ដាប់ធ្នាប់នៅតំបន់រមណីយដ្ឋានវប្បធម៌ប្រវត្ដិសាស្ដ្រវត្ដភ្នំធ្ងន់ធ្ងរពេក គឺជាកន្លែងសក្ការៈបូជា និងតំបន់ទេសចរជាតិអន្តរជាតិទស្សនា។ ប៉ុន្ដែពួកគាត់ទៅឈរក្រោមដើមឈើបក់ដៃហៅភ្ញៀវ មើលទៅពិតជាប៉ះពាល់ដល់សណ្ដាប់ធ្នាប់ខ្លាំងណាស់»។ លោក យុទ្ធី ថ្លែងថា ក្នុងចំណោមស្ត្រីរកស៊ីផ្លូវភេទទាំង ៧ នាក់នេះក៏មានមួយចំនួន អាជ្ញាធរខណ្ឌធ្លាប់ប្រមូល និងឲ្យធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពនេះពីម្តងទៅ ២ ដង និងបញ្ជូនទៅខាងមន្ទីរសង្គមកិច្ចរួចហើយដែរ។ ប៉ុន្ដែក្រោយពេលមន្ទីរសង្គមកិច្ចណែនាំតាមបច្ចេកទេសរួចក៏បានឲ្យគាត់ត្រឡប់ទៅផ្ទះវិញហើយមួយរយៈពេលខ្លីពួកគាត់គ្មានការងារធ្វើ ក៏មកប្រកបរបរនេះដដែល។

លោកបានស្នើថា៖ «ខាងមន្ទីរគួរសហការជាមួយអង្គការពាក់ព័ន្ធរកការងារសមរម្យសម្រាប់ពួកគាត់ធ្វើ កុំឲ្យពួកគាត់ចេញមកប្រកបរបររកស៊ីផ្លូវភេទបែបនេះទៀត។ បើសិនមិនរកការងារឲ្យពួកគាត់ធ្វើទេ ពួកគាត់ដូចចកអណ្ដែតទឹកអ៊ីចឹងចាប់ថ្ងៃនេះបានមួយរយៈពួកគាត់ក៏ត្រឡប់មកវិញទៀត។ មន្ទីរសង្គមកិច្ច គួរជួយស្វែងរកការងារឲ្យពួកគាត់ធ្វើព្រោះមានការងារច្រើនណាស់ ដែលពួកគាត់អាចធ្វើបាន។ យើងចង់កែតម្រូវពួកគាត់ឲ្យដើរទៅផ្លូវល្អវិញ»។ បើតាមលោក យុទ្ធី សកម្មភាពប្រមូលស្ដ្រីរកស៊ីផ្លូវភេទនៅរមណីយដ្ឋានវត្ដភ្នំនេះអាជ្ញាធរខណ្ឌដូនពេញបានធ្វើជាប្រចាំ។ នាពេលកន្លងមកអាជ្ញាធរប្រមូលក្នុង ១ ថ្ងៃបានពី ១០ នាក់ទៅ ១៥ នាក់ ប៉ុន្ដែឥឡូវនេះនៅសល់តិចតួចទេ។ លោកបញ្ជាក់ថា ការប្រកបរបររបស់ស្ដ្រីរកស៊ីផ្លូវភេទនេះ គឺមានមេខ្យល់ជាអ្នកដឹកនាំ សមត្ថកិច្ចក៏កំពុងតាមស្វែងរកមុខមេខ្យល់ផងដែរ។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ថ្លែងកាលពីម្សិលមិញថា ក្រោយពីសមត្ថកិច្ចខណ្ឌដូនពេញបានបញ្ជូនស្ដ្រីប្រកបរបររកស៊ីផ្លូវភេទមកដល់មន្ទីរសង្គមកិច្ច បានទំនាក់ទំនងស្វែងរកគ្រួសារពួកនាង និងហៅអ្នកអាណាព្យាបាលពួកនាងមកប្រឹក្សារួចរាល់ទើបបញ្ជូនពួកនាងទៅកាន់គ្រួសារវិញ។ លោកស្រីថ្លែងថា៖ «អ្នកដែលមានក្រុមគ្រួសារពិតប្រាកដ យើងប្រគល់គាត់ទៅក្រុមគ្រួសារវិញ ដើម្បីជួយដល់ពួកគាត់ ចំពោះអ្នកដែលមិនមានក្រុមគ្រួសារពិតប្រាកដ យើងប្រគល់ឲ្យទៅអង្គការដៃគូនានា ដើម្បីឲ្យពួកគាត់ផ្ដល់ជំនាញវិជ្ជាជីវៈ ជូនពួកគាត់ឲ្យពួកគាត់មានបំណិនជីវិតទៅថ្ងៃក្រោយ»។ ចំពោះការលើកឡើងរបស់អាជ្ញាធរខណ្ឌដូនពេញដែលចង់ឲ្យមន្ទីរសង្គមកិច្ចជួយស្វែងរកការងារសមរម្យដល់ស្ត្រីទាំងនេះ លោកស្រី ចាន់ដានី បញ្ជាក់ថា ការបញ្ជ្រាបចំណេះដឹងទាក់ទងនឹងតម្លៃនៃកម្លាំងពលកម្មការងារ និងជំនាញវិជ្ជាជីវៈ បំណិនដល់ស្ដ្រីប្រកបរបររកស៊ីផ្លូវភេទគឺមានការលំបាក និងត្រូវការពេលវេលាច្រើនក្នុងការបញ្ជ្រាបដល់ពួកនាង។

លោកស្រីថា៖ «ជួនកាលយើងពន្យល់ណែនាំពួកគាត់ម្ដង ពួកគាត់នៅមិនទាន់យល់យើងត្រូវបន្តប្រឹក្សាដល់ពួកគាត់បន្ថែមទៀត រហូតដល់ពួកគាត់ព្រមទទួលយកការផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបំណិនជីវិតថ្មីសម្រាប់ខ្លួនពួកគាត់»។ លោកស្រី ចាន់ដានី បញ្ជាក់ថា ជំនាញវិជ្ជាជីវៈដែលអង្គការដៃគូនានាផ្ដល់ដល់ស្ដ្រីប្រកបរបររកស៊ីផ្លូវភេទមានច្រើនប្រភេទគឺអាស្រ័យទៅលើចំណង់ចំណូលចិត្ដ ចំណេះជំនាញរបស់ស្ត្រីទាំងនោះ។ ប៉ុន្ដែជាទូទៅអង្គការដៃគូ មិនចង់ឲ្យពួកនាងចាប់យកជំនាញដែលលំបាកៗពេកនោះទេ ដោយអង្គការបណ្ដុះបណ្ដាលជំនាញបែបងាយស្រួល និងមានទីផ្សារការងារដល់ពួកនាងដូចជាជំនាញខាងផ្នែក អ៊ុតសក់ ធ្វើក្រចក និងរៀនធ្វើម្ហូបជាដើម៕

website_news/2020030605.txt · Last modified: 2020/06/03 14:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki