website_news:2020030705

សម្តេចតេជោបញ្ជាឲ្យកាត់ឆ្វៀលដីជូនពលរដ្ឋនៅតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២០ ម៉ោង ១០:១៨ Kian Sokheak

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ៣ កក្កដា ២០២០ នេះ ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជា និងបញ្ជាក់ច្បាស់ៗជូន រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី គឺត្រូវតែកាត់ឆ្វៀលដីជូនបងប្អូនប្រជាពលរដ្ឋដែលបានមករស់នៅលើទីតាំងដីដែលជាគម្របព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋ ដូចជានៅកោះកុង ព្រះវិហារជាដើម…ដែលមានពលរដ្ឋបានមកធ្វើផ្ទះរស់នៅជាងដប់ម្ភៃឆ្នាំមកហើយ។ នេះបើយោងតាមផេកសម្តេចតេជោចេញផ្សាយនាព្រឹកថ្ងៃទី០៣ ខែកក្កដានេះ ។ សម្តេចតេជោបានបញ្ជាក់ថា ព្រោះកន្លងមក រដ្ឋមានតែដីក្នុងផែនទីទេ តាមពិតមានបងប្អូនប្រជាពលរដ្ឋបានកសាងលំនៅដ្ឋានរស់នៅបង្កើតកូនចៅរាប់សិបឆ្នាំមកហើយនៅលើទីតាំងដីទាំងនោះ។ នេះជាការដោះស្រាយកង្វល់ជូនពលរដ្ឋពិតប្រាកដ។ កុំទុកប្រជាពលរដ្ឋអោយភ័យខ្លាច អត់ឃ្លាន រត់ទៅចំណាកស្រុកគេតទៅទៀត។ ទន្ទឹមនឹងនេះ សូមកុំអោយពលរដ្ឋពង្រីកថែមទៀត ព្រោះត្រូវការរក្សាទុកព្រៃសហគមខ្លះនៅជិតៗដើម្បីជាប្រយោជន៍សហគមរស់នៅផងដែរ។ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី ត្រូវដោះស្រាយអោយដាច់ស្រេចក្នុងតែប៉ុន្មានខែខាងមុខដើម្បីចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋ ហើយកិច្ចការនេះត្រូវធ្វើអោយបានហ្មត់ចត់ និងត្រឹមត្រូវបំផុត ៕

website_news/2020030705.txt · Last modified: 2020/07/03 14:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki