website_news:2020030801

ក្រសួងមហាផ្ទៃ និងអង្គការ IOM បើកសិក្ខាសាលាថ្នាក់ជាតិស្តីពី ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់

https://www.postkhmer.com/ នៀម ឆេង | Publication date 31 July 2020 | 09:43 ICT

ភ្នំពេញៈ ក្រសួងមហាផ្ទៃ និងអង្គការអន្ដរជាតិ ទេសន្ដរប្រវេសន៍ហៅកាត់ថា IOM បានបើកសិក្ខាសាលាថ្នាក់ជាតិលើកទី ២ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ស្ដីពីកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាពរៀបរយ និងស្របច្បាប់ ដើម្បីកំណត់គោលបំណងដើម្បីដាក់ចូលក្នុងផែនការសកម្មភាពរបស់កម្ពុជាលើកិច្ចការទេសន្តរប្រវេសន៍។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានថ្លែងថា មុននឹងបើកសិក្ខាសាលានេះ ក្រុមបច្ចេកទេសអន្តរក្រសួងបានជ្រើសរើសគោលបំណងអាទិភាព ៣ រួមមានការធានាថា ជនទេសន្តរប្រវេសន៍មានភ័ស្តុតាងអត្តសញ្ញាណ និងឯកសារគ្រប់គ្រាន់ ការគ្រប់គ្រងព្រំដែនរួមគ្នា ដោយសុវត្ថិភាព និងស៊ីចង្វាក់គ្នា និងការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសកលសម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព និងស្របច្បាប់។

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលាថា ជនទេសន្តរប្រវេសន៍បានជួបនឹងគ្រោះថ្នាក់ជាច្រើនរួចមកហើយ ហើយក្នុងពេលបច្ចុប្បន្ននេះការធ្វើទេសន្តរប្រវេសន៍រឹតតែប្រឈមខ្លាំងដោយហេតុថា ការរាតត្បាតនៃជំងឺកូវីដ១៩ នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយ និងកំពុងកើនឡើងចំនួនអ្នកឆ្លងថ្មីច្រើនរាល់ថ្ងៃនៅក្នុងប្រទេសជាច្រើន។ ស្ថានភាពនេះបានធ្វើឲ្យប្រទេសទទួលពលករ ប្រឈមខ្លាំងទៅនឹងភាពប្រែប្រួលជាអវិជ្ជមាននៃចរន្តសេដ្ឋកិច្ចក្នុងតំបន់ និងសេដ្ឋកិច្ចពិភពលោកដែលជំរុញឲ្យដំណើរការនៃរោងចក្រសហគ្រាស និងវិស័យសេវាកម្មនានារាំងស្ទះ ឬផ្អាកដំណើរការជាបន្តបន្ទាប់។ លោកបន្តថា វិធានការបិទព្រំដែន និងការបិទការនាំចូលពលករបរទេសក៏ជាមូលហេតុចម្បងមួយដែរ ដែលធ្វើឲ្យពលករត្រូវធ្វើការសម្រេចចិត្តឲ្យបានច្បាស់លាស់ថា តើគួរបន្តស្នាក់នៅក្នុងប្រទេសគោលដៅដោយមិនមានការងារធ្វើ ឬក៏ត្រូវត្រឡប់មកភូមិកំណើតវិញដើម្បីជួបជុំគ្រួសារ។ លោកបញ្ជាក់ថា ចាប់ពីថ្ងៃទី ២១ ខែមីនា ដល់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០ មានពលករកម្ពុជាដែលត្រឡប់ពីការធ្វើទេសន្តរប្រវេសន៍ក្នុងអំឡុងពេលកូវីដ១៩ចំនួន ១០៣ ០០០ នាក់ដែលក្នុងនោះស្ត្រីមានចំនួន ៤៥ ភាគរយ។ កម្ពុជាកំពុងសង្គ្រោះពលករដែលបានឆ្លងដែនដោយខុសច្បាប់តាមច្រករបៀង ហើយត្រូវបានចាប់បញ្ជូនមកវិញក្នុងពេលដែលប្រទេសគោលដៅបិទប្រទេស ឬអនុវត្តវិធានការរឹតត្បិតដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩។

លោក ស ខេង ថ្លែងដូច្នេះថា៖ «បន្ទាប់ពីការសម្រេចក្នុងអង្គប្រជុំនេះ ព្រះរាជាណាចក្រកម្ពុជានឹងសម្រេចដាក់បញ្ចូលគោលបំណងដែលជ្រើសរើសបានដាក់ចូលក្នុងផែនការសកម្មភាពសម្រាប់ឆ្នាំជាបន្ទាប់ ដើម្បីធានាថា ការធ្វើទេសន្តរប្រវេសន៍របស់ប្រជាជនកម្ពុជាទៅប្រទេសគោលដៅទាំងឡាយក៏ដូចជាជនទេសន្តរប្រវេសន៍ដែលមកពីបណ្ដាប្រទេសក្រៅចូលមកកម្ពុជានឹងប្រកបដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់»។ លោកស្នើឲ្យសិក្ខាសាលានេះផ្ដោតលើបញ្ហា ៤ គឺការការពារជនទេសន្តរប្រវេសន៍ទាំងជនទេសន្តរប្រវេសន៍ប្រក្រតី មិនប្រក្រតី អ្នកដែលមានគម្រោងចាកចេញទៅធ្វើការនៅក្រៅប្រទេស ទាំងអ្នកកំពុងស្នាក់នៅធ្វើការនៅក្រៅប្រទេស និងអ្នកវិលត្រឡប់មកវិញ។ កិច្ចការដែលត្រូវផ្ដោតការយកចិត្តទុកដាក់ដែរគឺការរៀបចំប្រព័ន្ធទិន្នន័យសម្រាប់កត់ត្រា និងគ្រប់គ្រងឲ្យបានជាក់លាក់នូវទិន្នន័យជនទេសន្តរប្រវេសន៍គ្រប់ប្រភេទ ដើម្បីងាយស្រួលដាក់វិធានការឆ្លើយតបទៅនឹងស្ថានភាពនានាដែលជាភាពប្រឈមរបស់ពលរដ្ឋ និងប្រទេសជាតិ។ លោកបន្តថា សិក្ខាសាលានេះក៏ពិភាក្សាលើដំណើរការវិលត្រឡប់ និងធ្វើសមាហរណកម្មជនទេសន្តរប្រវេសន៍ដែលក្នុងកិច្ចការនេះត្រូវរៀបចំគោលនយោបាយ វិធានការ និងនីតិវិធីជាក់លាក់ដោយមានកិច្ចសហការជាមួយរដ្ឋាភិបាលនៃបណ្ដាប្រទេសពាក់ព័ន្ធ ដើម្បីទទួលបានទិន្នន័យ លក្ខខណ្ឌនៃការបញ្ជូន ជាពិសេសការកំណត់វិធានការការពារកុមារដែលសង្ស័យថារងគ្រោះ ជាពិសេសដោយអំពើជួញដូរមនុស្ស។ ការកំណត់អត្តសញ្ញាណដោយស្របច្បាប់ ពិសេសសម្រាប់កូនទេសន្តរប្រវេសន៍នៅកម្ពុជាដែលបានកើតនៅក្នុងប្រទេសកម្ពុជាក៏ជាកិច្ចការដែលត្រូវពិភាក្សាផងដែរ។

លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា CENTRAL យល់ឃើញថា ចំណុចអាទិភាពសម្រាប់ពលករចំណាកស្រុក គួរតែផ្ដោតលើនីតិវិធីនៃការជ្រើសរើសកម្មករទៅបំពេញការងារនៅក្រៅប្រទេស។ ការចំណាយនៃការជ្រើសរើស និងឯកសារ គួរតែធ្វើឡើងដោយមានតម្លាភាព និងជាការទទួលខុសត្រូវរបស់ភ្នាក់ងារជ្រើសរើស និងបញ្ជូនពលករ។ លោកថ្លែងថា៖ «កាលណាតម្លៃនេះខ្ពស់ពេកធ្វើឲ្យពលរដ្ឋយើងទៅខ្ចីលុយគេ ខ្ចីលុយក្រៅផ្លូវការដូចជាបងប្អូនញាតិមិត្ត អ្នកជិតខាងក្នុងកម្រិតការប្រាក់ខ្ពស់ ឬខ្ចីពីធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ បើគាត់ខ្ចីលុយគេ ពេលគាត់ទៅដល់ប្រទេសទទួលភ្នាក់ងារតម្រូវឲ្យក្រុមហ៊ុនកាត់ប្រាក់ឈ្នួលគាត់ដើម្បីយកមកបង់ថ្លៃសេវារកការងារឲ្យធ្វើ។ ការធ្វើបែបនេះធ្វើឲ្យមានបំណុល ឬការរក្សាទុកលិខិតឆ្លងដែន ទិដ្ឋាការ វាធ្វើឲ្យរំខានដល់សេរីភាពក្នុងការដើរហើរ បញ្ចេញមតិ ប្រសិនបើគាត់មិនសប្បាយចិត្តនឹងកន្លែងធ្វើការ គាត់អត់ហ៊ានប្រកែក និងតវ៉ា»។ លោកបន្តថា ចំណុចអាទិភាព១ ទៀតគឺការបណ្ដុះបណ្ដាលដល់ពលករមុនពេលពួកគាត់ចាកចេញអំពីរបៀបធ្វើការ សិទ្ធិ និងកាតព្វកិច្ចរបស់គាត់។ នៅពេលចរចាជាមួយប្រទេសទទួល រដ្ឋគួរតែចរចាលើការការពារពលករ ជាជាងផ្ដោតទៅតែចំនួន។ លើសពីនេះក៏ត្រូវមានការធ្វើអធិការកិច្ចដើម្បីដឹងច្បាស់ពីសុខទុក្ខ និងទីតាំងរបស់ពលករ ហើយស្ថានទូតខ្មែរប្រចាំប្រទេសនីមួយៗគួរចុះជួបពលករឲ្យបានញឹកញាប់។ លោកបន្ថែមថា នៅពេលពលករត្រឡប់មកវិញ រដ្ឋក៏គួរជួយដល់ពលករក្នុងការប្រើប្រាស់ជំនាញដែលគាត់ទទួលបានពីការធ្វើការងារនៅក្រៅស្រុក។ «ការចរចាជាមួយប្រទេសទទួល ខ្ញុំគិតថា រដ្ឋគួរផ្ដោតលើរឿង ២ គឺយន្តការក្នុងការការពារ និងវិស័យ និងជំនាញដោយយើងរំពឹងថា ពេលពលករយើងត្រឡប់មកវិញ គាត់ក្លាយជាពលករ ឬកម្មករជំនាញសម្រាប់អភិវឌ្ឍស្រុកយើង»៕

website_news/2020030801.txt · Last modified: 2020/08/03 13:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki