website_news:2020030802

គជបជ បើកកិច្ចប្រជុំ ពង្រឹងការងារប្រឆាំងអំពើជួញដូរមនុស្ស

https://m.postkhmer.com/ នៀម ឆេង 31 July 2020 | 11:48 ICT

ភ្នំពេញៈ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ថា គ.ជ.ប.ជ បានបើកកិច្ចប្រជុំមួយកាលពីថ្ងៃទី ២៩ ខែកក្កដា ដើម្បីពង្រឹងប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្លើយតបនឹងការវាយតម្លៃរបស់សហរដ្ឋអាមេរិក បន្ទាប់ពីអាមេរិកដាក់កម្ពុជាក្នុងលំដាប់ទី ២ នៃបញ្ហាជួញដូរមនុស្ស។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាកាលពីកន្លងមកបានអនុវត្តយ៉ាងសកម្មក្នុងកិច្ចការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប៉ុន្តែទោះជាយ៉ាងនេះក្តី គណៈកម្មាធិការនេះបានកំណត់នូវផែនការបន្តសម្រាប់អនុវត្តក្នុងការពង្រឹងយុទ្ធនាការសកម្មភាពនេះបន្ថែមទៀត ស្របទៅតាមការវិវឌ្ឍក្នុងសង្គមនាពេលបច្ចុប្បន្ន ដើម្បីធ្វើយ៉ាងណាបន្តកាត់បន្ថយ និងឈានទៅលុបបំបាត់អំពើជួញដូរមនុស្សនេះ។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃថ្លែងថា ក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នពាក់ព័ន្ធរួមទាំងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការដោះស្រាយអំពើជួញដូរមនុស្ស។ លោកថា កិច្ចប្រជុំកាលពីថ្ងៃពុធធ្វើឡើង ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តកិច្ចការងារ និងការរៀបចំរបាយការណ៍ឲ្យឆ្លើយតបទៅនឹងសកម្មភាពជាក់ស្តែងអំពីការខិតខំប្រឹងប្រែងរបស់កម្ពុជាទៅលើការគាំទ្រ និងចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។

កាលពីខែមិថុនា ក្រសួងការបរទេសអាមេរិកបានចេញរបាយការណ៍ឆ្នាំ ២០២០ អំពីស្ថានភាពការជួញដូរមនុស្សនៅទូទាំងសកលលោក។ កម្ពុជាត្រូវបានដាក់ក្នុងបញ្ជីឃ្លាំមើលកម្រិត ២ ដែលជាប្រទេសមិនបានបំពេញតាមស្តង់ដាអប្បបរមាក្នុងការលុបបំបាត់ការជួញដូរមនុស្ស ប៉ុន្តែកំពុងប្រឹងប្រែងយ៉ាងខ្លាំងលើកិច្ចការនេះ។ កិច្ចប្រឹងប្រែងរបស់កម្ពុជារួមមានការផ្ដន្ទាទោសជនល្មើស ការបង្កើតផែនការសកម្មភាព ៥ ឆ្នាំក្នុងការប្រឆាំងការជួញដូរមនុស្ស និងការបង្កើត និងប្រើប្រាស់បច្ចេកវិទ្យាប្រមូលទិន្នន័យ និងអត្តសញ្ញាណជនរងគ្រោះ។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាជារួមមិនបានបង្ហាញកិច្ចប្រឹងប្រែងឲ្យលើសពីឆ្នាំមុនទេ។ អាជ្ញាធរមិនបានប្រឹងប្រែងក្នុងការចែករំលែកព័ត៌មានសំខាន់ៗអំពីការអនុវត្តច្បាប់។ អំពើពុករលួយនៅតែបន្តកើតមានដែលប៉ះពាល់ដល់ការអនុវត្តច្បាប់នីតិវិធីព្រហ្មទណ្ឌ និងការការពារជនរងគ្រោះ។ អាជ្ញាធរក៏មិនបានស៊ើបអង្កេតលើរបាយការណ៍អំពីការជួញដូរមនុស្សក្នុងសេវាកម្សាន្ត និងនៅតាមឡឥដ្ឋ និងមិនបានធ្វើឲ្យប្រសើរឡើង ផ្នែកផ្សេងទៀតនៃការជួញដូរមនុស្ស។ នេះបើតាមរបាយការណ៍ដដែល។

របាយការណ៍របស់អាមេរិកលើកជាអនុសាសន៍ជាច្រើនចំណុច រួមមានឲ្យកម្ពុជាគោរពនីតិវិធីត្រឹមត្រូវស៊ើបអង្កេត និងផ្ដន្ទាទោសបទល្មើសជួញដូរមនុស្ស។ រដ្ឋាភិបាលគួរអនុញ្ញាតការប្រើប្រាស់បច្ចេកទេសស៊ើបអង្កេតបង្កប់ក្នុងប្រតិបត្តិការប្រឆាំងការជួញដូរមនុស្ស និងត្រូវបង្កើនកញ្ចប់ថវិកាសម្រាប់កិច្ចការនេះ។ របាយការណ៍លើកជាអនុសាសន៍ថា៖ «[កម្ពុជា] ត្រូវតែបង្កើនការធ្វើអធិការកិច្ចដោយមិនប្រកាសមុននៅកន្លែងធ្វើការដែលមានភាពងាយរងគ្រោះខ្លាំង ជាពិសេសនៅឡឥដ្ឋ ជលផលកសិដ្ឋាន ដោយផ្ដោតការយកចិត្តទុកដាក់ខ្ពស់ទៅលើច្រវាក់បំណុល»។

លោកស្រី ជូ ប៊ុនអេង បានថ្លែងពីម្សិលមិញថា កម្ពុជាបានប្រឹងប្រែងយ៉ាងខ្លាំង តែមិនអាចឲ្យបានដូចស្ដង់ដាទាមទារទេ។ លោកស្រីលើកឡើងថា៖ «ឆ្នាំនេះយើងប្រឈមនឹងកូវីដ១៩ទៀត តែយើងនៅតែប្រឹងប្រែងធ្វើ ប៉ុន្តែរឿងដែលសំខាន់ ការវាយតម្លៃ គាត់មានស្ដង់ដាផ្អែករបស់គាត់ ដែលយើងពិបាកនឹងនិយាយ។ ប៉ុន្តែបើថា យើងមិនបានប្រឹងប្រែងគឺអត់ត្រូវទេ។ យើងឆ្ងល់ដែរ យើងបានសរសេរប្រាប់ថា យើងបានធ្វើច្រើនជាងមុន ប៉ុន្តែគាត់ដាក់មកវិញថា វាតិចជាងមុន។ គាត់ថា ការងារខ្លះ អត់ពេញក្នុងស្តង់ដា តែយើងថា វាជារឿងដែលយើងបានធ្វើត្រឹមត្រូវ។ ដូច្នេះយើងឃើញស្តង់ដា ២ បាត់ហើយ»៕

website_news/2020030802.txt · Last modified: 2020/08/03 13:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki