website_news:2020030901

លោក នេត សាវឿន ដាក់ផែនការពង្រឹងវិធានការសន្តិសុខ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 02 September 2020 | 09:50 ICT

ភ្នំពេញៈ នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានដាក់ចេញនូវផែនការពង្រឹងវិធានការសន្ដិសុខ និងការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សនៅកម្ពុជាដល់គណៈបញ្ជាការសន្ដិសុខសុវត្ថិភាពរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីរៀបចំជាក្រុមការងារជំនាញ និងសហប្រតិបត្ដិការជាមួយស្ថាប័ន អន្តរក្រសួង និងអន្តរជាតិ។ ការដាក់ចេញផែនការនេះធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងវិធានការសន្ដិសុខ និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកាលពីថ្ងៃទី ៣១ សីហា ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពីអគ្គស្នងការរង ប្រធាននាយកដ្ឋានស្នងការរាជធានី-ខេត្ត និងមន្ដ្រីនគរបាលពាក់ព័ន្ធជាច្រើនរូបទៀតនៅទីស្ដីការក្រសួងមហាផ្ទៃ។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំថា កិច្ចប្រជុំនេះបានដាក់ចេញនូវការពង្រឹងវិធានការទៅលើសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម និងពង្រឹងការងារលើការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា។ លោកថ្លែងថា៖ «កិច្ចប្រជុំនេះ គឺបានប្រកាសបែងចែក គណៈបញ្ជាការសន្ដិសុខ សុវត្ថិភាពរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានរៀបចំជាក្រុមការងារ ផ្នែកជំនាញ ផ្នែកសហប្រតិបត្ដិការជាមួយអន្តរក្រសួង និងអន្តរជាតិ»។ លោកបន្ដថា៖ «កិច្ចប្រជុំនេះ យើងផ្ដោតសំខាន់សំដៅលើការប្រមូលព័ត៌មាន ការបែងចែកប្រគល់ភារកិច្ចច្បាស់លាស់ដល់ក្រុមការងារ ដើម្បីម្ចាស់ការគ្រប់គ្រងសភាពការណ៍ពាក់ព័ន្ធផ្នែកសន្ដិសុខ សុវត្ថិភាព និងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនេះ»។ បើតាមមន្ត្រីនាំពាក្យរូបនេះ ការងារប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនេះ អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានដាក់ទិសដៅស្រួច ទៅលើការឯកភាពគ្នាពាក់ព័ន្ធទៅនឹងការប្រមូលផ្ដុំកងកម្លាំងទៅតាមសភាពការណ៍ ដើម្បីអាចចាត់វិធានការមានប្រសិទ្ធភាពសំដៅរំដោះជនរងគ្រោះ។

ពាក់ព័ន្ធនឹងការដាក់ចំណាត់ថ្នាក់(ការវាយតម្លៃរបស់អាមេរិកមកលើកម្ពុជា) លោក ឆាយ គឹមខឿន បញ្ជាក់ថា៖ «អាមេរិកគាត់ដាក់ គាត់អត់ដែលបានសួរយើងផង។ ក៏ប៉ុន្ដែរឿងយើងសំខាន់ គឺការសង្គ្រោះជនរងគ្រោះដែលកំពុងតែធ្លាក់ទៅក្នុងរណ្ដៅនៃការជួញដូរ។ ដូច្នេះការដាក់ចេញនូវវិធានការនេះគឺមានវិធានការជំនាញ ការអប់រំ និងពង្រឹងឡើងវិញនូវសុវត្ថិភាពក្នុងការស្រាវជ្រាវស៊ើបអង្កេតរបស់នគរបាល ជាពិសេសមន្ដ្រីអនុវត្ដច្បាប់»។ លោកថ្លែងថាការវាយតម្លៃរបស់អាមេរិកចំពោះកម្ពុជានេះប្រហែលជាអាមេរិកប្រមូលព័ត៌មានមិនអស់ពីកម្ពុជា និងប្រហែលជាមិនបានវាយតម្លៃច្បាស់លាស់ពាក់ព័ន្ធទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា។ លោកបញ្ជាក់ថា៖«ការវាយតម្លៃនេះមានការបាត់តម្លាភាពខ្លះ មិនបានគ្រប់ជ្រុងជ្រោយទេ។ គាត់មិនទាំងដាក់តារាងពិន្ទុនៃការវាយតម្លៃរបស់គាត់នោះឱ្យយើងមើលផង។ ដូច្នេះការវាយតម្លៃរបស់គាត់គឺជាសិទ្ធិរបស់គាត់ ព្រោះគាត់មិនដែលហៅយើងទៅប្រជុំវាយតម្លៃឯណា។ ប៉ុន្ដែទោះយ៉ាងណា ការវាយតម្លៃរបៀបណា វាក៏ជាផ្នែកមួយដែលបានពាក់ព័ន្ធនឹងកិត្ដិយសរបស់កម្ពុជា»។លោក ឆាយ គឹមខឿន បន្ថែមថា រាជរដ្ឋាភិបាលមានឆន្ទៈច្បាស់លាស់ កងកម្លាំងនគរបាលជាតិ កងកម្លាំងអនុវត្តច្បាប់មានស្មារតីប្ដេជ្ញាចិត្តច្បាស់លាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស សំខាន់បំផុតគឺការរំដោះពលរដ្ឋជាជនរងគ្រោះពីការជួញដូរ។

កាលពីខែមិថុនា ក្រសួងការបរទេសអាមេរិកបានចេញរបាយការណ៍ឆ្នាំ ២០២០ អំពីស្ថានភាពការជួញដូរមនុស្សនៅទូទាំងសកលលោក។ កម្ពុជាត្រូវបានដាក់ក្នុងបញ្ជីឃ្លាំមើលកម្រិត ២ ដែលជាប្រទេសមិនបានបំពេញតាមស្តង់ដាអប្បបរមាក្នុងការលុបបំបាត់ការជួញដូរមនុស្ស។ លោក អំ សំអាត ប្រធានផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការ លីកាដូ មើលឃើញថា បញ្ហានៃការជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា នៅតែជាក្ដីកង្វល់។ កត្ដានេះហើយទើបអាមេរិកបានដាក់កម្ពុជាក្នុងបញ្ជីឃ្លាំមើលកម្រិត ២ ដែលជាប្រទេសមិនបានបំពេញតាមស្តង់ដាអប្បបរមាក្នុងការលុបបំបាត់ការជួញដូរមនុស្ស។ លោក សំអាត បានថ្លែងថា៖ «ដូច្នេះបើឆ្នាំនេះ រាជរដ្ឋាភិបាលមិនខិតខំប្រឹងប្រែងទៀត វាអាចធ្លាក់ចំណាត់ថ្នាក់ទៅដល់លេខ ៣។ ដូច្នេះបញ្ហានេះជាការឆ្លុះបញ្ចាំងមួយដើម្បីឱ្យរាជរដ្ឋាភិបាល ជាពិសេសស្ថាប័នពាក់ព័ន្ធពង្រឹងនូវកិច្ចការពារដល់ជនរងគ្រោះពីការជួញដូរនៅកម្ពុជា»៕

website_news/2020030901.txt · Last modified: 2020/09/03 14:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki