website_news:2020030902

កម្ពុជា-អូស្រ្តាលី ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិល្អក្នុងការបង្ការ និងទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែននានា

http://ppd-news.net/ ថ្ងៃចេញផ្សាយៈ September 3, 2020

ភ្នំពេញ ៖ នៅរសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានទទួលជួបពិភាក្សាការងារជាមួយលោក ANTHONY MAGUIRE នាយនគរបាលជាន់ខ្ពស់ នៃនគរបាលសហព័ន្ធអូស្រ្តាលី នាឱកាសដែលលោកទើបតែមកបំពេញភារកិច្ច ក្នុងអាណត្តិការងារថ្មី នៅព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន របស់តំណាងនគរបាលសហព័ន្ធអូស្រ្តាលី និងបានបង្ហាញក្តីរំពឹងយ៉ាងមុតមាំថា ក្នុងអាណត្តិថ្មីរបស់លោក ANTHONY MAGUIRE នាយនគរបាលជាន់ខ្ពស់ នៃនគរបាលសហព័ន្ធអូស្រ្តាលី កម្ពុជា និងអូស្រ្តាលី នឹងនៅតែបន្តកិច្ចសហប្រតិបត្តិល្អ ក្នុងការបង្ការ និងទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែននានា ដែលមានដូចជាអំពើជួញដូរគ្រឿងញៀនខុសច្បាប់គ្រប់រូបភាព អំពើជួញដូរមនុស្ស និងអំពើរត់ពន្ធមនុស្សជាដើម ដោយទទួលបានជោគជ័យជាបន្តបន្ទាប់។

ជាមួយគ្នានេះផងដែរ លោក ANTHONY MAGUIRE នាយនគរបាលជាន់ខ្ពស់ នៃនគរបាលសហព័ន្ធអូស្រ្តាលី ក៏បានថ្លែងអំណរគុណអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក តាមរយៈកិច្ចសហប្រតិបត្តិការត្រីភាគី ដែលឱ្យឈ្មោះ Strikeforce Dragon សំដៅបង្ការ និងទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែននានា ដែលអាចបង្កហានិភ័យដល់សន្តិសុខជាតិនៃប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនៃជំនួបពិភាក្សានេះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលអូស្រ្តាលី តាមរយ:ស្ថានទូតអូស្រ្តាលី និងនគរបាលសហព័ន្ធអូស្រ្តាលី ដែលតែងតែយកចិត្តទុកដាក់ផ្តល់ជាជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលជំនាញពាក់ព័ន្ធនានា ដល់មន្រ្តីអន្តោប្រវេសន៍កម្ពុជា នាបណ្តាឆ្នាំកន្លងមក ក្នុងភាពជាដៃគូកិច្ចសហប្រតិបត្តិការ លើការងារអន្តោប្រវេសន៍៕

website_news/2020030902.txt · Last modified: 2020/09/03 15:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki