website_news:2020031201

ក្រសួងរកឃើញមាន ជនរងគ្រោះពីការជួញដូរមនុស្ស ជាង ១ ពាន់នាក់រយៈពេល ១១ ខែ

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 02 December 2020 | 17:30 ICT

ភ្នំពេញៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានរកឃើញជនរងគ្រោះ និង ងាយរងគ្រោះដោយសាអំពើជួញដូរមនុស្សមានជាង១ពាន់នាក់ ក្នុងរយៈពេល ១១ ខែឆ្នាំនេះ ក្នុងនោះស្រី ៩០ នាក់ កុមារា ៤០៨នាក់ កុមារី៥៩៧ នាក់ ក៏ប៉ុន្តែករណីបំពានផ្លូវភេទផ្ទាល់បានថយចុះ ខណៈបំពានតាមអនឡាញកើនឡើង ។

យោងតាមរបាយការណ៍ ស្ដីពីលទ្ធផលសម្រេចបានប្រចាំឆ្នាំ ២០២០ របស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និង សមាហរណកម្មជនរងគ្រោះនៃក្រសួង សង្គមកិច្ច ដែលភ្នំពេញ ប៉ុស្ដិ៍ ទទួលបាន នៅថ្ងៃទី ២ ធ្នូនេះ ឱ្យដឹងថា តួលេខជនរងគ្រោះ និង ងាយរងគ្រោះពីការជួញដូរមនុស្សទាំងនេះទទួលបានពីមន្ទីរសង្គមកិច្ច រាជធានី-ខេត្ត និង អង្គការដៃគូទូទាំងប្រទេស ក្នុងរយៈពេល ១១ ខែឆ្នាំនេះ សរុបមានចំនួន ១០៩៥ នាក់ (ស្រី ៩០ នាក់ កុមារា ៤០៨ នាក់ កុមារី ៥៩៧ នាក់)។ ក្នុងនោះទទួលបានពីមន្ទីរសង្គមកិច្ច រាជធានី-ខេត្ត ៦០ នាក់ និង ពីអង្គការដៃគូ ១០៣៥ នាក់។ បើតាមរបាយការណ៍ជនរងគ្រោះ និង ងាយរងគ្រោះពីអំពើជួញដូរមនុស្សទាំងនេះមានករណីជួញដូរផ្លូវភេទ ២៧ នាក់ អាជីវកម្មផ្លូវភេទ ៦ នាក់ កេងប្រវ័ញ្ចផ្លូវភេទ ៣៥ នាក់ រំលោភបំពានផ្លូវភេទ ២០៨ នាក់ កេងប្រវ័ញ្ចកម្លាំងពលកម្ម ២១០ នាក់ ជួញដូរកម្លាំងពលកម្ម ៨ នាក់និង ងាយរងគ្រោះ ៦០១ នាក់។

លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានឱ្យដឹង នៅថ្ងៃទី ២ ធ្នូនេះថា ក្នុងអំឡុងពេល១១ខែនេះ ជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្សដែលបានបញ្ជូនទៅស្ដារនីតិសម្បទានៅមណ្ឌលរបស់អង្គការដៃគូសរុប ៣៧១ នាក់ ក្នុងនោះមានបុរស ២៥ នាក់ ស្រ្ដី ៧៦ នាក់ កុមារី ២២៦ នាក់ កុមារា ៤៤ នាក់។ ចំណែកជនរងគ្រោះ និង ងាយរងគ្រោះដែលត្រូវបានធ្វើសមាហរណកម្មត្រឡប់ទៅក្នុងសហគមន៍វិញ មានចំនួន១០៣ នាក់ ក្នុងនោះបុរស ៣ នាក់ ស្រ្ដី ៦៦ នាក់ កុមារី ១០ នាក់ កុមារា ២៤ នាក់។លោក ចាន់នី បានបញ្ជាក់ថា៖ «លទ្ធផលនេះ គឺក្រសួងសង្គមកិច្ច បានអនុវត្ដតាមគោលនយោបាយ និង បទដ្ឋានដែលក្រសួងបានដាក់ចេញ និង ការចង្អុលបង្ហាញរបស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងសង្គមកិច្ច»។

លោក សំលៀង សីលា នាយកប្រតិបត្ដិអង្គការសកម្មភាពដើម្បីកុមារ (APLE Cambodia) បានថ្លែងនៅថ្ងៃពុធនេះដែរថា តាមការអង្កេតការកេងប្រវញ្ច និង ការរំលោភបំពានផ្លូវភេទលើកុមារភាគច្រើន គឺជនល្មើសធ្វើតាមរយៈការលួងលោមដោយផ្ទាល់និងដោយប្រយោល (អនឡាញ)។ កុមារដែលងាយរងគ្រោះ គឺជាកុមារអានាថានៅតាមផ្លូវ និង កុមារដែលរស់នៅក្នុងសហគមន៍ ដោយជនល្មើសប្រើប្រាស់វិធីឧបត្ថម្ភសម្ភារឬវត្ថុដល់គ្រួសារ និង កុមាររងគ្រោះ។ លោកបានថ្លែងថា៖ «សកម្មភាពលួងលោមនេះ បានទាក់ទាញទាំងគ្រួសារ និង កុមារឱ្យមានទំនុកចិត្ដចំពោះជនល្មើស ទើបជនល្មើសព្យាយាមអូសទាញកុមារទៅប្រព្រឹត្ដអំពើល្មើសផ្លូវភេទ និងការកេងប្រវ័ញ្ចផ្សេងទៀត»។ យ៉ាងណាក្ដី លោក សីលា បានសង្កេតឃើញថា បទល្មើសនៃការរំលោភបំពានផ្លូវភេទលើកុមារមានការថយចុះ ដោសារការអនុវត្ដច្បាប់របស់សមត្ថកិច្ច និង ការដាក់ទោសទណ្ឌដល់ជនល្មើស។

លោកបង្ហាញថា រយៈពេល ១១ ខែ ឆ្នាំនេះ សមត្ថកិច្ចឃាត់ខ្លួនជនល្មើសពីការរំលោភបំពានផ្លូវភេទបានចំនួន ១៣ នាក់ ហើយកាលពីឆ្នាំ ២០១៩ ឃាត់ខ្លួនជនល្មើសបាន ១៨ នាក់។ ចំណែកកុមាររងគ្រោះពីការរំលោភបំពានផ្លូវភេទរយៈពេល ១១ ខែឆ្នាំនេះមានចំនួន ៤៨ នាក់ ខណៈកាលពីឆ្នាំ ២០១៩ មានចំនួន ៧៩ នាក់។ លោក សីលា បញ្ជាក់ថា៖ «បទល្មើសរំលោភបំពានផ្លូវភេទលើកុមារដោយផ្ទាល់មានការថយចុះក្នុងឆ្នាំនេះ ប៉ុន្ដែ ការរំលោភបំពានតាមប្រព័ន្ធអនឡាញមានការកើនឡើងច្រើន។ បទល្មើសទាំងនោះមានដូចជាការផ្សព្វផ្សាយរូបភាព និង វីដេអូអាសអាភាសរបស់កុមារ និង ការលួងលោមកុមារតាមប្រព័ន្ធអនឡាញ។ បទល្មើសតាមអនឡាញនេះ សមត្ថកិច្ចមានការលំបាកក្នុងការស្វែងរកជនល្មើស»។

លោក អំ សំអាត នាយករង អង្គការលីកាដូបានថ្លែងនៅថ្ងៃនេះដែរថា តាមការសង្កេត អំពើហិង្សាលើកុមារ ទាំងការរំលោភបំពានផ្លូវភេទនិងអំពើហិង្សាផ្សេងៗទៀត គឺស្ថិតក្នុងក្ដីបារម្ភនៅឡើយ។ ពីព្រោះហេតុថាពីមួយឆ្នាំទៅមួយឆ្នាំ បទល្មើសទាំងនេះមិនមានការថយចុះទេ។ លោកថ្លែងថា៖ «ឆ្នាំនេះ អង្គការ លីកាដូ ទទួលបានការស្នើសុំឱ្យជួយទាក់ទងនឹងបញ្ហាអំពើហិង្សាលើកុមារនេះ បើគិតត្រឹម ១០ ខែ យើងមាន ១២៤ ករណីចំនួននេះ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ក៏មិនសូវខុសគ្នាដែរ។ ដូច្នេះ វានៅតែជាកង្វល់ និងការព្រួយបារម្ភនៅឡើយទេ»៕

website_news/2020031201.txt · Last modified: 2020/12/04 09:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki