website_news:2020031203

ជួយសង្គ្រោះនារីខ្មែរម្នាក់នៅប្រទេសចិនបានហើយ! ដែលប្តីចិនបង្ខាំងក្នុងផ្ទះបង្ខំធ្វើបាប

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ១៥:២៦

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២ ធ្នូ ២០២០នេះ ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ឲ្យដឹងថា ស្ត្រីជនជាតិខ្មែរម្នាក់ ដែលបានសរសេរសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា «នាងត្រូវបានមេខ្យល់ឆបោកឲ្យទៅរៀបការជាមួយប្ដីជនជាតិចិន ហើយត្រូវបានគេបង្ខាំងបិទសេរីភាពក្នុងការរស់នៅ និងបានទទូចស្នើសុំឲ្យអាជ្ញាធរកម្ពុជា ជួយអន្តរាគមន៍នាំមកប្រទេសកម្ពុជា»នោះ ត្រូវបានរកឃើញហើយ និងបានបញ្ជូនទៅអគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសចិន ដើម្បីអនុវត្តនីតិវិធីធ្វើបត្យាប័នមកកម្ពុជាវិញ ។ ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានបញ្ជាក់បន្ថែមថា ការទទួលជោគជ័យ ក្នុងការស្រាវជ្រាវស្វែងរកអាសយដ្ឋាន ស្នាក់នៅឯប្រទេសចិនរបស់នារីរងគ្រោះខាងលើ និងបានធ្វើការសង្គ្រោះនោះ គឺបានទទួលកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរចិន និងអាជ្ញាធរកម្ពុជា ។

សូមរម្លឹកថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានទទួលព័ត៌មានពីក្រុមការងារប្រតិកម្មរហ័សរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងការចុះផ្សាយលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់គណនីឈ្មោះ វាសនាកូនស្រីទី៤ ដោយបានសរសេរខ្លឹមសារបង្ហោះក្នុងបណ្ដាញទំនាក់ទំនងសង្គមថា ពុំមានសេរីភាពក្នុងការរស់នៅ បន្ទាប់ពីចាញ់បោកមេខ្យល់រៀបការប្ដីជនជាតិចិន និងទទួចសំណូមពរឲ្យអាជ្ញាធរកម្ពុជាអន្តរាគមន៍ជួយសង្គ្រោះត្រឡប់មករស់នៅប្រទេសកម្ពុជាវិញ។ ក្នុងខ្លឹមសារសំណេរបញ្ជាក់ថា នាងមានឈ្មោះ ធួក សុភី អាយុ ២០ឆ្នាំ នៅភូមិឃ្សឹបក្រៅ ឃុំឃ្សឹបក្រៅ ស្រុកស្នួល ខេត្តក្រចេះ ។

ក្រោយទទួលបានដំណឹងនេះ កម្លាំងជំនាញរបស់នាយកដ្ឋាន បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តក្រចេះ ធ្វើការស្រាវជ្រាវស្វែងរកឃើញសាច់ញាតិ និងសាកសួរព័ត៌មានលម្អិត ដើម្បីធ្វើការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណមេខ្យល់ ព្រមទាំងបានស្របសម្រួល ឲ្យម្ដាយនារីរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅក្រសួងមហាផ្ទៃ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ ដោយឡែក នាយកដ្ឋាន បានសហការជាមួយក្រុមលេខាធិការដ្ឋានមេគង្គឡានឆាង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកតម្រុយ ឈានទៅទីកន្លែងស្នាក់នៅរបស់ជនរងគ្រោះ ។

នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ មន្ត្រីជំនាញរបស់នាយកដ្ឋាន បានបញ្ជូនព័ត៌មានបន្ថែមទៀត រួមមានគណនីហ្វេសប៊ុក ដែលមានអាសយដ្ឋាន អត្តសញ្ញាណបណ្ណប្ដីជនជាតិចិន ឲ្យទៅក្រុមការងារលេខាធិការដ្ឋានមេគង្គឡានឆាង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីមានមូលដ្ឋានពិតប្រាកដក្នុងការអនុវត្តនីតិវិធីអន្តរាគមន៍សង្គ្រោះ ទើបនៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ អាជ្ញាធរចិនបានឆ្លើយតបថា បានរកឃើញនារីរងគ្រោះ និងបានសង្គ្រោះ ព្រមទាំងបានបញ្ជូនទៅកាន់អគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសចិន ដើម្បីអនុវត្តន៍នីតិវិធីបន្ត ៕

website_news/2020031203.txt · Last modified: 2020/12/04 09:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki