website_news:2020040202

ពលករខ្មែរនៅកូរ៉េជាង៣ម៉ឺននាក់ បញ្ជូនប្រាក់មកគ្រួសារនៅកម្ពុជា ជាង៤០០លានដុល្លារក្នុងមួយឆ្នាំ

https://thmeythmey.com/ 03, Feb 2020 , 10:59 pm ដោយ: ធឿន បញ្ញាឬទិ្ធ

ភ្នំពេញ៖ ពលករខ្មែរជាង៣ម៉ឺននាក់ ដែលបំពេញការងារនៅកូរ៉េខាងត្បូង បានបញ្ជូនប្រាក់មកជួយគ្រួសារនៅកម្ពុជា ជាង៤០០លានដុល្លារក្នុងមួយឆ្នាំ។ នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ នៅកូរ៉េខាងត្បូង នារសៀលថ្ងៃទី៣ កុម្ភៈនេះ។ សម្ដេច ហ៊ុន សែន បានអះអាងថា រដ្ឋាភិបាលបញ្ជូនពលករខ្មែរ ទៅធ្វើការនៅក្រៅប្រទេសនេះ មិនមែនជាការធ្វើបាបពួកគេនោះទេ ប៉ុន្តែវាជួយពួកគេឱ្យមានលទ្ធភាពរកថវិកាច្រើនសម្រាប់ជួយគ្រួសារប៉ុណ្ណោះ។ ប្រមុខរដ្ឋាភិបាល ក៏បានលើកឡើងថា ពលករខ្មែរ ដែលមកធ្វើការនៅកូរ៉េជាង៣ម៉ឺននាក់នេះ អាចទទួលបានទាំងប្រាក់ខែខ្ពស់ និងជំនាញផងដែរ។

ជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រីកម្ពុជា ក៏ផ្ដាំឱ្យពលករទាំងអស់ ប្រឹងប្រែងបំពេញការងារ និងយកជំនាញរបស់ខ្លួន ទុកមកបម្រើការងារ និងរកស៊ីវិញនៅកម្ពុជាផងដែរ នៅពេលដែលចប់អាណត្តិការងារ។ ក្រៅពីពលករស្របច្បាប់នេះ ក៏មានពលរដ្ឋខ្មែរខុសច្បាប់ជាង៧ពាន់នាក់ ដែលកំពុងរស់នៅកូរ៉េខាងត្បូងផងដែរ។ រដ្ឋាភិបាល កំពុងអន្តរាគមន៍ជួយរៀបចំភាពស្របច្បាប់ឱ្យពួកគេ។ «ខ្មែររស់នៅមិនស្របច្បាប់នៅកូរ៉េខាងត្បូងជាង៧ពាន់នាក់ យើងក៏ខិតខំប្រែក្លាយអ្នកទាំងនោះឱ្យស្របច្បាប់វិញដែរ បើទោះអ្នកទាំងនោះប្រឹងគេចខ្លួន ដើម្បីរស់នៅទីនេះ»។ នេះជាការបញ្ជាក់នាយករដ្ឋមន្ត្រី ដែលបានបន្ថែមថា សម្ដេចនឹងពិភាក្សាជាមួយប្រធានាធិបតីកូរ៉េ លោក មូន ចេអ៊ីន (Moon Jae-in) ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ និងលក្ខខណ្ឌការងារពលករ។ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េ នៅឆ្នាំ២០១៩ មានចំនួន១,០៣២លានដុល្លារអាមេរិក ដោយក្នុងនោះកម្ពុជានាំចេញទៅកូរ៉េ៣៣៥លានដុល្លារ ហើយកូរ៉េនាំចូលកម្ពុជា ជិត៧០០លានដុល្លារអាមេរិក៕

website_news/2020040202.txt · Last modified: 2020/02/04 13:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki