website_news:2020040203

កម្ពុជា នៅប្រឈមបញ្ហាក្នុងការដោះស្រាយចំពោះពលករគ្មានច្បាប់

http://bayontv.com.kh/ 04/02/2020

ភ្នំពេញ ៖ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ) នៃប្រទេសកម្ពុជា បានឱ្យដឹងថា ពលករខ្មែរ ដែលទៅធ្វើការប្រទេសគេ ដោយគ្មានច្បាប់ត្រឹមត្រូវ បានធ្វើឲ្យរាជរដ្ឋាភិបាល ពិបាកក្នុងការដោះស្រាយ ប៉ុន្តែអង្គការអន្តរជាតិទេសន្តប្រវេសន៍ ហៅកាត់ថា IOM បន្តលើកទឹកចិត្តជានិច្ច ចំពោះកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ពលករ ដែលខុសច្បាប់ទាំងនោះ។ ប្រទេសកម្ពុជា នៅថ្ងៃនេះ បានធ្វើជាម្ចាស់ផ្ទះ នៃសិក្ខាសាលាសម្របសម្រួលថ្នាក់តំបន់ ស្តីពីការធ្វើ ចំណាកស្រុកដោយសុវត្ថិភាព របស់ប្រទេសបញ្ជូន (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) ដែលក្រោយការថ្លែងបើកសិក្ខាសាលានេះ។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ) នៃប្រទេសកម្ពុជា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា សព្វថ្ងៃនេះ ពលករខ្មែរ ដែលបានទៅធ្វើការនៅក្រៅប្រទេស មានចំនួន រហូតដល់ជាងមួយលាននាក់ ទាំងស្របច្បាប់ និងមិនស្របច្បាប់ ប៉ុន្តែអ្វីដែលកម្ពុជា កំពុងមានការព្រួយ បារម្ភខ្លាំង ក្នុងការដោះស្រាយជូនពួកគេនោះ គឺបញ្ហាពួកគេទៅដោយខុសច្បាប់ ហើយជួបប្រទះ នឹងវិបត្តិ ផ្សេងៗ។

អ្នកស្រី គ្រីស្ទីន ប៉ាឡូ (Kristin Palo) ប្រធានបេសកកម្ម របស់អង្គការអន្តរជាតិទេសន្តប្រវេសន៍ IOM ប្រចាំនៅកម្ពុជា បានថ្លែងថា បញ្ហាទេសន្តប្រវេសន៍ គឺជាបញ្ហាមួយ ដែលត្រូវរួមគ្នាដោះស្រាយ មិនថា ប្រទេស ដែលបញ្ជូនពលករ និងប្រទេស ដែលទទួលពលករទាំងនោះទេ ហើយអង្គការIOM បន្តគាំទ្រ និង កោតសរសើរយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយរាល់បញ្ហាទេសន្តប្រវេសន៍នេះ។ សិក្ខាសាលាសម្របសម្រួលថ្នាក់តំបន់ ស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាពរបស់ប្រទេស បញ្ជូន ដែលមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមនេះ គឺដើម្បីបន្តស្វែងរកដំណោះស្រាយ បន្ថែមចំពោះប្រជាជនរបស់ខ្លួន ដែលបានបញ្ជូន និងលួចទៅធ្វើការនៅប្រទេសដទៃ ខណៈដែលពួកគេ បានជួប នឹងបញ្ហាផ្នែកច្បាប់ និងបញ្ហាផ្សេងៗនោះ។ សិក្ខាសាលានេះ គឺធ្វើឡើងចំនួនពីរថ្ងៃ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែកុម្ភៈ នេះ ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

website_news/2020040203.txt · Last modified: 2020/02/04 13:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki