website_news:2020040204

កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាសម្របសម្រួលថ្នាក់តំបន់ស្តីពី ការធ្វើចំណាកស្រុកដោយសុវត្ថិភាព

http://www.freshnewsasia.com/ 2020-02-04

(ភ្នំពេញ)៖ ប្រទេសកម្ពុជា ត្រូវបានផ្ដល់កិត្តិយសឲ្យធ្វើជាម្ចាស់ផ្ទះ នៃសិក្ខាសាលាសម្របសម្រួលថ្នាក់តំបន់ស្តីពី ការធ្វើចំណាកស្រុកដោយសុវត្ថិភាពរបស់ប្រទេសបញ្ជូន (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) CLMV រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។ ពិធីបើកសិក្ខាសាលានៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ធ្វើឡើងក្រោមអធិបតីលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធ ប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ), តំណាងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (ថ្នាក់តំបន់) IOM និងតំណាងស្ថានទូតអាមេរិក។ លោកស្រី ជូ ប៊ុនអេង បានឲ្យដឹងថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ជាមួយគ្នា អំពីបញ្ហាទេសន្ដរប្រវេសន៍ ដែលឈានទៅដល់ការជួញដូរ ឬកេងប្រវ័ញ្ញកម្លាំងពលកម្មរបស់ពលករ។ ក្នុងរយៈពេលពីរថ្ងៃនេះ ភាគីពាក់ព័ន្ធនឹងអាចមានព័ត៌មាន ជាមួយការផ្ដួចផ្ដើមថ្មីៗ ដែលប្រទេសទាំងបួន អាចចែករំលែកជាមួយគ្នាអំពីបទពិសោធន៍ និងការអនុវត្តល្អ នៅតាមប្រទេសនីមួយដើម្បីឆ្លើយតបទៅនឹងទេសន្ដប្រវេសន៍។ លោកស្រីបន្ថែមថា ទាំងកម្ពុជា និងប្រទេស៣ផ្សេងទៀត សង្ឃឹមយ៉ាងជឿជាក់ថា ប្រទេសទាំងបួន នឹងមានកិច្ចសហការល្អជាមួយគ្នាបន្ដទៀត ដែលត្រៀមលក្ខណៈដើម្បីឈានទៅជជែកពិភាក្សាជាមួយប្រទេសគោលដៅ ដែលអាចផ្ដើមពីប្រទេសថៃ។

បើតាមលោកស្រី ជូ ប៊ុនអេង បញ្ហាប្រឈមដែលកម្ពុជា, ឡាវ , មីយ៉ាន់ម៉ា និងវៀតណាម ជួបប្រទះកន្លងទៅ គឺការដោះស្រាយបញ្ហាច្បាប់ ព្រោះដោយសារតែពលករមួយចំនួន មិនមានឯកសារច្បាប់ត្រឹមត្រូវ ហើយប្រទេសបញ្ជូន និងប្រទេសគោលដៅបានឯកភាពគ្នា ក្នុងការផ្ដល់ឯកសារច្បាប់ ជូនពួកគាត់ដែលចំណាកស្រុកទាំងអស់នោះ។ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានអះអាងទៀតថា រហូតមកដល់ពេលនេះ កម្ពុជាមានពលករនៅក្រៅប្រទេស ប្រមាណ១.២លាននាក់ ក្នុងនោះពលករដែលខុសច្បាប់ច្រើនជាងគេ គឺទៅប្រទេសថៃ ដែលក្រសួង និងស្ថាប័នពាក់ព័ន្ធកំពុងតែខិតខំរិះរក គ្រប់មធ្យោបាយទាំងឡាយណា ដើម្បីដោះស្រាយជូនពួកគាត់ឲ្យក្លាយជាពលករស្របច្បាប់។

ជាមួយគ្នានេះ លោកស្រី Kristin Parco តំណាងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (ថ្នាក់តំបន់) IOM នៅកម្ពុជា ក៏បានបង្ហាញនូវការស្ញប់ស្ញែងរបស់ចំពោះបេ្ដជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការទប់ស្កាត់ការធ្វើចំណាក់ស្រុកដោយខុសច្បាប់។ តំណាងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (ថ្នាក់តំបន់) IOM នៅកម្ពុជា បានអះអាងថា ទាំងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងច្បាប់បទដ្ឋានគតិយុត្ដផ្សេងៗ គឺរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចូលដើម្បីពិភាក្សាដោះស្រាយបញ្ហាទេសន្ដរប្រវេសន៍ដែលមិនប្រក្រតីនេះ៕

website_news/2020040204.txt · Last modified: 2020/02/04 13:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki