website_news:2020040305

ពលករខ្មែរចូលរួមជាមួយពលករចម្រុះជាតិសាស្ត្ររាប់រយនាក់តវ៉ានៅទីក្រុងបាងកកឱ្យរដ្ឋាភិបាលថៃរក្សា GSP

https://www.rfa.org/ ដោយ អាស៊ីសេរី 2020-03-03

ពលករខ្មែរប្រមាណ ២០នាក់ នៅព្រឹកថ្ងៃទី៣ មីនា ចូលរួមតវ៉ាជាមួយពលករចម្រុះជាតិសាសន៍នៅមុខ ទីស្នាក់ការកណ្តាលប្រចាំតំបន់របស់អង្គការសហប្រជាជាតិ នៅក្រុងបាងកក ប្រទេសថៃ ដើម្បីឱ្យជួយជំរុញទៅរដ្ឋាភិបាលថៃឱ្យគោរពសិទ្ធិការងារ ដើម្បីរក្សាការអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក។ ក្រុមអ្នកតវ៉ាបានដាក់ឧបករណ៍បំពងសំឡេងលើកបដា និងកាន់ទង់ជាតិតំណាងប្រទេសនីមួយៗ ឈរស្រែកតវ៉ានៅក្រោមកម្ដៅថ្ងៃនៅទីក្រុងបាងកក ទាមទារឱ្យរដ្ឋាភិបាលថៃគោរពសិទ្ធិមនុស្ស។

តំណាងពលករខ្មែរម្នាក់ដែលបានចូលរួមតវ៉ានៅទីក្រុងបាងកក លោក ស៊ុម សីហា ប្រាប់អាស៊ីសេរីក្រោយពេលចប់តវ៉ាថា ការតវ៉ានេះមានពលករចម្រុះជាតិសាសន៍ប្រមាណ៨០០នាក់ រួមមានកម្ពុជា ភូមា លាវ និងថៃ ចូលរួមសម្ដែងមតិយ៉ាងពេញលេញ។លោកបន្ថែមថា មូលហេតុដែលចូលរួមតវ៉ានៅមុខទីស្នាក់ការកណ្តាលប្រចាំតំបន់របស់អង្គការសហប្រជាជាតិ នៅក្រុងបាងកក ដោយសារពួកគេជាពលករចម្រុះជាតិសាសន៍ ហើយនាំគ្នាសម្ដែងមតិដើម្បីឱ្យស្ថាប័ននេះជួយដាក់សម្ពាធដល់រដ្ឋាភិបាលឱ្យគោរពសិទ្ធិការងារ ដើម្បីរក្សាការអនុគ្រោះGSP ទៅលើទំនិញដែលនាំទៅលក់នៅសហរដ្ឋអាមេរិក ប្រមាណ១ពាន់៣០០លានដុល្លារ (១.៣០០) អាមេរិកក្នុងមួយឆ្នាំៗ ដើម្បីឱ្យពួកគេបានធ្វើការងារនៅប្រទេសនេះបន្តទៀត៖ «ប៉ុន្តែបើសិនជារដ្ឋាភិបាលថៃមិនព្រម ស្ដារសិទ្ធិមនុស្សនិងសិទ្ធប្រជាធិបតេយ្យទេ គឹហ្នឹងបន្តដាក់ទណ្ឌកម្មបន្ថែមទៀត អីចឹងហើយ ផលប៉ះពាល់គឺពលករបរទេសមានច្រើនលាននាក់។អីចឹងខ្ញុំជឿថាគេមិនមែនដកកម្មករជនជាតិគេទេ គេប្រាកដជាដកពលករបរទេសហើយ គេមិនសុខចិត្តឱ្យពលរដ្ឋថៃបាត់បង់ការងារទេ។នេះហើយជាបញ្ហាប្រឈម ហើយស្របពេលដែលកម្ពុជាបាត់បង់ EBA និងបាត់បង់ការងារទៀត ហើយ ពលករខ្មែរនៅថៃបាត់បង់ការងារទៀត តើឱ្យពួកគាត់ទៅធ្វើការនៅទីណា?»។ លោកបន្ថែមថា ប៉ូលិសថៃបានសម្រួលឱ្យក្រុមអ្នកតវ៉ា សម្ដែងមតិរហូតដល់ចប់កម្មវិធី ដោយពុំមានការអុកឡុករំខានដល់ពួកគេនោះឡើយ។

ស្រដៀងគ្នានេះដែរ ពលករខ្មែរម្នាក់ទៀត លោក ឆន សុខឿន ថ្លែងថា ពលករទាំងអស់មានសិទ្ធិសម្ដែងមតិពេញលេញ ដោយមិនមានការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរឡើយ។ ពលកររូបនេះ បញ្ជាក់ទៀតថា ពួកគេព្រួយបារម្ភខ្លាចអត់ការងារធ្វើនៅពេលសហរដ្ឋអាមេរិកផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ GSP ពីប្រទេសថៃ នៅថ្ងៃទី២៥ខែមេសាខាងមុខ៖ «គ្រប់ជាតិសាសន៍ទាំងអស់ចូលរួមគឺយើងមានសិទ្ធិពេញលេញបានស្រែកដូចគ្នាទាំងអស់។ថ្ងៃនេះខ្ញុំកាន់ទង់ជាតិខ្មែរនិងបដាផ្សេងៗដែលពាក់ព័ន្ធនឹងការទាមទាររបស់ពលករ។ខ្ញុំមានអារម្មណ៍ថាសប្បាយដែរដែលខ្ញុំរស់នៅប្រទេសគេហើយមានសិទ្ធិតវ៉ាខ្លាំងជាងនៅប្រទេសខ្មែរទៅទៀត ខ្ញុំរំភើបណាស់ដែលឃើញប្រទេសគេមានប្រជាធិបតេយ្យរហូតដល់៩៥ភាគរយបែបនេះ»។ លោកបន្ថែមថា ក្រោយពេលពួកលោកតវ៉ាប្រមាណ ៣ម៉ោង មានតំណាងរដ្ឋាភិបាលថៃម្នាក់ឈ្មោះសុផន អថាវង្ស (Sophorn Athavung) បានឡើងប្រកាសនៅមុខក្រុមពលករដោយយល់ព្រមទទួលសំណើរបស់ក្រុមអ្នកតវ៉ា ដើម្បីដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់ថៃ នៅចុងខែមីនាដើម្បីពិភាក្សា និងសម្រេចជុំវិញការស្នើសុំរបស់ពលករនេះ។

ប្រទេសថៃ នាំទំនិញទៅដាក់លក់នៅសហរដ្ឋអាមេរិក ដោយរួចផុតពីកាតព្វកិច្ចបង់ពន្ធ ក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់អាមេរិក គិតជាទឹកប្រាក់ប្រមាណ១ពាន់៣០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ សហរដ្ឋអាមេរិកនឹងផ្ដាច់ការអនុគ្រោះពន្ធនេះ ដោយសាររដ្ឋាភិបាលថៃ មិនបានគោរពសិទ្ធិការងារទៅលើពលករបរទេសឱ្យបានត្រឹមត្រូវតាមច្បាប់ ដែលពួកគេកំពុងធ្វើការក្នុងប្រទេសថៃ ជាពិសេសពលករធ្វើការងារនៅលើទូកនេសាទ និងផ្នែកឧស្សាហកម្មអាហារសមុទ្រ ដែលថៃបានចេញច្បាប់ការពារដល់ពួកគេរួចមកនោះ។

ក្រុមអ្នកតវ៉ាទាំងនោះ ជាតំណាងពលករចម្រុះជាតិសាសន៍ប្រចាំនៅតំបន់ឧស្សាហកម្មក្នុងខេត្តជុំវិញទីក្រុងបាងកក ដោយមានជនជាតិថៃ ដែលជាមេសហជីពនាំដឹកនាំតវ៉ា។ ក្រុមពលករបានត្រឡប់ទៅកន្លែងធ្វើវិញ បន្ទាប់ពីតំណាងមន្ត្រីរដ្ឋាភិបាលថៃចុះជួបពួកគេ។ ទោះជាយ៉ាងណាក្រុមអ្នកតវ៉ានឹងប្រមូលគ្នាតវ៉ាជាថ្មីទៀតក្នុងឆាប់ៗ ប្រសិនបើរដ្ឋាភិបាលថៃមិនបានដោះស្រាយតាមការស្នើសុំរបស់ពលករនោះ៕

website_news/2020040305.txt · Last modified: 2020/03/04 15:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki