website_news:2020040501

ពលករខ្មែរការចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញ មានការកើនឡើង

https://www.cen.com.kh/ May 4, 2020

បាត់ដំបង៖ កំណើនពលករខ្មែរហក់ឡើងជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃនេះ បានធ្វើដំណើរចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញ បើទោះបីជាអាជ្ញាធរថៃ នៅបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ហើយនៅតាមច្រកទ្វារព្រំដែននានា ត្រូវបានបិទមិនឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរឆ្លងដែនទៅវិញទៅមក ក្រៅពីការនាំទំនិញចេញចូលប៉ុណ្ណោះ។

លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យសាលាខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា កំណើនពលករខ្មែរហក់ឡើងវិញនៃការវិលត្រឡប់មកស្រុកកំណើតវិញ គឺដោយសារអាជ្ញាធរថៃ នៅតែបន្តការដាក់ប្រទេសក្នុងគ្រាអាសន្ន។ ទីកន្លែងរបស់ពួកគាត់ធ្វើការ ត្រូវបានបិទ ដូចនេះពួកគាត់ពុំមានការងាធ្វើ ហើយគ្មានប្រាក់ចំណូល។ ពលករខ្មែរ ដែលត្រឡប់មកវិញនេះ បើទោះបីជាត្រូវថៅកែរបស់ពួកគេ បានផ្ដល់អាហារ សម្រាប់បរិភោគប្រចាំថ្ងៃក៏ពិតមែន ប៉ុន្តែការចំណាយលើការស្នាក់នៅផ្ទះជួល គឺត្រូវបង់ប្រាក់ដោយខ្លួនឯង ដោយពុំមានលទ្ធភាពបង់ថ្លៃផ្ទះជួល និងគ្មានការងារធ្វើផងនោះ ទើបពួកគាត់នាំគ្នាត្រឡប់មកស្រុកកំណើតវិញ។

ក្នុងរបាយការណ៍របស់សាលាខេត្តបាត់ដំបងបង្ហាញថា កាលពីថ្ងៃទី៣ខែឧសភាឆ្នាំ២០២០ ពលករខ្មែរដែលមានលំនៅដ្ឋានក្នុងខេត្តបាត់ដំបង បានចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញ ចូលតាមច្រកនានាក្នុងខេត្ត និងក្រៅខេត្តមានចំនួន ៦៩នាក់(ស្រី៣៥នាក់)។ សម្រាប់ពលករខ្មែរនៅតាមបណ្ដាខេត្ត និងរាជធានីដែលចូលតាមច្រកទ្វារព្រំដែន ក្នុងខេត្តបាត់ដំបង មានចំនួន១៣៩នាក់ (ស្រី៦៥នាក់)។

គួរបញ្ជាក់ផងដែរថា ចាប់ពីមានការបិទច្រកទ្វារព្រំដែនរវាងកម្ពុជា ថៃ ដែលជាប់ព្រំដែននឹងខេត្តបាត់ដំបង ដោយសារជំងឺកូវីដ១៩ គឺចាប់ពីថ្ងៃទី២៣ខែមិនាឆ្នាំ២០២០ រហូតដល់មុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺមានពលករខ្មែរ ឆ្លងដែនចេញពីប្រទេសថៃ មកស្រុកកំណើតវិញក្នុងមួយថ្ងៃចាប់ពី ៣០០ទៅ៤០០នាក់និងពេលខ្លះឡើងដល់ជាង៥០០នាក់ ប៉ុន្តែចំនួននេះបានថយចុះនៅពេលចូលឆ្នាំខ្មែរបញ្ចប់ គឺមានការឆ្លងដែនប្រមាណ១០០នាក់ និងក្រោម១០០នាក់។ ប៉ុន្មានថ្ងៃជាប់គ្នានេះ បានហក់ឡើងវិញ ហើយចំពោះពលរដ្ឋនិងពលករខ្មែរ មានទីលំនៅក្នុងខេត្តបាត់ដំបងចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានត្រឡប់មកពីក្រៅប្រទេសវិញ រហូតមកដល់ថ្ងៃទី០៣ខែឧសភាឆ្នាំ២០២០ មានចំនួនសរុប ១៦.៨៨៦នាក់ ៕ ដោយ៖អ៊ុងសារុំ

website_news/2020040501.txt · Last modified: 2020/05/04 14:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki