website_news:2020040603

UN និងទីភ្នាក់ងារស្វ៊ីស ចុះហត្ថលេខាលើកម្មវិធីភាពមានការងារសមរម្យសម្រាប់យុវជនវគ្គ ២

https://www.postkhmer.com/ ឡុង គីមម៉ារីតា | Publication date 03 June 2020 | 14:44 ICT

ភ្នំពេញៈ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) ព្រមទាំងទីភ្នាក់ងារផ្តល់ជំនួយផ្សេងទៀតកាលពីល្ងាចថ្ងៃចន្ទបានចុះហត្ថលេខាលើកម្មវិធី «ភាពមានការងារសមរម្យសម្រាប់យុវជន ឬ DEY» វគ្គ ២ ដែលមានរយៈពេល ៤ ឆ្នាំ ក្នុងគម្រោងទឹកប្រាក់ប្រមាណជាង ៨ លានដុល្លារ។ បើតាមឯកសារដែលត្រូវបានផ្សព្វផ្សាយនៅក្នុងពិធីនេះថវិកាសរុបសម្រាប់កម្មវិធី DEY ដំណាក់កាលទី ២ គឺមាន ៨,៤៨ លានដុល្លារ ក្នុងនោះទឹកប្រាក់ ៤ លានដុល្លារជាថវិកាផ្តល់ដោយ SDC និង ៤,៤៨ លានដុល្លារទៀតជាថវិកាដែលបានមកពីមូលនិធិស្នូលរបស់ទីភ្នាក់ងារដែលចូលរួមនៅក្នុងកម្មវិធីនេះពីអ្នកផ្តល់ជំនួយដទៃទៀតពីវិស័យឯកជនពីរាជរដ្ឋាភិបាលកម្ពុជា។ DEY គឺជាកម្មវិធីមួយដែលត្រូវបានប្រកាសដំណើរការតាំងពីឆ្នាំ ២០១៧ ហើយបានបិទបញ្ចប់ក្នុងដំណាក់កាលទី ១ កាលពីខែធ្នូឆ្នាំ ២០១៩ ដោយមានការគាំទ្រពី SDC រួមនឹងដៃគូគាំទ្រដទៃទៀត។ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានពីថ្ងៃចន្ទថា កម្មវិធីដំណាក់កាលទី ២ នេះបានចាប់ផ្តើមដំណើរការតាំងពីខែមករា ឆ្នាំ ២០២០ ដែលមានរយៈពេល ៤ ឆ្នាំក្រោមការដឹកនាំ និងរៀបចំដោយការិយាល័យអ្នកសម្របសម្រួល UN ។

នៅក្នុងកិច្ចសហប្រតិបត្តិការនេះក៏រួមមានស្ថាប័នរដ្ឋាភិបាល និយោជក និងកម្មករនិយោជិក ទទួលបានការគាំទ្រពីគម្រោងដំណាក់កាលទី ២ នេះដោយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់នូវគន្លឹះមួយចំនួន ដើម្បីអន្តរាគមន៍ក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ១៩ក្នុងវិស័យការងារការបណ្តុះបណ្តាល ការអប់រំ និងប្រាក់ចំណូល។ UN បញ្ជាក់ថា៖ «អត្ថប្រយោជន៍ដែលទទួលបានពីគម្រោងថ្មីនេះនឹងទទួលបានយុទ្ធសាស្ត្រព្រមទាំងថវិកាប្រមាណ ៤ លានដុល្លារពីទីភ្នាក់ងារស្វ៊ីសក្រោមការអភិវឌ្ឍ និងសហការ ខណៈដំណាក់កាលទី ២ នេះនឹងបន្តពង្រីកគំនិតផ្តួចផ្តើមក្នុងវគ្គទី ១ ឲ្យទទួលបានជោគជ័យនៅក្នុងការជួយដល់យុវជនដែលជាស្ត្រី និងបុរសក្នុងការទទួលបានឱកាសការងារសមរម្យ និងផលិតភាពកាន់តែច្រើនឡើង»។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងនាឱកាសនោះថា គម្រោងនេះនឹងជួយដល់យុវជនក្នុងការទទួលបានឱកាសការងារ និងប្រសិទ្ធភាពការងារកាន់តែប្រសើរ ខណៈពួកគេបានរងផលប៉ះពាល់ពីជំងឺកូវីដ១៩។ លោកថា៖ «ការបន្តគម្រោងនេះដែលមានទឹកប្រាក់ ៤ លានដុល្លារ នឹងជួយគាំទ្រដល់គម្រោងក្នុងការជួយដល់យុវជនឲ្យទទួលបានឱកាសការងារសមរម្យសម្រាប់ឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៣ ហើយយើងក៏នឹងបន្តរួមគ្នាក្នុងការផ្តល់ឱកាសដល់កម្ពុជាក្នុងការលើកកម្ពស់ការងារសមរម្យ ជាពិសេសដល់យុវជន»។

កញ្ញា ហុក សុវណ្ណវត្តី តំណាងឲ្យយុវជនដែលទទួលបានការជួយគាំទ្រពីគម្រោងនេះថ្លែងថា ការប្រឈមមុខនឹងជំងឺកូវីដ១៩ មួយរយៈចុងក្រោយនេះបានធ្វើឲ្យយុវជនមួយចំនួនបានបាត់បង់ការលើកទឹកចិត្តដោយសារតែមិនត្រៀមខ្លួនទុកជាមុន ព្រោះតែការផ្អាកសកម្មភាពប្រចាំថ្ងៃដែលធ្លាប់តែធ្វើ។ កញ្ញា បន្តថាក្នុងឱកាសនេះគឺជាពេលដ៏ពិបាកសម្រាប់កម្មករនិយោជិតជាពិសេសសម្រាប់ពលករចំណាកស្រុកដែលធ្លាប់ពឹងអាស្រ័យលើការងារនៅក្រៅប្រទេស។ កញ្ញាបញ្ជាក់ថា៖ «ផលវិបាកនេះមិនទាន់រាប់បញ្ចូលការបិទទ្វារសាលាក្លិបកម្សាន្តនានា ដែលធ្វើឲ្យមនុស្សរាប់សែននាក់មិនមានការងារធ្វើ និងសេវាគាំពារសង្គម។ អ្វីដែលវិជ្ជមាននោះ គឺស្ថានភាពនៅក្នុងប្រទេសកម្ពុជាគឺកាន់តែមានភាពល្អប្រសើរដោយសារតែការខិតខំប្រឹងប្រែងធ្វើការសម្រេចចិត្ត និងការផ្សព្វផ្សាយព័ត៌មានដ៏ត្រឹមត្រូវ។ ខ្ញុំរីករាយ និងសង្ឃឹមថា កម្មវិធីការងារសមរម្យសម្រាប់ដំណាក់កាលទី ២ នេះ នឹងបន្តអនុវត្ត ហើយក៏មានយុវជនដ៏ច្រើននឹងទទួលផលពីគម្រោងនេះ»៕

website_news/2020040603.txt · Last modified: 2020/06/04 15:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki